
អភិបាលខេត្តពោធិ៍សាត់ (ឆ្វេង) អនុរដ្ឋលេខាធិការក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា និងតំណាងអង្គការFAO ដួសត្រីដ៏សម្បូរបែបនៅ កន្លែងអភិរក្សជលផលកំពង់ប្រាក់ កាលពីសប្តាហ៍មុន។ រូបថត ក្រសួងកសិម្ម/អង្គការFAO
ពោធិ៍សាត់ៈ កំពង់ប្រាក់ ជាកន្លែងអភិរក្សជលផលធំលំដាប់ទី៣ នៅបឹងទន្លេសាប ដែលកំពុងតែ ស្តុកត្រីចម្រុះប្រមាណជា៣០០តោន សម្រាប់បន្តពូជ ដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ ជាពិសេស គឺ ប្រភេទត្រីកំពុងរងគ្រោះ ដូចជាត្រីត្រសក់ និងត្រីគល់រាំងជាដើម។
កន្លែងអភិរក្សជលផលកំពង់ប្រាក់ ដែលមានទំហំ២ ៧០០ហិកតា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ គឺស្ថិតក្នុង ចំណោមកន្លែងអភិរក្សជលផលចំនួន៣១កន្លែង នៅលើបឹងទន្លេសាប ដែលមានផ្ទៃទំហំ ១ ១៥ ៤៤៦ហិកតា។
ប្រធាននាយកដ្ឋានអភិរក្សជលផល នៃរដ្ឋបាលជលផល លោកអ៊ុក វិបុល បានឱ្យដឹងថា តាមការវាយតម្លៃនៅកំពង់ប្រាក់នេះ មានផលស្តុកត្រីប្រមាណជា២៥០តោន កាលពីឆ្នាំ២០២៣ ហើយ២០២៤ មានប្រមាណ៣០០តោន ដែលមានការកើនឡើងប្រមាណជា៤០ ទៅ៥០តោន បើប្រៀបធៀបរយៈពេល២ឆ្នាំនេះ។
លោកវិបុលបានថ្លែងប្រាប់ក្រុមប្រតិភូសហភាពអឺរ៉ុប អង្គការFAO និងក្រុមអ្នកសារព័ត៌មាន នៅក្នុងដំណើរទស្សនកិច្ចការអនុវត្តវិធី CAPFISH-Capture ក្នុងខេត្តពោធិ៍សាត់កាលពីសប្តាហ៍មុនថា ការកើនឡើងនេះ គឺដោយសារតែការទប់ស្កាត់បទល្មើសនេសាទ ដែលមន្រ្តីខិតខំអនុវត្តការងារបានល្អ។ កន្លែអភិរក្សកំពង់ប្រាក់នេះ គឺត្រូវបានចាត់ទុកថា ជាកន្លែងអភិរក្សគំរូមួយ ក្នុងចំណោម២។ កន្លែងមួយទៀត គឺកន្លែងអភិរក្សជលផលលេខ០៦ ស្ថិតក្នុង ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង។

អភិបាលខេត្តពោធិ៍សាត់ (ឆ្វេង) អនុរដ្ឋលេខាធិការក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា និងតំណាងអង្គការFAO ដួសត្រីដ៏សម្បូរបែបនៅ កន្លែងអភិរក្សជលផលកំពង់ប្រាក់ កាលពីសប្តាហ៍មុន។ រូបថត ក្រសួងកសិម្ម/អង្គការFAO
លោកបញ្ជាក់ថា៖«ត្រីនៅទីនេះបានពងកូន ហើយចេញទៅក្រៅ ដែលបងប្អូនអាចចាប់បាន។ កន្លែងអភិរក្សកំពង់ប្រាក់នេះ ខ្ញុំសូមកោតសរសើរមែនទែន គឺត្រីសម្បូរច្រើនណាស់។ បើអូសអួនវិញ ទាញមិនចង់ចេញពីទឹកទេ។ ២ន្លែងហ្នឹង គឺកំពង់ប្រាក់ និងកោះក្អែក ជាកន្លែងអភិរក្ស ជាគំរូ។ ២ហ្នឹងគឺត្រីច្រើន»។
លោកបានលើកឡើងថា បើនិយាយពីការអភិរក្ស គឺមិននិយាយពីការនេសាទនោះទេ បើទោះជាការនេសាទជាលក្ខណៈគ្រួសារ ដោយប្រើប្រាស់ឧបករណ៍ខ្នាតតួចក៏ដោយ។ កន្លែងអភិរក្សបែបនេះ គឺទុកសម្រាប់ត្រីបន្តពូជ និងការសិក្សាស្រាវជ្រាវពីជលផលជាដើមប៉ុណ្ណោះ។
កន្លែងអភិរក្សជលផលកំពង់ប្រាក់ ជាអតីតកន្លែងអភិរក្សជលផលមួយក្នុងចំណោមអតីតកន្លែងអភិរក្សជល ផលទាំង៨នៅលើផ្ទៃបឹងទន្លេសាប។ វាជាជាកន្លែងអភិរក្សជលផល ដែលមានទំហំធំទី៣ បន្ទាប់ពីកន្លែងអភិ រក្សជលផលកំពង់ភ្លុក នៅខេត្តសៀមរាប និងកន្លែងអភិរក្សជលផលដីរនាត ក្នុងខេត្តពោធិ៍សាត់។
កន្លែងអភិរក្សជលផលកំពង់ប្រាក់មានទទឹង ៣ គីឡូម៉ែត្រ និងបណ្តោយ ៧គីឡូម៉ែត្រ ដែល លាតសន្ធឹងលើផ្ទៃទឹកជាប់ជាមួយភូមិចំនួន៣ ភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ភូមិអូរអាកល់ ឃុំអូរសណ្តាន់ និងភូមិកំពង់ប្រាក់ ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ នៅរដូវប្រាំងកន្លែងអភិរក្សជលផលនេះ មានជម្រៅទឹកជាមធ្យម ០,៨ម៉ែត្រ ទៅ ១,២០ម៉ែត្រ និងនៅរដូវវស្សា មានជម្រៅទឹកពី៩ម៉ែត្រ ១០ម៉ែត្រ គឺអាស្រ័យទៅតាមស្ថានភាពទឹកតូច ឬ ទឹកធំក្នុងឆ្នាំនីមួយៗ។

អនុរដ្ឋលេខាធិការក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា និងតំណាងអង្គការFAOដាក់ចំណី និងដួសត្រី នៅកន្លែងអភិរក្សជលផលកំពង់ប្រាក់ ក្នុងខេត្តពោធិ៍សាត់។ រូបថត រដ្ឋបាលជលផល
រដ្ឋបាលជលផលបានលើកឡើងថា៖«លក្ខណៈពិសេសនៃកន្លែងអភិរក្សជលផលកំពង់ប្រាក់ គឺសម្បូរទៅដោយប្រភេទត្រីដែលមាន តម្លៃសេដ្ឋកិច្ចខ្ពស់ដូចជា ត្រីកែស ត្រសក់ ប្រម៉ា ប្រា ក្លាំងហាយ ក្រាយ ឆ្នោក ច្រកែង ក្រពាត់ សណ្តាយ ពោ និងត្រីកញ្ចុះជាដើម។ លើសពីនេះក៏នៅមានត្រីត្រសក់ និងត្រីគល់រាំងដែលជាប្រភេទត្រីកំពុងរងគ្រោះ»។
លោកភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរបានឱ្យដឹងថា កំពង់ប្រាក់មានបង្គោលព្រំប្រទល់ចំនួន១៨កន្លែង និងមានកម្លាំងឈរជើងប្រចាំការជាប្រចាំ។ ក្នុងនោះរួមមាន មន្រ្តីជលផល អាវុធហត្ថ និងកងទ័ពជើងគោកយោធភូមិភាគ៥។
លោកបន្តថា នៅតំបន់នោះ មានដាក់ចម្រាស់សម្រាប់ឱ្យត្រីរស់នៅ។ លើសពីនោះ មានបង្គោលជ្រុង ដែលក៏ជា ជម្រកត្រី ដ៏មានសារៈសំខាន់។ ពេលមានបង្គោលជ្រុង ក៏មានស្លែ និងខ្ចៅ ដែលជាចំណីរបស់ត្រីផងដែរ។ កាន់តែពិសេសជាងនេះទៅទៀតនោះ បង្គោលជ្រុង ជាកន្លែងជ្រកកោនរបស់ត្រីតូចៗ ពីការចាប់ជាចំណីរបស់ត្រីធំៗ ហើយជាកន្លែងជ្រកកោនរបស់ត្រី នៅពេលមានខ្យល់ ឬរលកធំៗ។
លោកបានអះអាងថា៖«ជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលយប់ ទោះមានភ្លៀងខ្យល់ផ្គរ ក៏កម្លាំងរបស់យើងតែងតែចេញល្បាតជាប្រចាំ។ កម្លាំងយើងមាននៅឈរជើងតាមគោលដៅ។ ពេលយប់យើងមិនដែលខកខានទេ។ ពេលថ្ងៃយើងអាចប្រើដ្រូនបង្ហោះមើលក្នុងតំបន់បាន»។ ដ្រូននេះ គឺជាអំណោយរបស់អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា។ ការប្រើដ្រូននេះ គឺវាជួយកាត់បន្ថយការចំណាយច្រើន ទៅលើប្រេងចាក់កាណូត ដើម្បីល្បាត ហើយប្រើពេលតិចផងដែរ។

អភិបាលខេត្ត លោកខួយ រីដាក៏បានលើកឡើងប្រាប់ក្រុមប្រតិភូ ជាម្ចាស់គម្រោងថា កំពង់ប្រាក់នោះ គឺជាតំបន់អភិរក្ស ដែលសំខាន់ «ដែលជាបេះដូងរបស់ខេត្តពោធិ៍សាត់» បន្ទាប់ពី តំបន់លេខ៦ នៅកោះក្អែក។
លោកអភិបាលមានប្រសាសន៍ថា៖«ពេលដែលយើងការពារបាន តំបន់នេះកន្លែងណាក៏មានត្រីដែរ គឺជាត្រីមេពូជ។ យើងប៉ាន់ស្មានថា ក្នុងតំបន់នេះ មេពូជត្រី មានមិនក្រោម២០០តោនទេ។ មេពូជ២០០តោនហ្នឹង តើវាបង្កើតកូនបានប៉ុន្មាន? មេពូជត្រី១ក្បាល បង្កើតកូនអាចគុណ១០០, គុណនឹង១ពាន់ ឬ១ម៉ឺន»។
លោកបន្តថា មេពូជនៅទីនោះ មិនអាចថា ឱ្យបង្កកំណើតនៅទីនោះបានទាំងអស់នោះទេ។ ក្នុងពេលដែលទឹកឡើង ពួកវាចេញពីទីនោះ ទៅបង្កកំណើតនៅខាងក្រៅ ក្នុងព្រៃរនាម ដែលជាព្រៃលិចទឹកត្រូវបានអភិរក្ស ។
លោកបញ្ជាក់ថា៖«ការដាក់កងទ័ពជើងគោកយោធភូមិភាគ៥ប្រហែល១ពាន់នាក់ មកជួយអន្តរាគមន៍ គឺជាកំណែទម្រង់ ដើម្បីធ្វើឱ្យជីវៈចម្រុះនេះ មាននិរន្តភាព ហើយ កាន់តែសម្បូរ ដែលស៊ីមេទ្រីគ្នាជាមួយនឹងកំណើន របស់ប្រជាជនយើង។ បើប្រជាជនកើន ត្រីកាន់តែខ្សោយ យើងគិតថា មិនឆ្លើយតបទេ។ ការដាក់កម្លាំងជួយអន្តរាគមន៍របស់ប្រមុខរដ្ឋាភិបាលនេះ គឺពិតជាត្រឹមត្រូវបំផុត»។

លោកអះអាងថា ក្នុងតំបន់ ដែលមានប្រភេទត្រីចម្រុះនេះ បើសិនជាយកមងប្រវែង១០០ម៉ែត្រមកដាក់ នោះនឹងជាប់ត្រីមិនក្រោម១ទូកទេនោះទេ។
លោកវិបុលក៏បានលើកឡើងផងដែរថា ការបង្កើតស្នាក់ការនៅផ្ទៃទឹក នៅកំពង់ប្រាក់នេះ គឺជួយទប់ស្កាត់បទល្មើសទាន់ពេលវេលា ហើយការការទម្លាក់ប្រអប់បេតុង ក៏អាចជួយការពារត្រីបានផងដែរ។
លោកបានឱ្យដឹងថា កន្លែងអភិរក្សជលផលធំៗទាំង៣១ មានស្នាក់ការល្បាតចំនួន៤៣ ហើយក៏ត្រូវបានបោះបង្គោលកំណត់ព្រំរួចរាល់ហើយដែរ នៅចន្លោះឆ្នាំ២០១២ និងឆ្នាំ២០២៣ ដែលសរុបមាន ៤១០បង្គោល។ បង្គោលទាំងអស់ទទួលបានការជួយគាំទ្រថវិកាពីរាជរដ្ឋាភិបាល, សហភាពអឺរ៉ុប, អង្គការFAO និង ដៃគូរផ្សេងៗទៀត។
លោកថ្លែងថា៖«ព្រំប្រទល់នេះសំខាន់ណាស់ គឺសម្រាប់បង្ហាញពលរដ្ឋ ឱ្យដឹងថា កន្លែងណាពលរដ្ឋអាចនេសាទបាន និងមិនអាចរកបាន។ យើងដឹងស្រាប់ហើយ រដ្ឋាភិបាលបានគិតគូរពីនិរន្តរភាពសុវត្ថិភាពស្បៀង និងការអភិរក្សផងដែរ គឺត្រូវដើរទន្ទឹមគ្នា។ អ៊ីចឹងហើយយើងត្រូវមានកន្លែងអភិរក្សនេះ ដើម្បីធ្វើយ៉ាណាស្តុក ផលស្តុករបស់យើងឱ្យមាននិរន្តរភាព»។
កម្មវិធី CAPFISH-Capture ត្រូវបានផ្តល់មូលនិធិដោយសហភាពអឺរ៉ុប ហើយត្រូវបានអនុវត្តដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការFAO។

លោកស្រី Rebekah Bell តំណាងអង្គការFAO ប្រចាំកម្ពុជា បានលើកឡើងក្នុងឱកាសនោះថា លើវិស័យជលផល មានឯកសារដែលបានឯកភាព ដោយរដ្ឋសមាជិកទាំងអស់ ហើយអាទិភាពមួយក្នុងឯកសារនោះគឺថា ដើម្បីឱ្យការនេសាទមាននិរន្តរភាព ដែលវាត្រូវតែស្ថិតនៅក្រោមការគ្រប់គ្រង។
នៅពេលដែលជលផលស្ថិតក្រោមការគ្រប់គ្រង មានន័យថាជីវៈចម្រុះមាននិរន្តរភាព។ ដូចដែលលោកអភិបាលខេត្តបានលើកឡើងថា ពលរដ្ឋមិននេសាទទេ ក្នុងរដូវត្រីពងកូន និងពួកគេមិនបាននេសាទនៅតំបន់ដែលមានតម្លៃអភិរក្សខ្ពស់ ហើយបង្គោលកំណត់ព្រំប្រទល់ ក៏ត្រូវបានបោះផងដែរ។ នេះមានន័យណាស់ រដ្ឋាភិបាលកំពុងអនុវត្ត និងពង្រឹងច្បាប់ប្រឆាំងនឹងការនេសាទខុសច្បាប់។
លោកស្រីបានបន្តថា ការអនុវត្តផែនការគ្រប់គ្រងជលផលសហគមន៍របស់ពួកគេ និងការស្តារប្រព័ន្ធអេកូឡូស៊ី និងការគោរពជម្រកត្រី កិច្ចខិតខំប្រឹងប្រែងអភិរក្សការ ការកំណត់ព្រំ និងការអនុវត្ត ដែលត្រូវបានដឹកនាំដោយរដ្ឋាភិបាលខេត្ត ឬថាតើវាជាការស្រាវជ្រាវ ទិន្នន័យ គោលនយោបាយ ច្បាប់ និងទិដ្ឋភាពយុទ្ធសាស្ត្ររបស់រដ្ឋបាលជលផល និងក្រសួងកសិកម្ម ធាតុទាំងនេះ គឺចាំបាច់ដើម្បីនាំមកនូវផលនេសាទ ឱ្យស្ថិតក្រោមការគ្រប់គ្រង។
លោកស្រីបញ្ជាក់ថា៖«ហើយខ្ញុំគិតថា អ្វីដែលយើងបានឮនៅថ្ងៃនេះ ពីសហគមន៍ ទាំងពីឯកឧត្តមអភិបាល ពីរដ្ឋបាលជលផល គឺថាធាតុទាំងអស់នោះពិតជាដំណើរការល្អ ហើយយើងកំពុងចាប់ផ្តើមឃើញអត្ថប្រយោជន៍ នៃការនាំយកជលផលមកក្រោមការគ្រប់គ្រង»។

មន្រ្តីជលផល និងកម្លាំងយោធាចុះបង្រ្កាបបទល្មើសនេសាទ នាពេលកន្លងមក នៅតំបន់អភិរក្សជលផលកំពង់ប្រាក់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។ រូបថត រដ្ឋបាលជលផល
លោកបានថ្លែងទៅកាន់អ្នកចូលរួមទាំងអស់ នៅទីនោះថា អង្គការFAOទន្ទឹងរង់ចាំការបន្តភាពជាដៃគូរបច្ចេកទេស ជាមួយសហគមន៍ជាមួយ រដ្ឋបាលខេត្ត ជាមួយរដ្ឋបាលជលផលនិង ក្រសួងកសិកម្ម។ លើសពីនោះ ពួកគេក៏ទន្ទឹងរង់ចាំបន្តទំនាក់ទំនង ដែលពួកគេទុកចិត្តជាយូរមកហើយផងដែរ៕