
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត។ រូបថត SHS
ភ្នំពេញ៖ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជាកំពុងតែកាន់អំណាច លោក ហ៊ុន សែន ថ្លែងទៅកាន់រាជរដ្ឋាភិបាលកម្ពុជាម្តងទៀត ជុំវិញការសម្រេចចិត្តជាឯកតោភាគីរបស់ប្រទេសថៃនាពេលថ្មីៗនេះ ក្នុងការបិទ-បើកច្រកព្រំដែនរបស់ខ្លួនជាមួយកម្ពុជា។
ក្នុងបណ្តាញសង្គមនាព្រឹកថ្ងៃទី១៣ ខែមិថុនានេះ លោក ហ៊ុន សែន បានលើកឡើងពីការឆ្លើយតបរបស់រាជរដ្ឋាភិបាលប្រសិនបើថៃរក្សាការបិទព្រំដែនជាឯកតោភាគី។
លោកបានអំពាវនាវឱ្យមានការអនុវត្តវិធានការម៉ឺងម៉ាត់ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមនៃសេចក្តីសម្រេចមកលើកម្ពុជា។
លោកបានថ្លែងថា៖ «យប់មិញ ញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ»។
១. ផ្អាកការនាំចូល៖ ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។
២. ស្វែងរកទីផ្សារថ្មីសម្រាប់ការនាំចេញកសិផលកម្ពុជា៖ ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។
៣. បង្វែរគោលដៅការព្យាបាលជំងឺ៖ បង្វែរអ្នកជំងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។
៤. បង្កើតឱកាសការងារដល់ពលករ៖ ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបម៉ឺនកន្លែង។ បងប្អូនពលករអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។
៥. ត្រៀមខ្លួនការពារទឹកដី៖ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន។
៦. ត្រៀមជម្លៀកប្រជាជនទៅកាន់តំបន់សុវត្ថិភាព៖ បណ្តាខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្តិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យ និងសំភារៈចាំបាច់ផ្សេងទៀត។
ប្រធានព្រឹទ្ធសភា បានថ្លែងថា៖ «បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញ យើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ»។
លោកបានអំពាវនាវដល់ប្រជាជនខ្មែរកុំធ្វើអំពើជ្រុលនិយម ដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អ។
មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជាមួយកម្ពុជា ព្រោះជាទម្លាប់រដ្ឋាភិបាលថៃ មិនអាចគ្រប់គ្រងកងទ័ពបានដូចកម្ពុជានោះទេ។
គួរបញ្ជាក់ថា ឆ្នាំ២០២៤ កម្ពុជានាំចេញទៅថៃជាង ១,១ពាន់លានដុល្លារអាម៉េរិក ឯថៃនាំចូលមកកម្ពុជាច្រើនជាង ៤,១ពាន់លានដុល្លារអាម៉េរិក។
ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ មានទំហំទឹកប្រាក់១.៨ពាន់លានដុល្លារ កើនឡើង៨.៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនដែលមានទំហំ១.៧ពាន់លានដុល្លារ។
ចំពោះបញ្ហាបិទព្រំដែន ឬផ្អាកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្រមាននៅថ្ងៃអង្គារទី១០ ខែមិថុនានេះថា វិធានការបិទព្រំដែនកម្ពុជា-ថៃ អាចប៉ះពាល់ពាណិជ្ជកម្មតាមព្រំដែនរបស់ប្រទេស២ ដែលមានតម្លៃ ១៧០ ពាន់លានបាត ឬប្រមាណ ៥ពាន់២រយលានដុល្លារ៕