
លោក លោក ស៊ុន មេសា (ឆ្វេង) និងលោក ហ៊ីង ស៊ីដេត ថ្លែងក្នុងសន្និសីទសារព័តមាន ថ្ងៃទី១០ មិថុនា។ សហការី
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានពាក្យស្នើសុំចូលរៀនលើជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួនជាង១២ម៉ឺននាក់ ក្នុងរយៈពេល៥០០ថ្ងៃ ដែលរួមចំណែកដល់ការបង្កើនកម្លាំងពលកម្មស្រុក។
នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ នាព្រឹកថ្ងៃទី១០ ខែមិថុនា លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:បានឱ្យដឹងថា កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស វិជ្ជាជីវៈសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៣ មកទល់ពេលនេះមានរយៈពេល៥០០ថ្ងៃហើយ។
លោកថា ក្នុងរយៈពេលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានពាក្យស្នើសុំចូលរៀន លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួនជាង១២ម៉ឺននាក់ ហើយអ្នកដែលកំពុង សិក្សារៀនសូត្រ និងបញ្ចប់ការសិក្សាមានរហូតដល់ជាង៧ម៉ឺននាក់ ដោយទទួលបានប្រាក់ខែសមរម្យ។
លោកបន្ថែមថា វិស័យដែលប្រជាពលរដ្ឋចាប់អារម្មណ៍មានដូចជា វិស័យកម្មន្តសាល (រោងចក្រផលិត ឬរោងចក្រកែច្នៃ) មេកានិក ធុរកិច្ច ព័ត៌មានវិទ្យា សេវាកម្ម ទេសចរណ៍ កសិកម្ម សំណង់ និងថាមពលអគ្គីសនី ដែលសុទ្ធសឹងជាវិស័យអាទិភាព និងជាចលករក្នុងការជម្រុញកំណើន សេដ្ឋកិច្ចកម្ពុជា។
ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាទិវារបស់ប្រជាជនកម្ពុជាទាំងមូល ហើយក្នុងឆ្នាំ២០២៥នេះ គឺជាលើកទី៨ដែលរាជរដ្ឋាភិបាលប្រារព្ធធ្វើឡើង ដែលមានរយៈពេល ២ថ្ងៃ គឺ ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់ យុវជន» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ក្រៅពីនេះក៏មានរៀបចំនៅតាមបណ្តាខេត្តទូទាំងប្រទេសផងដែរ ដោយរំពឹងថានឹងមានអ្នកចូលរួមប្រមាណ ៧ម៉ឺននាក់។ នេះជាការលើកឡើងរបស់លោក ស៊ុន មេសា។
លោកបន្តថា៖ «ការរៀបចំទិវាជាតិអប់រំ គឺជាការលើកកម្ពស់ និងឱ្យតម្លៃនៃការបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈអប់រំ បង្ហាញសារៈសំខាន់ទៅដល់ប្រជាពលរដ្ឋ យុវសិស្ស វិស័យឯកជន និងភាគីពាក់ព័ន្ធទាំងអស់ឱ្យបានយល់ដឹងពីការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈអប់រំនៅក្នុង ប្រទេសកម្ពុជា និងក្នុងគោលដៅដ៏សំខាន់មួយទៀត រដ្ឋាភិបាលចង់កសាងកម្លាំងជំនាញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស»។
លោក ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏បានលើកឡើងផងដែរថា ស្របពេលបច្ចេកវិទ្យាកាន់តែរីកចំរើន ជំនាញ TVET ពិតជាដើរតួនាទីយ៉ាង សំខាន់ណាស់។ ដូច្នេះហើយរាជរដ្ឋាភិបាលបានខិតខំធ្វើយ៉ាងណាបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានចំណេះជំនាញ TVET នេះកាន់តែច្រើន និងរៀបចំនូវទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផងដែរ។
គួរបញ្ជាក់ថា នៅក្នុងថ្ងៃទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នឹងមានការតាំងបង្ហាញ ស្នាដៃរបស់សិស្ស-និស្សិត ចំនួន ១២៨ ដូចជាដ្រូន ម៉ាស៊ីនឆុងកាហ្វេស្វ័យប្រវត្តិ និងមានស្តង់ពិពរណ៍ចំនួន ២០៥ ដោយមានការចូលរួមពីក្រសួង ស្ថាបន័ និងវិស័យឯកជនចំនួន ១៣១៕