ភ្នំពេញៈ អនុប្រធានការិយាល័យភូមិបាលខណ្ឌសែនសុខ ឈ្មោះថន វណ្ណារ៉ា អាយុ៥៥ឆ្នាំ ត្រូវបានចោទ​​​​ប្រកា​ន់​ពីបទ បើកបរក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យស្លាប់អ្នកដទៃ និងរត់គេចខ្លួន​ ពីន្លែងកើតហេតុ ស្ថិត​​ក្នុង​ខណ្ឌ​សែនសុខកាលពីចុងសប្តាហ៍មុន។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងនាថ្ងៃព្រហស្បតិ៍ទី១២ ខែមិថុនានេះថា ក្រោយ​ពីឃាត់ខ្លួន​បញ្ជូ​ន​​​ទៅ​តុ​លាការ ​និងត្រូវបានធ្វើការសាកសួរពិនិត្យផ្ទៀតផ្ទាត់ភស្តុតាងនៅក្នុងសំណុំរឿងរួចមក ​តំណាង​អយ្យ​ការ​បានសម្រេចធ្វើការ ចោទប្រកាន់លើឈ្មោះ ថន វណ្ណារ៉ា ពីបទ បើកបរក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ ចរា​ចរ​ណ៍​បណ្តាល​ឱ្យ​ស្លាប់អ្នកដទៃ និងរត់គេចខ្លួន តាមមាត្រា ៨៥ កថាខណ្ឌទី១ និងកថាខណ្ឌទី២ ចំណុច ខ និងចំណុច ឃ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបញ្ជូនសំណុំរឿងនេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បី​ចាត់​ការ​បន្ត​តាម​​នីតិវិធីច្បាប់​។

ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើង កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២៣ និង ៤០នាទី នៅ​លើប​ណ្តោយផ្លូវលេខ១០១៩ ប្រសព្វផ្លូវលេខ ៥៨P ស្ថិតក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

អ្នកនាំពាក្យបានបញ្ជាក់ថា៖«គ្រោះ​ថ្នាក់​នេះបានបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក រថយន្ត​ឡង់​គ្រីស័រ​(LANDCRUISER) ពាក់ផ្លាក​លេខ រដ្ឋ 17-2-0304 ដែលបើក​បរ​ដោ​យឈ្មោះ ថន វណ្ណារ៉ា ដែល​ជាអនុប្រធាន​ការិយា​ល័យ​ភូមិបាលខណ្ឌសែនសុខ ក្នុងស្ថាន​ភាពស្រវឹង ដែលមានកម្រិតជាតិអាល់កុល១,០៨ mg/L»។

រថយន្តបានបត់ឆ្វេងឆ្លងផ្លូវ ដោយមិនគោរពសិទ្ធិយានផ្លូវត្រង់ ដែលបណ្តាលឱ្យម៉ូតូមួយគ្រឿងម៉ាក HONDA CLICK ផ្លាកលេខ ភ្នំពេញ 1LK-2885 បើកមកបុកចំទ្វារ រថយន្តខាងមុខផ្នែកខាងស្តាំ បណ្តាលឱ្យជនរងគ្រោះឈ្មោះ ពៅ អេ​ណា ភេទស្រី ដែលជាអ្នកបើកបរម៉ូតូស្លាប់ បាត់បង់ជីវិតនៅកន្លែងកើតហេតុ។ រីឯម្នាក់ទៀតឈ្មោះ ប៉ែន លីន ភេទស្រី ជាអ្នករួមដំណើរស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយពីបើកបរស្រវឹងបង្កគ្រោះថ្នាក់ចរចរណ៍នេះមក ឈ្មោះថន វណ្ណារ៉ាបានព្យាយាមបើករថយន្តរត់គេច​ពីក​ន្លែង​កើត​ហេតុ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន។

ក្នុងត្រីមាសទី១ឆ្នាំ២០២៥នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតមាន៥៤៣លើក ដែលបាន​បណ្តាល​ឱ្យមា​ន​អ្នក​ស្លា​ប់​ចំនួ​ន​៣​៤៨នាក់។ មូលហេតុបណ្តាលឱ្យមានគ្រោះថ្នាក់នេះ រួមមានការបើកបរលើសល្បឿនកំណត់៥១ ភាគរយ ហើយ​ការ​បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងមានចំនួន៥ភាគរយផងដែរ៕