
ភាពស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារ នៅតែជាកង្វល់សុខភាពដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ យោងតាមរបាយការណ៍អង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០១៤ ភាពស្លេកស្លាំងដោយសារកង្វះជាតិដែកធ្វើឱ្យកុមារអាយុក្រោម៥ឆ្នាំ ប្រឈមនូវផលប៉ះពាល់មួយចំនួនដូចជា ឧស្សាហ៍ឈឺ ខ្សោយបញ្ញា ការអភិវឌ្ឍខួរក្បាលយឺតយ៉ាវ ។ល។ កង្វះអាហារូបត្ថម្ភ ក៏នៅតែជាដើមហេតុមួយផ្សេងទៀត ដែលអាចធ្វើឲ្យអាត្រាកុមារដែលប្រឈមជំងឺទឹកនោមផ្អែម មានការកើនឡើងគួរឲ្យបារម្ភ។
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ ក្រុមហ៊ុន Danone កម្ពុជា បានរៀបចំយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចំណីអាហារតាមសាលារៀន ក្រោមប្រធានបទ «សុខភាពកុមារ និងជាតិដែក» ដែលបានប្រព្រឹត្តទៅនៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៥។
យុទ្ធនាការនេះធ្វើឡើងក្រោមអធិបតីភាពរបស់ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និង លោក Danish Rahman នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Danone ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្នុងគោលបំណងរួមគ្នាកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារ និងផ្សព្វផ្សាយអំពីការអនុវត្តសុវត្ថិភាពចំណីអាហារតាមសាលារៀននៅប្រទេសកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន មានប្រសាសន៍ថា៖ «កុមារជាធនធានមនុស្សដែលមិនអាចខ្វះបានសម្រាប់អភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ ចំណីអាហារល្អនាំមកនូវសុខភាពល្អ ដើម្បីសម្រេចបានលទ្ធផលសិក្សាល្អរបស់កុមារ។ ភាពជាដៃគូជាមួយ ក្រុមហ៊ុន Danone នឹងអាចធានាបាននូវសុវតិ្ថភាពចំណីអាហារ តាមរយៈការបង្កើតទម្លាប់បរិភោគអាហារដែលមានតុល្យភាព អាហារូបត្ថម្ភសមស្រប និងចៀសវាងភេសជ្ជៈផ្អែម ដើម្បីឱ្យពួកគេលូតលាស់ធំធាត់ និងក្លាយជាទំពាំងស្នងឬស្សីរបស់សង្គមជាតិ»។

ជាមួយគ្នានេះ លោក Danish Rahman បានលើកឡើងថា៖ «បេសកកម្មរបស់យើង គឺផ្តល់សុខភាពតាមរយៈអាហារទៅកាន់មនុស្សកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។ ដូចនេះហើយ ក្រុមហ៊ុន Danone កម្ពុជា គាំទ្រ និងបន្តកិច្ចសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការចូលរួមកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែក ដើម្បីធានាបានថា កុមារទទួលបានអ្វីដែលល្អបំផុត តាមរយៈការបង្កើនចំណេះដឹង ការត្រួតពិនិត្យភាពស្លេកស្លាំង និងការផ្តល់អាហារូបត្ថម្ភមានជាតិដែក និងវីតាមីនស៊ី ជាដំណោះស្រាយសុខភាព ដែលអាចជួយឲ្យកុមារលូតលាស់បានយ៉ាងពេញលេញ»។
យុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន នឹងផ្តល់ការអប់រំដល់គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សនុសិស្ស និងសាធារណជនអំពីការបង្កើតទម្លាប់បរិភោគអាហារប្រចាំថ្ងៃ ៣ក្រុម រួមមាន អាហារថាមពល អាហារសាងសង់ និងអាហារការពារ (តិចខ្លាញ់ តិចអំបិល តិចស្ករ)។
លើសពីនេះទៀត ការអប់រំក៏នឹងផ្ដោតទៅលើ អាហារូបត្ថម្ភមានជាតិដែក និងវីតាមីនស៊ី និងការចៀសវៀងភេសជ្ជៈផ្អែម។
យុទ្ធនាការអប់រំនេះនឹងត្រូវបានផ្សព្វផ្សាយ តាមរយៈសម្ភារៈអប់រំនៅតាមសាលារៀន វីដេអូអប់រំ សាធារណៈ និងការពង្រីកវិសាលភាពផ្សព្វផ្សាយ តាមរយៈអ្នកបង្កើតមាតិកាផ្សេងៗ។
ទាំងក្រសួង និង ក្រុមហ៊ុន Danone បានស្នើឲ្យសាធារណជនទាំងអស់ ចូលរួមយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀនទាំងអស់គ្នា៕
