បាត់ដំបងៈ មន្រ្តីជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានបង្រ្កាបត្រីក្លាសេ និងត្រីខូចគុណភាពប្រមាណជាង១០តោន ដែលនាំចូលពីប្រទេសថៃ ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ។

ការបង្រ្កាបនេះ ធ្វើឡើងនៅ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្រី ស្ថិត នៅ ឃុំតាក្រី ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដោយមន្រ្តីការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគបាលខេត្ត ដែលដឹកនាំដោយលោកវរសេនីយ៍​ឯកយី យក់សាន នាយការិយាល័យ។

ស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងនាថ្ងៃសុក្រ ទី១៣ ខែមិថុនានេះថា សមត្ថកិច្ចបានធ្វើការឃាត់ឆែកឆេររថយន្តចំនួន៤គ្រឿង ហើយបានរកឃើញប្រភេទត្រីប្រា សរុបចំនួន ១០តោន និង៥៥គីឡូក្រាម។ ក្នុងនោះក៏មានត្រីប្រាខូចគុណភាពចំនួន១តោន ពោះត្រីប្រា ១៥​០គីឡូក្រាម ពងត្រីកាបចំនួន ៥០០គីឡូក្រាម និងត្រីឆ្កោរចំនួន ៥០គីឡូក្រាមជាដើម។

បើតាមលិខិតអនុញ្ញាតរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ គឺឱ្យនាំចូលតែប្រភេទត្រីទីឡាព្យា ត្រីពោ និងត្រីកាបតែប៉ុណ្ណោះ ពីប្រទេសថៃ។

រថយន្តដឹកជញ្ជូនទាំង៤នេះ ដឹកនាំដោយស្រ្តីជាអាជីវករឈ្មោះ លី មុត អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។ ស្រ្តីរូបនេះបានប្រើប្រាស់លិខិតអនុញ្ញាតរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ដែលអនុញ្ញាតឱ្យស្រ្តីឈ្មោះ NEANG SOVANNARY អាយុ៤៤ឆ្នាំ មានទីលំនៅ ផ្ទះលេខ១៧បុរីជីបម៉ុង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបានអនុញ្ញាតឱ្យ ដឹកជញ្ជូនផលិ​តផលជលផល ដូចជាត្រីទីឡាព្យា ត្រីពោ និងត្រីកាបតែ​ប៉ុណ្ណោះ។

ក្រោយពីបាននាំយកទៅកាន់ស្នងការដ្ឋានធ្វើការសាកសួររួចមក និងស្របតាមការណែនាំរបស់លោកកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត  សមត្ថកិច្ចបានបញ្ជូនវត្ថុតាងទាំងនេះ ទៅកាន់ផ្នែកជំនាញជលផល ក្នុងខេត្តបាត់ដំបង ដើម្បីបន្តនីតិវិធី។

ដោយឡែកត្រី​ប្រា ដែលខូច គុណភាពចំនួន១តោន ត្រូវបានប្រគល់ជូន មន្រ្តីសាខា នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប)ខេត្តបាត់ដំបង ដើម្បីធ្វើការដុត និងកប់ចោល។

ក.ប.ប កាលពីថ្ងៃសៅរ៍ ទី៧ ខែមិថុនាសប្តាហ៍មុនបានឱ្យដឹងថា មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តតាកែវ បានចូលរួមសហការជាមួយកំលាំងកងរាជអាវុធហត្ថខេត្តតាកែវ បានធ្វើការត្រួតពិនិត្យបង្គាស្រស់ ដែលបានដឹកដោយរថយន្តកូរ៉េ ចំនួន ១៣០កេស ស្មើនឹង ១តោន និង៣០០គីឡូក្រាម ។

ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញមានបង្កាចាក់ចាហួយចំនួន ៣៧កេស ស្មើនឹង ៣៧០គីឡូក្រាម និងបានធ្វើកំណត់ហេតុដកហូត ដើម្បីដុតកម្ទេចចោលផងដែរ៕