ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​ទី១៤ មិថុនា​នេះ អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​ដែល​រស់​នៅ​ប្រទេស​ថៃ​ត្រឡប់​ចូល​មក​កម្ពុជា​វិញ មិន​ថា​មាន​ឯកសារ​ឬ​គ្មាន​ឯកសារ​ ដោយ​មើល​ឃើញ​ថា​ ពេល​អាជ្ញាធរ​ថៃ​អាច​នឹង​បណ្ដេញ​ពួក​គេ​ចេញ​នា​ពេល​ខាង​មុខ។

នៅ​ក្នុង​សារ​បង្ហោះ​លើ​ហ្វេសប៊ុក​នៅ​រសៀល​នេះ លោក​ថ្លែង​ថា៖ «សូម​បង​ប្អូន​ពលករ​វិល​ត្រឡប់​មក​មាតុភូមិ​វិញ​មុន​ពេល​អាជ្ញាធរ​ថៃ​បណ្តេញ​ចេញ​និង​ការ​ប្រមាថ។ ខ្ញុំ​និយាយ​បែប​នេះ​ព្រោះខ្ញុំ​យល់​ច្បាស់ ថា​ជ​ម្លោះ​ព្រំដែន​កម្ពុជា​-ថៃ​នឹង​អូស​បន្លាយ​ពេល​យូរ​ពិសេស​នៅ​ពេល​កម្ពុជា​ដាក់​ពាក្យ​ប្តឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ​ពេល​នោះ​ពួក​ ជ្រុល​និយម​ថៃ​និង​យោធា​ថៃ​មួយ​ចំនួន​នឹង​រក​រឿង​ធ្វើ​បាប​បង​ប្អូន»។

លោក​ថ្លែង​ថា មាន​ពលរដ្ឋ​ខ្មែរ​ខ្លះ​បាន​លើក​ឡើង​ពី​ការ​ចង​វិល​ត្រឡប់​មក​រស់​នៅ​ មើល​ម្តាយ​ដែល​មាន​អាយុ​៨០​ឆ្នាំ​តែ​គាត់​ពុំ​មាន​ឯកសារ។ ករណី​នេះ​លោក​ឆ្លើយ​តប​ជា​រួម​ថា៖ «ខ្ញុំអាច​ឆ្លើយ​បាន​ថាអ្នក​ណា​ក៏​ដោយ​ឲ្យ​តែ​ជា​ខ្មែរ ​ទោះ​មាន​ឬគ្មាន​ឯកសារ​រាជរដ្ឋាភិបាល​ទទួល​យក​បាន​ទាំង​អស់​ដោយ​ គ្មាន​ការ​រើស​អើង»។

លោក​គាំទ្រ​ដល់​វិធានការ​ត្រៀម​ទទួល​ពលករ​ខ្មែរ​ ដូច​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ បាន​លើក​ឡើង​នៅ​មុន​នេះ​បន្តិច៕