បាត់ដំបងៈ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ដែលមានសក្តានុពលស្ដុកទឹករហូតដល់ទៅជាង ១៦៣លានម៉ែត្រគូប សម្រាប់ផ្គត់ផ្គង់ដីកសិកម្មជាង៣ម៉ឺនហិកតា នៅឃុំចំនួន១១ ក្នុងខេត្តបាត់ដំបង និងពោធិ៍សាត់ នឹងត្រូវ បញ្ចប់ការសាងសង់ នាខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ប្រើរយៈពេលសាងសង់ ៩០ខែ ដោយចាប់ផ្ដើមក្នុងខែមិថុនា ឆ្នាំ២០១៨ ក្រោម ហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ គម្រោងនេះ សម្រេចបានប្រមាណ ៩៧ភាគរយហើយ។

នៅពេលបញ្ចប់ការសាងសង់ គម្រោងនេះមានសក្តានុពលស្ដុកទឹកបានប្រមាណ ១៦៣,១លានម៉ែត្រគូប ដែលមានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មប្រមាណ ៣៣ ០០០ហិកតានៅរដូវវស្សា និងប្រមាណ ៤ ៥០០ហិកតានៅរដូវប្រាំង នៅក្នុងឃុំចំនួន ១១។ ក្នុងនោះ រួមមានឃុំ នៅក្នុងស្រុកស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភានេះ។

ក្រៅពីនេះ វាក៏នឹងរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។

ការងារសំខាន់ៗរបស់គម្រោងរួមមាន សំណង់ទំនប់មេប្រវែង ៦៥៤ម៉ែត្រ, សំណង់បង្ហៀរប្រវែង ៤១៤ម៉ែត្រ និងរូងទូនេលពង្វាងទឹករាងជាក្រចកជើងសេះប្រវែង ៤៦២ម៉ែត្រ។ បន្ថែមពីនេះមាន សំណង់គ្រប់គ្រងទឹកជាប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ ដែលមានទ្វារទឹកចំនួន៥ និងស្ពានសម្រាប់ឆ្លងទៅប៉មប្រវែង ៥៥ម៉ែត្រ, ផ្លូវក្រាលថ្មភ្នំប្រវែង ១៧,៣គីឡូម៉ែត្រ និងចុងក្រោយ គឺសំណង់ដោះទឹកចំនួន ៨កន្លែង និងស្ពានបណ្តោះអាសន្នចំនួន ៣កន្លែង។

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោកថោ ជេដ្ឋា ដែលអមដំណើរ ដោយថ្នាក់ដឹកនាំ និងមន្រ្តីច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភានេះ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ ក្នុងឱកាសនោះថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ប្រើប្រាស់វិធីសាស្រ្តថ្មីក្នុងការសាងសង់ ដូចជា ការជីករូងក្នុងភ្នំ ការជីកថ្ម និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម។

ក្នុងថ្ងៃដដែល លោករដ្ឋមន្ត្រី និងគណៈប្រតិភូក៏បានចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ស្ថិតក្នុងស្រុកសង្កែ  និងស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោមហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េនេះផងដែរ។ គម្រោងនេះបានចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៨ ក្នុងគោលបំណងដើម្បីស្ទាក់ថែរក្សាទឹកទុកនៅលើស្ទឹងសង្កែ ដែលជាដំណាក់កាលទី៣ផ្នែកខាងក្រោមស្ទឹងសង្កែ បន្ទាប់ពីនៅផ្នែកខាងលើមានអាងទឹកពហុបំណងសេកសក និងទំនប់កង្ហត មុននឹងធ្លាក់ចូលទៅបឹងទន្លេសាប។

គម្រោងនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១០ ៤០០ហិកតា និងស្រូវប្រាំងចំនួន ៤ ៧០០ហិកតា៕