មុន​ពេល​​ភាគី​ទាំង​ពីរ​អង្គុយ​ទល់​មុខ​គ្នា​ដើម្បី​ជជែក​រឿង​ព្រំដែន​នៅ​ថ្ងៃ​ទី១៤​ មិថុនា​នេះ​ ភាគី​កម្ពុជា​បាន​បញ្ជាក់​ច្បាស់​ថា កម្ពុជា​នឹង​យក​ករណី​ជម្លោះ​ព្រំដែន​ ៤​ចំណុច​ទៅ​តុលាការ​យុត្តិធម៌ ICJ ខណៈ​ដែល​ភាគី​ថៃ​បញ្ជាក់​ជំហរ​ចង់​ចរចា​ជា​លក្ខណៈ​ទ្វេរ​ភាគី​ដែល​មាន​ស្រាប់។

ជំហរ​របស់​កម្ពុជា​ត្រូវ​បាន​បង្ហាញ​ច្បាស់​តាម​រយៈការ​បង្កើត​គណៈកម្មការ​រៀបចំ​ពាក្យ​បណ្ដឹង​ទៅ​ ICJ សម្រាប់​​ចំណុច​ប្រាសាទ​តាមាន់​ធំ ប្រាសាទ​តាមាន់​តូច ប្រាសាទ​តាក្របី និង​តំបន់​មុំ​បី។ ជំហរ​នេះ​​ក៏​ត្រូវ​បាន​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​លើក​ឡើង​ប្រាប់​ទៅ​ប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង នៅ​ថ្ងៃ​ទី១០ មិថុនា ក្នុង​ពេល​លោក​ចូលរួម​ក្នុង​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្តី​ពី​មហា​សមុទ្រ​លើក​ទី៣ (UNOC3) នៅ​ប្រទេស​បារាំង។​

លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ថ្លែង​ថា លោក​ ហ៊ុន ម៉ាណែត បាន​ប្រាប់​ទៅ​លោក ម៉ាក្រុង ថា កម្ពុជា​នៅ​តែ​មាន​ជំហរ​បន្ត​កិច្ច​សហប្រតិបត្តិការ​សន្តិភាព​ជាមួយ​ថ្ងៃ ប៉ុន្តែ រឿង​ ៤​ចំណុច​ខាង​លើ គឺ​កម្ពុជា​ច្បាស់​ណាស់​នឹង​ដាក់​ទៅ​ ICJ។

លោក ហ្សង់ហ្វ្រង់ស័រ៖ «កម្ពុជា​​ច្បាស់​ណាស់​នឹង​យក​បញ្ហា​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់​តូច ប្រាសាទ​តាក្របី និង​តំបន់​មុំ​បី ទៅតុលាការ​យុត្តិធម៌​អន្តរជាតិ ICJ។ នេះ​ជា​ការ​ពិត​ប្រកែក​មិន​បាន គឺ​បាន​សម្រេច​រួច​ហើយ ហើយ​កំពុង​តែ​ដំណើរ​ការ។ គោលដៅ​គឺ​រក​ឲ្យ​ឃើញ​ដោយ​សន្តិវិធី​ ឲ្យ​បាន​ឆាប់ ឲ្យ​បាន​ចប់​ជា​ស្ថាពរ ដំណោះ​ស្រាយ​បញ្ហា​ព្រំដែន​នៅ​ក្នុង​តំបន់​ដែល​ខ្ញុំ​លើក​ឡើង​ខាង​លើ​នេះ ឲ្យ​ដាច់​ស្រេច​ជា​ស្ថាពរ»។

លោក​ពន្យល់​ថា កម្ពុជា​មិន​ចង់​ទុក​បញ្ហា​ច្រំដែល​ទាំងនេះ​ឲ្យ​នៅ​បន្ត​វែង​ឆ្ងាយ​ទៅ​មុខ​ដែល​អាច​បង្ក​ឲ្យ​កើត​មាន​ព្រឹត្តិការណ៍​​ផ្ទុះ​អាវុធ​ជា​ថ្មី​ទេ។ លោក​បញ្ជាក់​ថា ក្រៅ​ពី​តំបន់​នេះ កម្ពុជា​នៅ​បន្ត​សហការ​ជាមួយ​ថៃទ្វេភាគី​ដើម្បី​វាស់​វែង​បោះ​បង្គោល​ព្រំដែន។

បើ​តាម​លោក ហ្សង់ហ្វ្រង់ស័រ ប្រធានាធិបតី​បារាំង​ បាន​ស្ដាប់​ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត ហើយ​ថា បារាំង​អាច​ជួយ​សម្រប​សម្រួល​ ដូចជា​ផ្ដល់​ផែនទី​សម្រាប់​ប្រទេស​ទាំង​ពីរ។

ចំណែក​ភាគី​ថៃ បាន​បង្ហាញ​ជំហរ​ចំនួន ៣ ចំណុច ដើម្បី​យក​មក​ចរចា​ជាមួយ​ភាគី​កម្ពុជា។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ ​Maris Sangiampongsa បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី១១ មិថុនា​ថា ​ចំណុច​ទាំង​ ៣ ​នោះ​​រួម​មាន​ស្ថានភាព​ធូរស្រាល​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​ផ្នែក​យោធា​នៅ​តាម​ព្រំដែន, ប្រតិភូ​ថៃ​ត្រូវ​ធានា​ថា​ការ​ចរចា​​មាន​ភាព​ច្បាស់​លាស់​ជាង​មុន និង ត្រូវ​បញ្ជាក់​ថា ថៃ​មិន​ទទួល​យក​យុត្តាធិការ​របស់​ ICJ។

តើ​កម្ពុជា​ត្រូវ​មាន​ជំហរ​បែប​ណា?

លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិក​គណបក្ស​កែ​ទម្រង់​កម្ពុជា យល់​ឃើញ​ថា ការ​ដែល​កម្ពុជា​នាំ​យក​បញ្ហា​ព្រំដែន​ទៅ ICJ ធ្វើ​ឲ្យ​ថៃ​ចាញ់​ប្រៀប​កម្ពុជា ដូច្នេះ​ហើយ​បាន​ជា​ថៃ​នៅ​តែ​ទាមទារ​រក​ការ​ចរចា​ទ្វេភាគី។

លោក​ថា៖ «ទឹកដី​នេះ​ជា​ទឹកដី​របស់​កម្ពុជា ហើយ​ខ្លួន​មក​បំពាន​ ម៉្លោះ​ហើយ តាម​ផ្លូវ​ច្បាប់​គឺ​ចាញ់​ប្រៀប​កម្ពុជា​ហើយ ហើយ​បើ​កម្ពុជា​ប្ដឹង​ទៅ​តុលាការ​ ICJ ទោះ​ថៃ​យល់​ព្រម​ឬ​មិន​យល់​ព្រម វា​ជា​រឿង​របស់​គេ។ បើ​គេ​ទៅ​ហើយ​ចាញ់​ក្ដី​កម្ពុជា គេ​នឹង​អាម៉ាស់ ម៉្លោះ​ហើយ​ការ​បដិសេធ​នេះ​ជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​រក្សា​មុខ​មាត់​របស់​គេ»។

លោក​យល់​ថា ការ​ចរចា​ទ្វេភាគី ​អាច​ធ្វើ​ឲ្យ​ថៃ​អាច​មាន​យុទ្ធសាស្ត្រ​ច្រើន ដែល​អាច​ឲ្យ​គេ​ចំណេញ។​ ប្រសិន​បើ​ភាគី​មិន​អាច​រក​ដំណោះ​ស្រាយ​បាន​ទេ លោក​ប្រមើល​មើល​ថា អាច​នឹង​មាន​ការ​ប្រឈម​មុខ​ប្រដាប់​អាវុធ​ដាក់​គ្នា​កាន់​តែ​ខ្លាំង។

លោក​ អ៊ូ ច័ន្ទរ័ត្ន៖ «កម្ពុជា​ត្រូវ​តែ​ពង្រឹង​ស្មារតី​ខ្លួន​ឯង ដោយ​មិន​អាច​ទន់​ជ្រាយ​បាន​ទេ ទាំង​ផ្លូវ​ច្បាប់ ទាំង​ផ្លូវ​ផ្សេងៗ។ ខ្ញុំ​មិន​គាំទ្រ​ទេ​សង្គ្រាម ប៉ុន្តែ​បើ​ចៀស​មិន​រួច​ទេ ត្រូវ​តែ​ប្រើ​កម្លាំង​ ព្រោះ​ជា​បូរណភាព​ជាតិ»។

លោក​បន្ត​ថា ការ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​គឺ​ធ្វើ​ឲ្យ​កម្ពុជា​កាន់​តែ​មាន​ភាព​ជា​ម្ចាស់​ទៅ​លើ​តំបន់​ទាំង​នោះ ហើយ​បើ​ឈ្នះ​ក្ដី​ទៀត​នោះ​ កម្ពុជា​មាន​សិទ្ធិ​ប្រើ​កម្លាំង​ដើម្បី​ការពារ​ទ្រព្យ​សម្បត្តិ​និង​បូរណភាព​ទឹកដី​របស់​ខ្លួន ក្នុង​នាម​ជា​ម្ចាស់​ដែល​មាន​សិទ្ធិ​ការពារ​ទឹកដី​របស់​ខ្លួន​ស្រប​ច្បាប់។

លោក យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភា​កម្ពុជា ថ្លែង​ថា ICJ គឺ​ស្ថាប័ន​ស្ថិត​នៅ​ក្រោម​អំណាច​របស់​អង្គការ​សហប្រជាជាតិ​ ដែល​ដំណើរ​ការ​ក្រោម​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។ ថៃ​និង​កម្ពុជា សុទ្ធតែ​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ​ដែល​ត្រូវ​គោរព​តាម​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ។​ ការ​មិន​ទទួល​យក​យុត្តាធិការ​របស់​ ICJ ស្មើ​នឹង​មិន​ទទួល​ស្គាល់​ច្បាប់​ទាំង​ឡាយ​របស់​អង្គការ​សហប្រជាជាតិ។

លោក យង់ ពៅ ថ្លែង​ថា ទោះបី​ថៃ​ធ្លាប់​បាន​ប្រកាស​មិន​ទទួល​យក​យុត្តាធិការ​របស់​ ICJ រឿង​ប្រាសាទ​ព្រះវិហារ​ក៏​ដោយ ​ក៏​កាល​ពី​ឆ្នាំ​១៩៦២ ​មេដឹកនាំ​ថៃ​បាន​ទទួល​ស្គាល់​ ហើយ​ធ្វើ​ឲ្យ​ថៃ​មាន​ភាព​អាម៉ាស់​នៅ​ពេល​នោះ។ លោក​បន្ត​ថា ថៃ​ទទួល​បាន​ភាព​អាម៉ាស់​ម្ដង​ទៅ​នៅ​ឆ្នាំ​២០១៣ នៅ​ពេល​ ICJ បក​ស្រាយ​សាកល​ក្រម​រឿង​ប្រាសាទ​ព្រះ​វិហារ​ហើយ​កម្ពុជា​បាន​ឈ្នះ​ជា​ថ្មី។

ហេតុ​ដូច្នេះ​ហើយ លោក​បន្ត​ថា ទោះបី​ថៃ​ប្រកាស​យ៉ាង​ណា​ក៏ដោយ ក៏​ថៃ​ត្រូវ​តែ​ទទួល​យក​យុត្តាធិការ​របស់​ ICJ ចំពោះ​ករណី​ដែល​កម្ពុជា​នឹង​ប្ដឹង។

លោក​ថ្លែង​ថា៖ «យើង​នឹង​ដឹង​ថា រឿង​នឹង​កាន់​តែ​ក្ដៅ​នៅ​ពេល​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី១៤ ខែ​មិថុនា​នេះ មិន​មាន​លទ្ធផល​សម​នឹង​បំណង​របស់​ថៃ។ ថៃ​នឹង​បង្កើន​សភាព​ការ​ក្ដៅ​គគុក​នៅ​ព្រំដែន និង​បញ្ហា​ផ្សេងៗ​ទៀត»។

នៅ​ក្រោយ​សាលក្រម​ ICJ ថៃ​នឹង​ជួប​សម្ពាធ​ផ្នែក​សីលធម៌​ក្រោម​ច្បាប់​អន្តរជាតិ មុខមាត់​ផ្នែក​ការទូត​ និង​ការ​ដាក់​សម្ពាធ​ពី​ក្រុម​ប្រឹក្សា​អង្គការ​សហប្រជាជាតិ​ដែល​បង្ខំ​ឲ្យ​រដ្ឋ​សមាជិក​គោរព​សេចក្ដី​សម្រេច​និង​ច្បាប់​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​រក្សា​និយាម និង​សណ្ដាប់​ធ្នាប់​សកល៕