ឧត្តរមានជ័យៈ បុរសជាអ្នកបើកបរអេស្ការវទ័រម្នាក់បានរងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍ផ្ទុះមីនតោនមួយ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមិថុនា នៅក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ដែលធ្វើឱ្យចំនួនជនរងគ្រោះដោយសារតែសំណល់យុទ្ធភណ្ឌសង្គ្រាមកើនឡើងដល់២២នាក់ ក្នុងឆ្នាំ២០២៥នេះ។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ លោកហេង រតនា បានឱ្យដឹងថា ករណីផ្ទុះគ្រាប់មីនតោន​សំណល់ពីសង្គ្រាមនេះ បានកើតឡើង ក្នុងខណៈពេលដែលអេស្ការវទ័រមួយគ្រឿង កំពុងកាយដី ដើម្បីសាងសង់ធ្វើអគារ នៅត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។

លោកបញ្ជាក់ថា៖«ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ​ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័ររងរបួសជាទម្ងន់ និងខូចខាតគ្រឿងចក្រអេស្ការវទ័រនោះ»។

ក្នុងខណៈពេលដែលមានភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃនោះ លោកក៏បានជម្រាបជូនប្រជាពលរដ្ឋ កុំឱ្យមានការយល់ច្រឡំ​ រវាងការផ្ទុះមីនតោននេះ ជាមួយនឹងស្ថានការណ៍នៅព្រំដែន ដែលពុំមានការផ្ទុះអ្វីកើតឡើងនោះឡើយ។

នគរាបាលមូលដ្ឋាននៅមិនទាន់អាចផ្តល់ព័ត៌មានបន្ថែមពីហេតុការណ៍ផ្ទុះមីនតោននេះនៅឡើយទេ នៅព្រឹកថ្ងៃចន្ទនេះ។

ការផ្ទុះមីនតោននេះ បានកើតឡើងមួយសប្តាហ៍ក្រោយពីករណីផ្ទុះមីនតោនមួយ បានកើតឡើងក្នុងភូមិអូរដីស្អិត​ ឃុំស្ទឹងត្រង់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន ដែលបណ្តាលឱ្យអ្នកបើកបរត្រាក់ទ័រម្នាក់ ស្លាប់នៅកន្លែងកើតេហតុ​ ក្នុងដីចំការរបស់ខ្លួន។ រីឯត្រាក់ទ័រភ្ជួរដីប្រភេទគូបូតាមួយគ្រឿង ក៏ទទួលរងការខូចខាតផងដែរ កាលពីថ្ងៃទី​ ១០​ ខែមិថុនានេះ។

លោកហេង រតនា បានលើកឡើងថា សំណល់យុទ្ធភណ្ឌសង្គ្រាម​ នៅតែបន្តគំរាមកំហែងដល់សេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ​ បើទោះបីជាសង្គ្រាមបានបញ្ចប់ជាង២៥ឆ្នាំទៅហើយយ៉ាងណា​ក៏ដោយ។ រាជរដ្ឋាភិបាលបាននិងកំពុងតែខិតខំកិច្ចប្រតិបត្តិការ​បោសសម្អាតសំណល់គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងសកម្ម​ ដើម្បីរំដោះទឹកដីសុវណ្ណភូមិ ពីឃាតករលាក់មុខទាំងនេះ។

ចាប់ពីខែមករា ដល់ខែឧសភាឆ្នាំ២០២៥នេះ កម្ពុជាមានជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន២០នាក់ ដែលចំនួននេះមានការថយចុះ ៣៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤ ដែលមានជនរងគ្រោះចំនួន៣០នាក់។

ក្នុងរយៈពេល៦ខែនេះ គ្រោះថ្នាក់ទាំងនេះបានសម្លាប់មនុស្សចំនួន៦នាក់ របួស និងពិការអវយវៈ ចំនួន១៤នាក់៕