
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហួត ហាក់ និងមន្ត្រីរាជការ ព្រមទាំងមហាគ្រួសារវិស័យទេសចរណ៍ បានចុះសំណេះសំណាលសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានកងអង្គរក្ស (ទួល៩៥) ដែលកំពុងឈរជើងនៅជួរមុខតាមបណ្តោយព្រំដែន។
លោកនិងក្រុមការងារបាននាំនូវគ្រឿងឧបភោគបរិភោគទៅឧបត្ថម្ភដល់កងទ័ពដែលកំពុងការពាររាល់គ្រប់ការឈ្លានពានទាំងឡាយ ក្នុងបុព្វហេតុការពារដែនអធិបតេយ្យភាពជាតិ ការពារជាតិ សាសនា និងព្រះមហាក្សត្រ។ នេះបើតាមក្រសួងទេសចរណ៍។
ការចុះសួរសុខទុក្ខកងទ័ពនេះធ្វើឡើងស្របតាមអនុសាសន៍របស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត «ក្នុងស្មារតីស្នេហាជាតិ ឯកភាពជាតិ ការរួមគ្នាសាមគ្គីភាពជាធ្លុងមួយ ឱ្យក្លាយជាខឿនការពារជាតិដ៏រឹងមាំ បង្ហាញថា កងទ័ពការពារនៅជួរមុខ ចំណែកប្រជាជនជាអ្នកនៅពីក្រោយផ្ដល់ការលើកទឹកចិត្តដ៏រឹងមាំជូនកងទ័ព»។

ទីបញ្ជាការដ្ឋានអង្គរក្ស ទួល៩៥ ស្ថិតនៅទិសព្រះវិហារ ក្នុងភូមិធម្មជាតិសម្ដេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ទីបញ្ជាការដ្ឋានអង្គរក្សដឹកនាំដោយនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងនាយទាហានប្រមាណ ៥០០នាក់។
លោក ហួត ហាក់ និងអ្នកចូលរួមនៃក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ ស្ថាប័នរដ្ឋ និងវិស័យឯកជន បាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ ជាច្រើន ដើម្បីប្រគល់ជូនកងកម្លាំងនៃបញ្ជាការដ្ឋានកងអង្គរក្ស ដូចជាអង្ករចំនួន១តោន និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត៕
