ស្ថានភាព​វិស័យ​អាកាសចរណ៍​កម្ពុជា​បានបន្ត​​ភាព​វិជ្ជមាន​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​ក្នុង​រយៈ​ពេល ៤ ខែ​ដើម​ឆ្នាំ​ ២០២៥ នេះ មាន​ជើងហោះហើរចេញ-ចូល​(ទ្វេទិស)​ឆ្លងកាត់​ជាង ២,២ ម៉ឺនជើង ខណៈ​អ្នក​ដំណើរ​មាន​ចំនួន​ជាង ២,៥លាន​នាក់​។ នេះ​បើ​​តាម​​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍ស៊ីវិល​​(SSCA)​។

របាយការណ៍​វឌ្ឍនភាព​វិស័យ​ដឹក​ជញ្ជូនតាម​ផ្លូវ​អាកាស​របស់​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍ស៊ីវិល​កម្ពុជា ​ដែល​ភ្នំពេញប៉ុស្តិ៍​ទទួលបាន​នារសៀលថ្ងៃ​ទី​៨ ខែ​ឧសភា បង្ហាញ​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​មេសា ឆ្នាំ​២០២៥ ​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង ៣ នៅ​កម្ពុជា(អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សៀមរាប និង​​​​ខេត្តព្រះសីហនុ) បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​មាន​ជើងហោះហើរចេញ-ចូល(ទ្វេទិស)​សរុប ២២ ៦៨៦ជើង កើន​ឡើង ១៧​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២៤។ សម្រាប់​​​​អ្នក​ដំណើរ​ចេញ-ចូល(ទ្វេទិស) មាន​ចំនួន ២ ៥២៥ ២០៨នាក់ កើន​ឡើង​ ១៨​ភាគរយ និង​​ទំនិញ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ចេញ-ចូល(ទ្វេទិស) មាន​សរុប​ ២២ ៣៥០​​តោន កើន​ឡើង ៨ ភាគរយ​។​​

របាយការណ៍​ឱ្យ​ដឹង​ទៀត​ថា សម្រាប់​ខែ​មេសា ឆ្នាំ​២០២៥ គឺ​មាន​ជើងហោះហើរ(ទ្វេទិស) ៥ ២៥២ជើង កើន​ឡើង​ជិត ១២ ភាគរយ​បើ​ធៀប​ខែ​មេសា ឆ្នាំ​២០២៤, អ្នក​ដំណើរ​ចំនួន ៥៦៤ ៥៧៣​នាក់ កើន​​ជាង ១៥ ភាគរយ និង​ទំនិញ​ឆ្លងកាត់ ៥ ២០២តោន កើន​ជិត ៣ ភាគរយ​។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា ចរន្ត​នៃការ​ធ្វើ​ដំណើរ និង​ការ​​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាសនៅ​អាកាសយានដ្ឋាន​អន្តរ​ជាតិ​ទាំង ៣ របស់​កម្ពុជា​បាន​បន្ត​​វិជ្ជមាន​ជា​បន្ត​បន្ទាប់។ បច្ចុប្បន្ន​កម្ពុជា​មាន​ជើងហោះហើរអន្តរជាតិ​ទៅកាន់ ១២ ប្រទេស ដែល​ស្មើ​នឹង​គោលដៅ(រាជធានី/ទីក្រុង) សរុបចំនួន ៣៤ នៅក្នុងតំបន់ និងសកលលោក។ បច្ចុប្បន្នមានក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ចំនួន ៤ និង​អន្តរជាតិ​ចំនួន ២៨ ​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ប្រទេស​កម្ពុជា។

លោក​បាន​ថ្លែង​ថា៖«​ប្រទេសចំនួន៦ ​(Top 6 countries) ​ក្នុងចំណោមប្រទេស ១២ ដែលមានចំនួនជើងហោះហើរ និងចំនួនអ្នកដំណើរតាមផ្លូវអាកាសចេញ-ចូល​កម្ពុជាច្រើនជាងគេ គឺ​​ប្រទេសថៃ ចិន​​ វៀតណាម ​សិង្ហបុរី ម៉ាឡេស៊ី និងប្រទេស​កូរ៉េ»។

វិស័យ​អាកាសចរណ៍​កម្ពុជា ត្រូវ​បាន​រំពឹង​ថា​នឹង​បន្ត​វឌ្ឍនភាព​របស់​ខ្លួន​បន្ថែម​ទៀត ដោយ​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ខាង​មុខ អាកាស​យានដ្ឋាន​អន្តរជាតិតេជោ ដែល​ជា​អាកាសយានដ្ឋាន​លំដាប់ 4F គ្រោង​នឹងបើក​(មិន​ទាន់​ផ្លូវ​ការ​)ទទួល​ការ​ចុះចត​របស់​យន្តហោះនានា។ អាកាសយានដ្ឋាន​ថ្មី​នេះនឹង​ត្រូវ​ជំនួស​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

អាកាសយានដ្ឋានអន្តរជាតិខ្នាតធំ​លំដាប់ 4F នេះ​អាច​អនុញ្ញាត​ឱ្យ​​យន្ត​ហោះ​ប្រភេទ​ធុនធំៗ​ដូចជា Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ អាកាសយានដ្ឋាននេះរចនាឡើងជា​ ៣ ដំណាក់កាល ដោយ​​ដំណាក់កាល១ ពីឆ្នាំ២០២០ ដល់២០៣០ អាច​ទទួល​ភ្ញៀវ​បាន​ចំនួន ១៥ លាន​នាក់, ដំណាក់កាលទី ២ ឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ ​ទទួល​ភ្ញៀវ​បាន​ ៣០ លាន​នាក់ និងដំណាក់កាលពី ៣ ចាប់​ពីឆ្នាំ២០៥០ ​អាច​ទទួល​ភ្ញៀវបាន ៤៥ លាននាក់​។​

កាល​ពី​​ឆ្នាំ ២០២៤ អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង ៣ របស់​កម្ពុជា ទទួល​បាន​​​​ជើងហោះហើរចេញ-ចូល(ទ្វេទិស) សរុប ៥៨ ៣៥៤ កើន​ឡើង ១៤ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ​២០២៣ និង​​អ្នក​ដំណើរ​ឆ្លងកាត់ចេញ-ចូល(ទ្វេទិស) មាន​ចំនួន ៦ ២៤១ ៨៤២ នាក់ កើន​ឡើង​ ២២ ភាគរយ​។ ចំណែក​ទំនិញ​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ចេញ-ចូល(ទ្វេទិស) មាន​ចំនួន​ ៧៧ ៧៥២​តោន កើន​ឡើង ៤០ ភាគរយ​។ នេះ​បើ​តាម SSCA៕