ភ្នំពេញៈ  មនុស្សមួយគ្រួសារមានគ្នា៤នាក់បានស្លាប់នៅក្នុងគ្រោះអគ្គិសភ័យឆេះមួយ ស្ថិតនៅលើផ្លូវបេតុង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោងជាង៥ ទៀបភ្លឺ ថ្ងៃសុក្រ ទី១៣ ខែមិថុនានេះ។

ការិយាល័យបង្ការពន្លត់អគ្គិសភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ផ្ទះកើតហេតុអគ្គិសភ័យនោះ គឺជាផ្ទះជួសជុលម៉ាស៊ីនត្រជាក់របស់ជនរងគ្រោះផ្ទាល់។ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ដែលបណ្តាលឱ្យមនុស្សចំនួន៤នាក់ស្លាប់។

នាយការិយាល័យបង្ការពន្លត់អគ្គិសភ័យ និងសង្រ្គោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉នបានបញ្ជាក់ថា៖«ដោយ​សារតែទីតាំងកើតហេតុនេះ គឺជាទីតាំងជួសជុលម៉ាស៊ីនត្រជាក់ និងបានដាក់សម្ភារពេញច្រកចេញចូលមុខផ្ទះ ដែលជាហេតុធ្វើឱ្យម្ចាស់ផ្ទះពិបាក​ក្នុងការរត់ចេញមកក្រៅទាន់ពេលវេលា»។

លោកបានឱ្យដឹងថា ជនរងគ្រោះទាំង៤នាក់នោះ គឺមានឪពុកម្តាយ និងកូនស្រី២នាក់។ ក្នុងនោះឪពុក ឈ្មោះហេង សុវណ្ណខយ អាយុ៣៨ឆ្នាំង ម្តាយឈ្មោះប៊ុត ពុធ អាយុ៣២ឆ្នាំ កូនស្រីទី១ឈ្មោះឃឿងខយ បុត្រី អាយុ១០ឆ្នាំ និងកូនស្រីទី២ឈ្មោះ ឃឿងខយ សុវណ្ណម៉ី អាយុ៩ខែ។ ទោះយ៉ាងណា លោកមិនបានចាំតួលេខពីគ្រោះអគ្គិសភ័យ ដែលបានកើតឡើងក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៥នេះនោះទេ។

លោកព្រហ្ម យ៉ន បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា ដើម្បីកុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅក្បែរនោះ។

នៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង។ ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញចំនួន៥គ្រឿង ប្រើប្រាស់ទឹក អស់៤ឡាន, ស្មើនឹង២២ម៉ែត្រគូប និងរថយន្តជំនួយមកពីកងពលតូចលេខ៧០ ចំនួន៦គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើ នឹង៨ ម៉ែត្រគូប។

អគ្គិភ័យនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៦និង៥នាទី។

ផ្ទះកើតហេតុ គឺប្រភេទសំណង់ សង់ឡើងពីថ្មខាងក្រោម និងខាងលើប្រក់ស័ង្កសី ទំហំ ៥ម៉ែត្រ គុយ ២០ម៉ែត្រ ដែល បានឆេះខូចខាតអស់ទាំងស្រុង ប៉ុន្តែអគ្គិសភ័យនេះ មិនបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។

លោកព្រហ្ម យ៉ន ក៏បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលជាអ្នកប្រកបរបររកស៊ីទាំងអស់ ត្រូវតែធ្វើយ៉ាងណា កុំដាក់សម្ភារពេញច្រកចេញចូលមុខផ្ទះ និងត្រូវមានទ្វារក្រោយសម្រាប់ការរត់គេចចេញ នៅពេលមានហេតុការណ៍ចាំបាច់ណាមួយកើតឡើង៕