ភ្នំពេញ​៖ រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ ​កាលពី​ថ្ងៃ​ទី១០ ខែ​មិថុនា ដោយ​ចេញ​​បទ​បញ្ជា​​ឱ្យ​អភិបាល​ខេត្ដតាម​បណ្ដោយ​​ព្រំដែន​ប្រទេសថៃទាំងអស់​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ត្រៀម​អន្ដរាគមន៍​ជួយ​ដល់​ប្រជាជន​ក្នុង​ករណី​សភាពការណ៍​តាម​ព្រំដែន​កាន់តែ​តានតឹង​។

លោក ស សុខា​ បាន​ឱ្យ​ដឹងថា​ ក្រោយពី​ព្រឹ​ត្ត​ការណ៍​នា​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២៥ ដែល​កម្លាំងយោធា​ថៃ​បានចូល​បើក​ការបាញ់ប្រហារ​មកលើ​លេណដ្ឋាន​កងទ័ព​កម្ពុជា បណ្តាលឱ្យ​ទាហាន​ខ្មែរ​ម្នាក់​ពលី​ជីវិត​​ ​ក្នុងភូមិ​តេ​ជោ​មរកត ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ក្រសួងមហាផ្ទៃ បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​ពិនិត្យឃើញថា ​សភាពការណ៍​នៅតាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា​-​ថៃ​បាន​វិ​វត្ត​ប្រែប្រួល​កាន់តែ​ស្មុគស្មាញ ពិបាក​ប៉ាន់ស្មាន និង​មាន​ភាពផុយស្រួយ ដែល​អាចឈាន​ដល់​ការប្រឈមមុខ​ដាក់គ្នា​ផ្នែក​កម្លាំងប្រដាប់អាវុធ​។

នៅក្នុង​សេចក្ដីថ្លែងការណ៍ លោករដ្ឋមន្ដ្រី​មហាផ្ទៃ បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​នៃ​ការឆ្លើយតប ​និង​គ្រប់គ្រង សភាពការណ៍​តានតឹង​នាពេល​បច្ចុប្បន្នដើម្បី​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី និង​សណ្តាប់ធ្នាប់​សាធារណៈ​របស់​កម្ពុជា ក៏ដូចជា​ធានា​សុវត្ថិភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​។​

ពង្រឹង​ការ​ល្បាត​តាម​បណ្ដោយ​ព្រំដែន​៖

លោក ស សុខា បាន​ឱ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍ថា​៖ «អភិបាលខេត្ដ​ត្រូវធ្វើ​ការណែនាំ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ដែល​ឈរជើង​នៅតាម​បណ្តោយព្រំដែន​ឱ្យ​បន្ត​តាមដាន ទប់ស្កាត់​ឱ្យបាន​ទាន់ពេលវេលា និង​កត់ត្រា​ឱ្យបាន​ច្បាស់លាស់​នូវ សកម្មភាព​ឯកតោភាគី​របស់​ថៃ ដែលនាំឱ្យ​ប្រែប្រួល​បរិស្ថាន​តំបន់​ព្រំដែន បំពាន​មាត្រា​៥ នៃ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ចុះ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០០០ ស្តីពី​ការវាស់វែង​និង ខណ្ឌ​ព្រំសីមា​ព្រំដែន​គោក»​។

រក្សា​ទំនាក់ទំនង​សន្ដិភាព​

លោក​បានបន្ដថា ខេត្ដ​នៅតាម​បណ្ដោយ​ត្រូវធ្វើ​ការណែនាំ​ដល់​កងកម្លាំង ​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់​រក្សា​ទំនាក់ទំនង​ជាមួយ​កងកម្លាំង​នៃ​ភាគី​ថៃ​ ក្នុងការ​ដោះស្រាយ​បញ្ហា​នានា ដោយ​សន្តិវិធី​និង​ការអត់ធ្មត់ ខ្ពស់បំផុត​។ ហើយ​បន្ដ​នីតិវិធី​ទៅកាន់​ថ្នាក់​ជាតិ​ ក្នុងករណី​ហួសដែន​សមត្ថកិច្ច។

ពង្រឹង​ការ​គ្រប់គ្រង​ស្ថានភាព​តាមព្រំដែន​

រដ្ឋបាល​ខេត្ដ​​ត្រូវ​សម្របសម្រួល និង​ពិភាក្សា​ជាមួយ​អាជ្ញាធរខេត្ត​និង​កងកម្លាំង​មាន​សមត្ថកិច្ច​ថៃ​នៅ​ក្នុងការ​គ្រប់គ្រង​ការចេញចូល​ឆ្លងកាត់​ព្រំដែន​តាម​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែនផ្លូវការ តាម​ស្ថានភាព​ជាក់ស្តែង​របស់​ខេត្ត​នីមួយៗ និង​យកចិត្តទុកដាក់​តាមដាន​ស្ថាន​ការណ៍​វិ​វត្ត​តាម​ច្រកទ្វារព្រំដែន​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។

រដ្ឋបាល​ខេត្ដ​ត្រូវ​ណែនាំ​ដល់រដ្ឋបាល​ក្រុង ស្រុក និង​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​ទប់ស្កាត់ និង​ហាម​ដាច់ខាត​មិនឱ្យ មានការ​ចេញចូល​ឆ្លងកាត់​ព្រំដែន​តាម​ច្រករបៀង​ ឬ​ច្រកទ្វារ​ពុំ​ផ្លូវការ ដោយ​ត្រូវមាន​វិធានការ​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​ចំពោះ​អ្នក​ល្មើស​។

ការពារ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​ថៃ

សេចក្ដីថ្លែងការណ៍របស់លោក​រដ្ឋមន្ដ្រី​ ស សុខា បាន​បញ្ជាក់ថា​៖ «​[អភិបាល​ខេត្ដ​] ត្រូវខិតខំ​ការពារ​នូវ​ផលប្រយោជន៍​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុងធ្វើការ រកស៊ី និង​រស់នៅក្នុង​ទឹកដី​ថៃ ព្រមទាំង​ត្រៀម​វិធានការ​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​កំពុង​នៅ​ប្រទេស​ថៃ ឱ្យ​វិល​ចូលក្នុង​ប្រទេស​វិញ​ក្នុងករណី​មានការ​ប៉ះទង្គិច​គ្នា​ដោយ​កម្លាំង​ប្រដាប់​វុ​ធ នៅតាម​ខ្សែបន្ទាត់​ព្រំដែន​»។

លោកបន្ដថា ទន្ទឹមនេះ ​រដ្ឋបាល​ខេត្ដ​​អប់រំ​ណែនាំ និង​ផ្សព្វផ្សាយ​​ដល់​​ប្រជាពលរដ្ឋ​កុំឱ្យ​ឆ្លងដែន​ចូលទៅ​ប្រទេស​ថៃ​ជា​បណ្តោះអាសន្ន ប្រសិនបើ​មិនចាំបាច់​ រួមទាំង​ការ​​ត្រៀម​វិធានការ​សម្រាប់​ឆ្លើយតប​ និង​គ្រប់គ្រង​ស្ថានភាព​អាសន្ន​ដែល​អាច​កើតឡើង​ជាយថាហេតុ និង​ផ្តល់​កិច្ចសហការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​កងយោធពល​ខេមរភូមិន្ទ និង នគរបាលជាតិ​។

ត្រៀម​ខ្លួន​ទបទល់​គ្រោះ​អាសន្ន​ និង​ជម្លៀស​ប្រជាជន​ក្នុង​ទ្រង់ទ្រាយ​ធំ​

ក្រសួង​មហាផ្ទៃ​បាន​សង្កត់ធ្ងន់លើ​សុខសុវត្ថិភាពរបស់​ប្រជាជន​តាម​ព្រំដែន​ ដោយ​ត្រៀម​វិធានការ​​បម្រុង​ទុក​រួច​ជាមុន​នូវ​ផែនការ​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​ចូល​មក​ក្នុងប្រទេស​វិញ និង​អ្នករស់នៅ​តំបន់​ព្រំដែន ក្នុងករណី​មានការ​ប៉ះទង្គិច​គ្នា​ដោយ​កម្លាំង ប្រដាប់អាវុធ​ដែល​អាច​កើតឡើង​ជាយថាហេតុ ឬ​មាន​ការបិទ​ច្រកទ្វារព្រំដែន ក្នុងនោះ​ត្រូវ រៀបចំ​ទីជម្រក​សុវត្ថិភាព​បណ្តោះអាសន្ន មធ្យោបាយ​ដឹកជញ្ជូន ជំនួយ​សង្គ្រោះ ស្បៀងអាហារ ថ្នាំសង្កូវ ទឹកស្អាត អគ្គិសនី​ជាដើម​​។

យាមកាម និងរាយការណ៍​២៤​ម៉ោង​លើ​២៤​ម៉ោង​

លោក ស សុខា បានបន្ដ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា៖​«អភិបាល​ខេត្ដ​តាម​បណ្ដោយ​ព្រំដែន​ថៃ​ត្រូវ​បែងចែក​វេន​ជូន​ថ្នាក់ដឹកនាំមន្ត្រី និង​កងកម្លាំង​មាន​សមត្ថកិច្ច​នៃ​រដ្ឋបាល​ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់ ឱ្យ​ប្រចាំការ ២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​តាមដាន រាយការណ៍ និង​គ្រប់គ្រង​សភាពការណ៍​ព្រំដែន​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ឱ្យបាន​ជាប់​ជាប្រចាំ​»។

ផ្សព្វផ្សាយ និង​ទប់​ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​

សេចក្ដីថ្លែងការណ៍ បាន​លើកឡើងថា រដ្ឋបាល​ខេត្ដ​​ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​ព័ត៌មាន​ច្បាស់​ការណ៍​ជូន​ប្រជាពលរដ្ឋ ច្រានចោល​ព័ត៌មាន​មិនពិត ជាពិសេស​ត្រូវ​ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់​ចំពោះ​ការឃោសនា​ដែលមាន​លក្ខណៈ ញុះញង់ បំបាក់ទឹកចិត្ត​កងទ័ព​និង​នគរបាល​ការពារ​ព្រំដែន បញ្ឆេះ​កំហឹង​និង​អរិភាព​រវាង ប្រជាជាតិ​ទាំងពីរ ដែល​បើកដៃ​ឱ្យ​ក្រុម​ជ្រុលនិយម​បំភ្លៃ​សាធារណមតិ និង​បំផ្លិចបំផ្លាញ កិច្ចខិតខំ​របស់​រាជ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ក្នុងការ​ដោះស្រាយ​បញ្ហា​ព្រំដែន​និង អធិបតេយ្យ​ដ៏​មាន​សារៈសំខាន់​នេះ​។

គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​រវាង​រដ្ឋបាល​មូលដ្ឋាន​ជាមួយ​ភាគីថៃ​

ក្រសួង​មហាផ្ទៃ​បាន​សង្កាត់ធ្ងន់ថា ត្រូវបាន​ហាមឃាត់​រដ្ឋបាលខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់ មិនឱ្យ​ចុះហត្ថលេខា​លើ​កំណត់​-​ហេតុ ឬ​ឯកសារ​នានា​ជាមួយ​ភាគី​ថៃ រហូតដល់​មានការ​ណែនាំ​ជាថ្មី​ពី​ក្រសួងមហាផ្ទៃ​។

គួរបញ្ជាក់ថា នាពេល​ថ្មីៗ​នេះ ភាគី​ថៃ​បាន​បិទ ឬ​ផ្លាស់ប្តូរ​ពេល វេលា​ចេញចូល​ឆ្លងកាត់​ព្រំដែន​នៅតាម​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​មួយចំនួន​ជា​ឯកតោភាគី ដោយ​មិនបាន​ជូនដំណឹង​ផ្លូវការ​ជាមុន​មក​ភាគី​កម្ពុជា ដូច​មានចែង​ក្នុង​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ ស្តីពី​ការឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ចុះ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៥​។

ស្ថានការណ៍​នេះ អាច​បង្ក​ផលប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព អាយុជីវិត និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ព្រមទាំង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ទំនាក់ទំនង​រវាង​ខេត្ត​និង​ខេត្ត​ជាប់​ព្រំដែន ​ការធ្វើដំណើរ​ចេញ​-​ចូល​ឆ្លងកាត់​ព្រំដែន ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដែល​តម្រូវឱ្យ​ដាក់ចេញ​វិធានការ​ចាំបាច់ បុ​រេ​សកម្ម បត់បែន និង​ឆាប់រហ័ស ដើម្បី​ការពារ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​៕