ភ្ញៀវ​​បរទេស​ជាង ១,៨​​លាន​នាក់​បាន​ចូល​មក​ប្រទេស​កម្ពុជា​នៅ​ក្នុង​ត្រីមាស​ទី​១ ​ឆ្នាំ​២០២៥ ​កើន​​ជាង ១៦​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៤ ខណៈ​អាជ្ញាធរ​ជាតិ​អប្សរា​ទើប​​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​សាកល្បងកម្ម​វិធី«​Visit Angkor»។

ទិន្នន័យ​ស្ថិតិ​ភ្ញៀវ​បរទេស​​ដែល​ផ្សព្វផ្សាយ​ដោយ​​ក្រសួង​ទេសចរណ៍ កាល​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា ឱ្យ​ដឹង​​ថា ចន្លោះ​ពី​ខែ​មករា ដល់​ខែ​មីនា ឆ្នាំ​២០២៥ មាន​ភ្ញៀវ​បរទេស​ចូល​មក​កម្ពុជា​​​សរុប​ ១,៨៤លាននាក់ កើន​ឡើង ១៦,១​ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៤។ ក្នុង​នោះ​ភ្ញៀវ​មក​ពី​ប្រទេស​ថៃ​មាន​ចំនួន​ច្រើន​ជាង​គេ គឺ ៥០១ ៦៦៦នាក់ កើនឡើង ១៩,៥​ភាគរយ, វៀតណាម ៣០៤ ៦៣៤នាក់ កើន ១,៨​ភាគរយ, ចិន ២៨៦ ១៥៦នាក់ កើន ៥០,៦​ភាគរយ និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​ដូច​ជា អាមេរិក ឡាវ កូរ៉េ បារាំង ចក្រភព​អង់គ្លេស ឥណ្ឌូនេស៊ី និង​ជប៉ុន ជាដើម។​

ក្រសួង​បាន​ឱ្យ​ដឹង​ទៀត​ថា សម្រាប់​ភ្ញៀវ​ទាំង​អស់​ខាង​លើ គឺ​មក​កម្ពុជា​តាម​រយៈ​ផ្លូវ​គោក ប្រមាណ ១,០១លាន​នាក់, ​ផ្លូវ​អាកាស ៧៨៩ ៣៨៤នាក់​ និង​​ផ្លូវ​ទឹក ៣២ ២០៣​នាក់​។

ក្នុង​គោលបំណង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប និង​លើក​តម្លៃ​រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិ​អប្សរា​ ទើបបាន​បង្កើត​​កម្ម​វិធី​មួយ​ដែល​មាន​ឈ្មោះថា «Visit Angkor» ដោយ​អ្នក​ប្រើ​ប្រាស់​អាច​ទាញ​យក​កម្ម​វិធី​នេះមក​ប្រើ​ប្រាស់​​តាម​រយៈ​ App StorePlay Store ឬតាម​រយៈ QR Code

សេចក្តី​ជូន​ដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា កាល​ពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០២៥ ឱ្យ​ដឹង​ថា កម្ម​វិធី«Visit Angkor» មាន​មុខងារ​សំខាន់ៗ​​ចំនួន ៣ រួម​មាន ១.មុខងារ​ប្រាសាទៈ ផ្តល់​ព័ត៌មាន​អំពី​ប្រវត្តិ​ប្រាសាទ ខ្សែទស្សនា ចំណុច​ទាក់​ទាញ​ក្នុង​ប្រាសាទ​នីមួយៗ​ ផែនទីប្រាសាទ និង​សម្បទា​ទេសចរណ៍​នានា​ដូចជា បន្ទប់ទឹក ចំណត និង​មជ្ឈមណ្ឌល​ផ្តល់​ព័ត៌មាន, ២.មុខងារ​ក្រៅ​ពី​ប្រាសាទ: ផ្តល់​ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ សារមន្ទីរ សហគមន៍​ទេសចរណ៍ និង​កន្លែង​កម្សាន្ត​ល្បីៗ​​ក្នុង​ខេត្ត​សៀមរាប, និង​ ៣.មុខងារ​ក្រមប្រតិបត្តិ: ផ្តល់​ព័ត៌មាន​អំពី​សកម្ម​ភាព​ដែល​គួរ​ចៀសវាង​នៅ​ពេល​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​។​

សេចក្តី​ជូន​ដំណឹងបាន​សរសេរ​​ទៀត​ថា៖​«​ក្រៅពីមុខងារសំខាន់ៗខាងលើ កម្មវិធីក៏នឹងមានជូនដំណឹងជាប្រចាំអំពីសកម្មភាពការងាររបស់អាជ្ញាធរជាតិអប្សរា ព្រឹត្តិការណ៍ប្រចាំឆ្នាំ មធ្យោបាយក្នុងការទំនាក់ទំនងទៅកាន់អាជ្ញាធរមានសមត្ថកិច្ចដែលអាចជួយសម្រួល និង​ជួយសង្គ្រោះក្នុងករណីភ្ញៀវមានបញ្ហាអំឡុងពេលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ ព្រមទាំងមានចំណុចចូលរួម​ផ្តល់ជាមតិយោបល់ ដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ញើសារជាសម្ងាត់មកកាន់ក្រុមការងារ​ក្នុងន័យផ្តល់ការកែលម្អ និងស្ថាបនាលើសកម្មភាពការងាររបស់អាជ្ញាធរជាតិអប្សរា​ដូចជា បញ្ហាអនាម័យ និងបរិស្ថានជាដើម»។​

ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​បង្ហាញ​ការ​ស្វាគមន៍​ចំពោះ​ការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​​កម្ម​វិធី«Visit Angkor» និង​បាន​ចាត់​ទុក​ថា​​នឹង​ជួយ​បង្ក​ភាព​ងាយ​ស្រួល​កាន់​តែ​ច្រើន​ទៅ​ដល់​ភ្ញៀវ​ទេសចរ ឬ​អ្នក​ចង់​ស្វែង​យល់​អំពី​ប្រាសាទ​បុរាណ​ក្នុង​ខេត្ត​សៀមរាប។ កម្ម​វិធី​តាម​ប្រព័ន្ធ​អនឡាញ ​មិន​ត្រឹម​តែ​ជួយ​ឱ្យ​អ្នក​មាន​តម្រូវ​ការ ​អាច​ធ្វើ​ការ​ស្វែរកព័ត៌មាន ឬ​បំពេញ​ឯកសារ​ពី​ចម្ងាយ​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​បាន​ច្រើន​ផងដែរ។

លោក​ប្រាប់​ទៀត​ថា ការ​ដាក់​ឱ្យ​ដំណើរ​ការ​កម្ម​វិធី​តាម​ប្រព័ន្ធ​អនឡាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា គឺ​មិន​មែន​ជាលើក​ទី​១ ​ទេ ដោយ​កន្លង​មក​ក៏​បាន​ដាក់​ឱ្យ​ដំណើរ​ការ​​ការ​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ផងដែរ។

លោក​បាន​​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖​«​ការ​បង្ក​ភាព​ងាយ​ស្រួល​ទៅ​ដល់​ភ្ញៀវ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​លើក​ទឹក​ចិត្ត និង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវ​ឱ្យ​មក​ទស្សនា​តំបន់​ប្រាសាទ​បុរាណ​ក្នុង​ខេត្ត​សៀមរាម​កាន់​តែ​ច្រើន»។​

ទិន្នន័យ​របស់​គ្រឹះស្ថាន​អង្គរ(Angkor Enterprise)​​ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​មេសា ឆ្នាំ​២០២៥ មាន​ភ្ញៀវ​ទេសចរបរទេស​ ៤៧៤ ៨១០​នាក់​​បានទិញសំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដែល​ជួយ​ឱ្យ​អង្គភាព​មួយ​នេះ​រក​ចំណូល​បាន​ប្រមាណ ២២,២លាន​ដុល្លារ កើន​ឡើង​ ១១,៥​ភាគរយ​បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៤៕​