កិច្ច​ប្រជុំ​គណៈកម្មការ​​ព្រំដែន​ចម្រុះ​ កម្ពុជា​-ថៃ​ (JBC)​លេីក​ទី​៦​ ចាប់​ផ្ដើម​នៅ​ម៉ោង​ ១១​ និង​ ៤៥នាទី​​ ថ្ងៃ​ទី​១៤​ មិថុនា​ នៅ​រាជធានី​ភ្នំពេញ​។

កិច្ចប្រជុំ​នេះ​តាម​ពិត​កំណត់​ធ្វើ​ឡើង​នៅ​ម៉ោង​ ១០ ប៉ុន្តែ​ត្រូវ​បាន​ពន្យារបន្តិច​ ដោយ​សារ​ភាគី​ទាំងពីរ​ជួប​ប្រជុំ​ចង្អៀត​មួយ​។

នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ ភាគី​កម្ពុជា​ដឹកនាំ​ដោយ​ លោក​ ឡាំ​ ជា​ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន​ ចំណែក​ភាគី​ថៃ​ ដឹក​នាំ​ដោយ​លោក​ ប្រាសាត​ ប្រាសាត​វិនិឆៃ​ អតីត​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា​កាលពី​ឆ្នាំ​២០០៩​ បច្ចុប្បន្ន​ជា​ទីប្រឹក្សា​កិច្ចការ​ព្រំដែន​នៃ​ក្រសួង​ការបរទេស​ថៃ​។

កិច្ចប្រជុំ​នេះ​ បាន​ខកខានអស់​​ ​១២ឆ្នាំ​មក​ហើយ​។ បញ្ហា​ព្រំដែន​ពាក់ព័ន្ធ​ប្រាសាទ​តាមាន់​តូច​ តាមាន់​ធំ​ តា​ក្របី​ និង​ ចំណុច​មុំ​បី​ មិន​មាន​ក្នុង​របៀប​វារៈទេ​ ​ហើយ​​រឿង​បិទ​ព្រំដែន​ដោយ​ភាគី​ថៃ​ ក៏​មិន​ស្ថិត​នៅ​លេី​តុ​ប្រជុំ​ដែរ​។

គិត​ត្រឹម​ថ្ងៃ​ត្រង់​នេះ​ មិន​ទាន់​មាន​លទ្ធផល​អ្វី​នៅ​ឡើយទេ​ ខណៈ​ដែល​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​នេះ​ បេី​គ្មាន​អ្វី​ប្រែប្រួល​ទេ​ នឹង​បន្ត​រហូត​ដល់​ម៉ោង​ ៧យប់។

កិច្ចប្រជុំ​ JBC ធ្វើ​​ឡើង​ស្រប​ពេលបញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​កំពុង​មាន​ភាព​តានតឹង​ ដូចជា​ការ​បិទ​ព្រំដែន​ដោយ​ភាគី​ថៃ​ជា​ឯកតោ​ភាគី​ និង​ការ​ពិចារណា​កាត់​ផ្ដាច់​អគ្គិសនី​ពី​ភាគី​ថៃ​ ដែល​ទាំង​នេះ​មាន​ឡើង​បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ នៅ​ថ្ងៃទី​២៨​ ​ឧសភា ឆ្នាំ២០២៥។

កម្ពុជា​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាម​នានា​របស់​​ជន​ជ្រុល​និយម​ថៃ​គាំទ្រ​ដោយ​យោធា​ ដោយកាត់​ផ្ដាច់​ការ​ផ្គត់ផ្គង់​អ៊ីនធឺណិត​ អគ្គិសនី​ ពី​ថៃ​ និង​បិទ​ច្រក​អន្តរជាតិ​ដូង​។

នាយករដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន​ ម៉ាណែត​ បញ្ជាក់​ថា​ កម្ពុជា​នឹង​យក​លិខិត​ពាក្យ​បណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ថ្ងៃ​ទី​១៥​ មិថុនា​នេះ​ ដែល​ចំថ្ងៃ​ខួប​ទី​៦៣​ នៃ​ការ​ឈ្នះ​រឿង​ក្ដី​ប្រាសាទ​ព្រះវិហារ​លេី​ប្រទេស​ថៃ​។

នាយករដ្ឋមន្ត្រី​ថៃ​ Paetongtarn Shinawatra​ ថ្លែង​​នៅ​ថ្ងៃ​ទី​១៣​ មិថុនា​ថា​ ថៃ​នឹង​មាន​វិធានការ​បន្ទាប់​យ៉ាង​ណា​ អាស្រ័យ​លេី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នេះ​។

អ្នក​វិភាគ​និយាយ​ថា​ នៅ​ពេល​ប្រទេស​ទាំង​ពីរ​មាន​ទិសដៅ​ផ្សេងៗ​គ្នា​ក្នុង​ការ​រក​ដំណោះស្រាយ​រឿង​ព្រំដែន​ ភាព​តានតឹង​នៅ​តាម​ព្រំ​ដែន​អាច​នឹង​ឡេីង​កម្ដៅ​កាន់​តែ​ខ្លាំង​។