
លោក ឡាំ ជា (ស្ដាំ) រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ ទីប្រឹក្សាក្រសួងការបរទេសថៃ និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ ចុះហត្ថលេខាលើឯកសារប្រជុំ JBC ថ្ងៃទី១៥ មិថុនា ២០២៥។ ថិញ រិទ្ធី
កិច្ចប្រជុំលើកទី៦ នៃគណៈកម្មការចម្រុះព្រំដែន JBC ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចប់ហើយបន្ទាប់ពីធ្វើឡើងរយៈពេល ២ ថ្ងៃ ដោយកម្ពុជាយកឱកាសប្រាប់ទៅភាគីថៃពីជំហររបស់កម្ពុជាមិនទទួលស្គាល់ផែនទីគូសដោយភាគីថៃ និងឈប់ពិភាក្សាចំណុចព្រំដែនដែលកម្ពុជាដាក់ទៅតុលាការICJ។
កិច្ចប្រជុំពីថ្ងៃទី១៤ ដល់ទី១៥មិថុនានេះ មានប្រតិភូរបស់កម្ពុជាដឹកនាំដោយលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា និងភាគីថៃដឹកនាំដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ ទីប្រឹក្សាក្រសួងការបរទេសថៃ និងជាប្រធានគណៈកម្មការចម្រុះព្រំដែនថៃ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដែលផ្សព្វផ្សាយក្រោយកិច្ចប្រជុំ ភាគីកម្ពុជាបានយកឱកាសនេះស្នើភាគីថៃចូលរួមជាមួយភាគីកម្ពុជាក្នុងការនាំយកវិវាទព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
លោក ឡាំ ជា ក៏បានបញ្ជាក់សាជាថ្មីអំពីជំហររបស់កម្ពុជាក្នុងការចាប់ផ្តើមដំណើរការនីតិវិធី ច្បាប់ដោយឯករាជ្យម្ចាស់ការ «ទោះបីជាភាគីថៃបដិសេធសមត្ថកិច្ចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏ដោយ»។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖ «លើសពីនេះទៀត ភាគីកម្ពុជាអះអាងបន្ថែមនៅចំពោះមុខភាគីថៃថា ចាប់ពីពេលនេះតទៅតំបន់ទាំងបួនខាងលើ លែងជាប្រធានបទ ឬកម្មវត្ថុនៃការពិភាក្សា និងដោះស្រាយនៅក្នុងក្របខណ្ឌគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ទៀតហើយ»។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បញ្ជាក់ដែរថា៖ «ភាគីកម្ពុជា បានបដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលភាគីថៃបានគូសជាឯកតោភាគីហើយយកមកប្រើប្រាស់ជាសំអាង ដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ នាពេលកន្លងមក ក៏ដូចជា ពេលបច្ចុប្បន្ន និងទៅអនាគត»។
កម្ពុជាជំរុញឲ្យភាគីថៃអនុវត្តតាមអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រើប្រាស់ផែនទីមាត្រដ្ឋាន ១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញា បារាំង-សៀមឆ្នាំ១៩០៧ ដើម្បីអនុវត្តការងារខណ្ឌសីមានិងបោះបង្គោលព្រំដែន។
ចំណែកជាផ្លូវការនិងមានលក្ខណៈបច្ចេកទសគឺ ភាគីទាំងពីរបានពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៤ របស់អនុគណៈកម្មការ បច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាប និង ពិនិត្យ និងពិភាក្សាលើការកែសម្រួល TOR ឆ្នាំ២០០៣ ពាក់ព័ន្ធការផលិតផែនទី អ័រតូហ្វូតូ (ជំហាន២ ក្នុងចំណុច៤ នៃ TOR)។

JBC ក៏បានពិភាក្សា និងអនុម័តលើការបញ្ជូនក្រុមវាស់វែងចម្រុះ ចុះវាស់វែង និងខណ្ឌសីមាព្រំដែន នៅលើដីជាក់ស្តែង នៅចន្លោះទីតាំងពិតប្រាកដនៃបង្គោលព្រំដែនដែលបានឯកភាពគ្នា និងបានពិភាក្សាលើសេចក្តីណែនាំលើការវាស់វែងនៅ Sector 6 (ចំណុច IX នៃកិច្ចប្រជុំលើកទី៤ និងកិច្ចប្រជុំពិសេសរបស់ JBC ឆ្នាំ២០០៩)។
កិច្ចប្រជុំនេះ ធ្វើឡើងស្របពេលដែលកម្ពុជា បានបញ្ជូនលិខិតផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ប្រទេសហូឡង់ នៅថ្ងៃទី១៥ មិថុនានេះ ចំថ្ងៃខួបទី៦៣ នៃជ័យជម្នះរឿងប្រាសាទព្រះវិហារកាលពីថ្ងៃទី១៥ មិថុនា ១៩៦២៕
សួស យ៉ាមី និង ថិញ រិទ្ធី