ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវ​បាន​ប្រកាស​ជា​ស្រុកអស់​មីន​នៅ​ថ្ងៃ​ទី១០ ខែមិថុនា​នេះ ក្រោម​កិច្ច​ប្រឹងប្រែង​បោស​សម្អាត​មីន​ទទួល​បាន​ ការ​គាំទ្រ​ពី​ជំនួយរបស់រដ្ឋាភិបាលឥណ្ឌា។

លោក​ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន​ ថ្លែងអំណរគុណដល់​រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានផ្តល់ការគាំទ្រដល់កិច្ចការបោសសម្អាតមីននៅក្នុងខេត្តកោះកុង ក្នុងការរួមចំណែកផ្តល់នូវដីសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោក​ថ្លែង​ថា កិច្ច​គាំត្រ​នេះ​ «បានបង្ហាញអំពីការបោះជំហានទៅមុខបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសកម្ពុជា និងឥណ្ឌា ក្នុងការរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការបោសសម្អាតមីន»។

លោក​បន្ត​ថា កិច្ចការបោសសម្អាតមីន គឺជាការងារដ៏មានសារៈសំខាន់ និងមានការយកចិត្តទុកដាក់ខ្ពស់លោក​​នាយករដ្ឋមន្រ្តី ហ៊ុន​​​ ម៉ាណែត​ ក្នុងការធានាឱ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវសុខសុវត្ថិភាពក្នុងប្រើប្រាស់ដី សុខសន្តិភាព និងរួចផុតពីគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដូចជា​កា​ករណី​ខេត្ត​កោះ​កុង​នេះ​ជាសក្ខីភាពជាក់ស្តែង។

បើ​តាម​លោក លី ធុជ កម្ពុជាត្រូវការពេលវេលា និងធនធានជាច្រើនបន្ថែមទៀតក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ ជាពិសេសត្រូវការការគាំទ្រពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ រួមទាំងប្រទេសឥណ្ឌា ក្នុងការសម្រេចបាននូវចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ឯក​អគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា លោក Vanlalvawna Bawitlung ថ្លែង​ក្នុង​ពិធី​នេះ​ថា លោក​មានមោទនភាពដែលប្រទេសឥណ្ឌាបានរួម​ចំណែកចំពោះសមិទ្ធផលទាំងនោះ រហូតដល់ប្រកាសស្រុកចំនួន​២ក្នុងខេត្តកោះកុង ជាស្រុកអស់មីន ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌា។ ស្រុក​ទី១ ដែល​ត្រូវ​បាន​ប្រកាស​ថា​អស់​មីន គឺ​ស្រុក​បុទុម​សាគរ ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ចុង​ខែ​មេសា។

លោក​និយាយ​ថា កិច្ចការបោសសម្អាតមីន មិនត្រឹមតែលប់បំបាត់ការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ប៉ុណ្ណោះទេ វាថែមទាំងបង្កើននូវសុខសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរបស់មនុស្ស។

លោក​បញ្ជាក់​ថា៖ «រដ្ឋាភិបាលឥណ្ឌា នឹងបន្តគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការដល់កិច្ចខិតប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងការងារបោសសម្អាតមីន និងកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះដទៃទៀត រហូតដល់ប្រទេសកម្ពុជា សម្រេចនូវគោលដៅជាប្រទេសគ្មានមីន»៕