ភ្នំពេញ៖ ក្នុងករណី​មានការ​វិលត្រឡប់​​ទ្រង់ទ្រាយ​ធំ​ដោយ​មូលហេតុ​ណាមួយ លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បាន​គិតគូរ​ និង​ត្រៀមទាំង​ការ​ដឹកជញ្ជូន ការស្នាក់នៅ ហូបចុក ឱកាស​ការងារ​ក្នុង​ស្រុក រួមទាំង​ស្នើ​ដល់​សមាគម​ធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ពិនិត្យ​លទ្ធភាព​ជួយ​សម្រួល​បំណុល​តាម​ដែល​អាច​ធ្វើ​ទៅបាន។

លោកបាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម​នៅ​រសៀលថ្ងៃទី​១៤ ខែមិថុនាថា​៖ «​​ពេល​ប្រទេសជាតិ​និង​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ប្រឈម​នឹង​បញ្ហា ស្មារតី​សាមគ្គី​ឯកភាព​ជាតិ និង​ការជួយ​គ្នា​ទៅវិញទៅមក គឺជា​ចំណុចខ្លាំង​របស់​ប្រជាជាតិ​ខ្មែរ​យើង​»។

លោកនាយករដ្ឋមន្ដ្រី​បាន​បញ្ជា​ឱ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​រដ្ឋបាលខេត្ត​ជាប់​ព្រំដែន​ថៃ​ទាំង​៧ ត្រៀម​សម្របសម្រួល​ការឆ្លងកាត់​ព្រំដែន និង​ស្នាក់នៅ ហូបចុក បណ្ដោះ​អាសន្នរ​បស់​ប្រជាពលរដ្ឋ​​នៅ​តំបន់​ព្រំដែន​។

ក្រសួងការពារជាតិ កងទ័ពជើងគោក សាលា​រាជធានី​ភ្នំពេញ ត្រៀម​រថយន្ត ដើម្បី​ដឹកជញ្ជូន​បងប្អូន​ពី​ព្រំដែន ត្រឡប់​ទៅ​ស្រុកកំណើត​។

លើសពីនេះ លោក​បានថ្លែងថា​៖ «​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ត្រៀម​ជួយ​ស្វែងរក​ការងារ​ក្នុងប្រទេស​ជូន​បងប្អូន​ដែល​ត្រលប់​មកវិញ ដោយ​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​យើង​នៅ​ខ្វះ​កម្លាំង​ពលកម្ម​ជា​មធ្យម​ជាង ៧​ម៉ឺន​នាក់»​។

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រៀមលក្ខណៈ​ក្នុង​ការជួយ​អន្តរាគមន៍ ដល់​បងប្អូន​ពលករ​ខ្មែរ​ដែល​ត្រូវ​ត្រឡប់មកវិញ​ក្នុងការ​សម្រួល​ជីវភាព​ប្រចាំថ្ងៃ តាមរយៈ​កញ្ចប់​អន្តរាគមន៍​សេដ្ឋកិច្ច​និង​សង្គមកិច្ច​មួយចំនួន​។

លោក​នាយករដ្ឋមន្ដ្រី បាន​លើកឡើងថា​៖ «​ជាមួយគ្នានេះ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​សមាគម​ធនាគារ​នៅ​កម្ពុជា និង សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ពិនិត្យ​លទ្ធភាព​ក្នុង​ការជួយ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​សម្រាប់​បងប្អូន​ប្រជា​ពលករ​ដែល​ត្រលប់​មកពី​ថៃ​វិញ ចំពោះ​អ្នក​ដែលមាន​ជាប់ជំពាក់​បំណុល​ជាមួយ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទៅតាម​លទ្ធភាព ឬ ក្នុង​មួយរយៈ​ពេល​កំណត់​ណាមួយ​ដែល​អាចធ្វើ​ទៅបាន»៕