កំពង់ស្ពឺៈ ក្រុមហ៊ុនបំពុលប្រភពទឹកសាធារណៈមួយផ្សេងទៀត ត្រូវបានក្រសួងបរិស្ថានរកឃើញ ដែលបានធ្វើចំនួនរោងចក្រ សហគ្រាស ដែលពាក់ព័ន្ធនឹងការបញ្ចេញសារធាតុរាវកខ្វក់នេះ កើនឡើងដល់ចំនួន២៩ចាប់តាំងពីឆ្នាំ២០២៤មក។

ក្រុមហ៊ុនកែច្នៃស្វាយ Zhongbao (Cambodia) Food Science & Technology Co., Ltd ស្ថិតក្នុងភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយ លោក ជូ មុនីដារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានរកឃើញថា បានបញ្ចេញសំណល់រាវបំពុលទឹកអូរចោត ក្នុងរយៈចម្ងាយប្រមាណ៧គីឡូម៉ែត្រ ចាប់ពីទីតាំងក្រុមហ៊ុន រហូតដល់ទំនប់អូរកូនត្រុំ។

ការចុះទៅពិនិត្យ និងរកឃើញការបំពុលចុងក្រោយនេះ គឺធ្វើឡើង នាថ្ងៃទី៧ ខែឧសភានេះ ទៅតាមការទទួលបានព័ត៌មានពីប្រជាពលរដ្ឋមូលដ្ឋាន។

អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋដែលរស់នៅក្រោមខ្សែទឹក នៅក្រោយទីតាំងក្រុមហ៊ុនបានបញ្ជាក់ថា៖« ក្រុមហ៊ុនបាន បង្ហូរសំណល់រាវ ប្រមាណ២ឆ្នាំមកហើយ ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ ដូចជាទឹកបង្កឱ្យមានអាការៈរមាស់ មានត្រីងាប់ និងមិនអាចប្រើប្រាស់ទឹក សម្រាប់ស្រោចស្រពដំណាំបានផងដែរ។ ប្រជាពលរដ្ឋ បានជីកស្រះ ឬទិញទឹកគេមកប្រើប្រាស់»។

ក្រសួងបានឱ្យដឹងថា តាមរយៈការវិភាគគុណភាពទឹកបឋមនៅទីតាំងផ្ទាល់ឃើញថា ប្រព័ន្ធអូរធម្មជាតិ ដែលរងការបំពុលនេះ មានកម្រិត pH និង DO ធ្លាក់ទាបខ្លាំង មិនអនុលោមកម្រិតកំណត់ស្តង់ដារ នៃការបញ្ចេញសំណល់រាវ និងអភិរក្សជីវៈចម្រុះនោះទេ។ ក្រុមការងារបានយកសំណាកទឹក ចំនួន៤ទីតាំង ទៅវិភាគនិងអនុវត្តនីតិវិធីច្បាប់បន្តទៀត។

ក្រុមហ៊ុនបានទទួលស្គាល់ថា ខ្លួនបានប្រព្រឹត្តខុសផ្ទុយនឹងច្បាប់ ដោយបានបំពុលអូរធម្មជាតិ ដូចដែលក្រុមការងារជំនាញបរិស្ថាន បានរកឃើញ និងសន្យាទទួលយក ការកែលម្អបច្ចេកទេស ឱ្យបានល្អប្រសើរ។

ក្រុមការងារបានអនុវត្តវិធានការច្បាប់ ដោយរោងចក្រត្រូវបញ្ឈប់ការបញ្ចេញ សំណល់រាវចេញពីសង្វាក់ផលិតកម្មជាបន្ទាន់ ដែលយោងតាមមាត្រា ២៩០ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ ក្នុងករណីនៅបន្ត ត្រូវបានដកហូតរាល់លិខិតអនុញ្ញាត ដែលចេញដោយក្រសួងបរិស្ថាន។

ក្រៅពីនេះ ក៏ត្រូវទទួលរងការពិន័យអន្ដរការណ៍យោងតាម មាត្រា១៥៩ មាត្រា១៦០ មាត្រា២៨៧ និងមាត្រា៨២៩ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ និងត្រូវផ្ដល់សំណងខូចខាត និងផលប៉ះពាល់បរិស្ថាននិងសុខភាពសាធារណៈ ទៅតាមការគណនារបស់ក្រុមការងារជំនាញ យោងតាមមាត្រា១៦២ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។

ក្រុមហ៊ុនក៏ត្រូវស្ដារបរិស្ថានឡើងវិញ ស្តារភក់ និងសំណល់រាវក្នុងអូរចោត ឱ្យបានល្អប្រសើរ ចៀសវាងបង្កការបំពុលជាបន្ដទៀតយោងតាមមាត្រា ៧២៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ហើយត្រូវដំណើរការអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលឆ្លើយតបនឹងស្ដង់ដារកំណត់ឱ្យបញ្ចេញ និងត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ យោងតាមមាត្រា ២៨៧ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។

បន្ថែមពីនោះ ក៏ត្រូវរៀបចំរោងសម្រាប់ស្ដុកសំណល់ភក់ និងត្រូវសហការជាមួយក្រុមហ៊ុន ដែលមានអាជ្ញាបណ្ណពីក្រសួងបរិស្ថាន ក្នុងការដឹកសំណល់ភក់ចេញពីទីតាំងក្រុមហ៊ុន និងត្រូវសហការជាមួយក្រុមហ៊ុន ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ស្ថិតក្នុងដែនសមត្ថកិច្ចដឹកជញ្ជូនសំណល់សំបក និងគ្រាប់ស្វាយ ចេញពីទីតាំងក្រុមហ៊ុន និងស្នើឱ្យមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ តាមដានការអនុវត្តការងារនេះ។

ការរៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថានរៀងរាល់៦ខែម្ដង និងស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ ពីក្រសួងបរិស្ថាននិង ត្រូវបង់មូលនិធិបរិស្ថាន និងសង្គម និងមូលនិធិទាយជ្ជទានបរិស្ថានឱ្យបានទៀងទាត់ ក៏ត្រូវបានណែនាំឱ្យក្រុមហ៊ុនធ្វើផងដែរ។

នៅមុននេះ ក្រសួងបរិស្ថាន បានរកឃើញរោងចក្រ និងក្រុមហ៊ុនចំនួន២៨ទីតាំង ដែលបានបង្ហូរទឹកកខ្វក់បំពុលតំបន់ទឹកសាធារណៈ ក្នុងរយៈពេលជាង១ឆ្នាំ ចាប់តាំងពីឆ្នាំ២០២៤មក។

រោងចក្រ និងក្រុមហ៊ុនទាំងអស់នោះរួមមាន នៅខេត្តព្រះសីហនុចំនួន៩ទីតាំង, រាជធានីភ្នំពេញ៥ទីតាំង, កណ្តាល៣ទីតាំង, កំពង់ស្ពឺ៣ទីតាំង, បាត់ដំបង៣ទីតាំង, ត្បូងឃ្មុំ ចំនួន៣ទីតាំង, ប៉ៃលិនចំនួន១ ទីតាំង និងកំពត១ទីតាំងផងដែរ។

លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែតនៅដើមសប្តាហ៍នេះបានបញ្ជាឱ្យបិទដំណើរការរោងចក្រ សហគ្រាសណា ដែលបំពុលប្រភពទឹកសាធារណៈរបស់ប្រជាពលរដ្ឋ ដោយគ្មានការលើកលែងនោះទេ ជាពិសេស គឺនៅក្នុងខេត្តដែលជាប់ទន្លេ និងសមុទ្រ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានឱ្យដឹងកាលពីខែមីនាកន្លងមកថា រោងចក្រជាង១០០នៅកម្ពុជា  គឺសុទ្ធតែមានលទ្ធភាពបញ្ចេញសារធាតុពុល៕