បាត់ដំបង៖ មហោស្រព​សិល្បៈ​ទីក្រុងស្អាត​ កំពុង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ខេត្តបាត់ដំបង ដោយឆ្លុះ​បញ្ចាំង​ពី​គោលដៅ​​បេតិកភណ្ឌ​សិល្បៈ​ដ៏​សម្បូរបែប​។​

ជាមួយនឹង​​មហោស្រព​សិល្បៈលើកទី​៤ ​ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី៣ ដល់ទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខ​ លើស​ពី​ការ​តាំង​បង្ហាញស្នាដៃ​​​សិល្បៈ វា​គឺជា​ចលនា​វប្បធម៌​ដែលអាចផ្ដល់​​បទពិសោធន៍ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា​​។​

រៀបចំឡើង​ដោយ ហ្វារ​ពន្លឺ​សិល្បៈ សហការ​ជាមួយ​មូលនិធិ TUI Care មហោស្រព​នេះ​មាន​ការតាំង​បង្ហាញ​ផ្ទាំងគំនូរ​ខ្នាត​ធំ ការសម្ដែង​​ផ្ទាល់ ការតាំង​ពិ​ព័រណ៍​ សិក្ខាសាលា និង​ក្បួន​ដង្ហែរ​សិល្បៈ​ដ៏​ល្បីល្បាញ ឆ្លងកាត់​ទីប្រជុំជន​បេតិកភណ្ឌ​ខេត្តបាត់ដំបង​។​

ប្រធានបទ​ឆ្នាំនេះ «​វប្បធម៌​ចម្រុះ​ពណ៌​» ស្ថិត​បេសកកម្ម​​មហោស្រពឆ្នាំ​នេះ មាន​បំណង​​​ជំរុញ​ការស្រឡាញ់​​វប្បធម៌ និង​ការចូល​រួមពី​សិល្បករ​ខ្មែរ និង​អន្តរជាតិ​ដើម្បី​បង្កើត​ការសន្ទនា​ជា​សកល​តាមរយៈ​សិល្បៈ​។​

លោក Osman Khawaja នាយក​ប្រតិបត្តិ​នៃ​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ បាន​សង្កត់ធ្ងន់ថា មហោស្រព​នេះ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ប្រែក្លាយ​ទីធ្លា​សាធារណៈ​ទៅជា​វេទិកា​សម្រាប់​ការបញ្ចេញមតិ​វប្បធម៌​។​

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «​មហោស្រព​សិល្បៈ​ទីក្រុងស្អាត​ផ្តល់​សិទ្ធិអំណាច​ដល់​សិល្បករ​អាច​ប្រើ​ប្រាស់​​ក​ន្លែ​ង​សាធារណៈ និង​ប្រែក្លាយ​តំបន់​បេតិកភណ្ឌ​ទៅជា​ផ្ទាំង​ក្រណាត់​សម្រាប់​ការស្នាដៃ​​វប្បធម៌ ដែល​ក្លាយជា​ការទាក់ទាញភ្ញៀវ​​ជាតិ និង​អន្ដរជាតិ​»​។​

ការផ្លាស់ប្តូរ​នេះ​អាច​មើលឃើញ​នៅក្នុង​ផ្ទាំងគំនូរ​ដែលនឹង​ត្រូបាន​រៀបចំ​តាមគោលដៅ​ជាច្រើន​ក្នុង​​ទីក្រុង ដែល​មិន​ត្រឹមតែ​ធ្វើឱ្យ​ខេត្តបាត់ដំបង​មាន​ភាពស្រស់ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់នូវ​កន្លែង​ស័ក្តិសម​សម្រាប់ថតរូប​បង្ហោះ​លើ​ Instagram ដែល​ទាក់ទាញ​ចំនួន​អ្នកទស្សនា​កាន់តែ​ច្រើនឡើង​​។​

លើសពី​ផ្ទាំងគំនូរ មហោស្រព​នេះ​ផ្តល់ឱកាស​ឱ្យ​ទទួលបាន​បទពិសោធ​ន៍​ប្រទេស​កម្ពុជា​ពី​ទស្សនៈ​ថ្មី លើសពី​ប្រាសាទ និង​សោកនាគកម្ម​​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។​

លោក Khawaja បាន​ឱ្យ​ដឹង​ថា៖ «​​មហោស្រព​សិល្បៈ​ទីក្រុងស្អាត​ ផ្តល់ឱ្យ​អ្នកទស្សនា​នូវ​ឱកាស​ដើម្បី​ភ្ជាប់​ជាមួយនឹង​អត្តសញ្ញាណ​វប្បធម៌​ដែល​កំពុង​វិ​វត្ត​របស់​កម្ពុជា​។​ ​វា​បង្កើត​វេទិកា​សម្រាប់​ការសន្ទនា​ប្រកបដោយ​អត្ថន័យ កិច្ចសហការ និង​ការចែករំលែក​រឿងរ៉ាវ​ចម្រុះ ដែល​ធ្វើឱ្យ​វា​ក្លាយជា​បទពិសោធន៍​រួម​សម្រាប់​ទាំង​អ្នកស្រុក និង​អ្នកទេសចរ»។

ខេត្តបាត់ដំបង​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​បន្តដំណើរ​របស់ខ្លួន​ជា​មជ្ឈមណ្ឌល​វប្បធម៌ ​ប្រពៃណី និង​ភាពទំនើប ហើយ​ផ្តល់ជូន​នូវ​ទិសដៅ​បំផុសគំនិត​សម្រាប់​អ្នកធ្វើដំណើរ​ដែល​ស្វែងរក​បទពិសោធន៍​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ពិតប្រាកដ​នៅ​កម្ពុជា​៕

Photos: Diversified arts show turn Battambang into cultural hub. Supplied