
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងនៅវិមានព្រឹទ្ធសភា ថ្ងៃទី១៦ មិថុនា ២០២៥។ SHS
កម្ពុជាទុកពេលឲ្យយោធាថៃ មួយថ្ងៃដើម្បីបើកច្រកព្រំដែនឬ ដកការរឹតត្បិតការឆ្លងកាត់ព្រំដែនដែលពួកគេបានអនុវត្តបន្ទាប់ពីមានភាពតាន់តឹងរឿងព្រំដែន។ ប្រសិនបើថ្ងៃស្អែក (១៧ មិថុនា) ភាគីថៃមិនបើកច្រកព្រំដែនទេ កម្ពុជានឹងបិទច្រកព្រំដែនទាំងអស់មិនឲ្យនាំផ្លៃឈើនិងបន្លែចូលកម្ពុជា។
នៅក្នុងការថ្លែងសារពិសេសនៅព្រឹកថ្ងៃទី១៦ មិថុនានេះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា លោកបាននិយាយតាមទូរស័ព្ទចរចាគ្នាជាមួយនាយករដ្ឋមន្ត្រីថៃរឿងបន្ធូរបន្ថយភាពតានតឹងនៅព្រំដែន ប៉ុន្តែ បែរជាយោធាថៃសម្រេចបិទច្រក ឬរឹតបន្តឹងការឆ្លងកាត់ព្រំដែន ជាឯកតោភាគី និងគំរាមកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាផ្សេង។
លោកបញ្ជាក់ថា៖ «បើថ្ងៃនេះ ភាគីថៃមិនព្រមបើកច្រកឲ្យដូចដើមវិញទេ ថ្ងៃស្អែកយើងនឹងចាប់ផ្ដើមអនុវត្តទូទាំងព្រំដែន ដោយហាមឃាត់នូវការនាំចូលផ្លែឈើ និង បន្លែចូលកម្ពុជា។ ពេលនេះកម្ពុជាអត់មានត្រូវការនាំស្អីទេ។ ពេលនេះ យើងត្រូវខិតខំប្រមូលទិញ (ទំនិញ) កម្ពុជា យកទៅចែកកងទ័ពទៅព្រំដែនក៏បានដែរ សម្រាប់អ្នកសប្បុរសធម៌ កម្ពុជា»។
លោកបន្តថា៖ «សម្រាប់ពលរដ្ឋថៃ ត្រូវទៅតវ៉ាចំពោះទាហានថៃខ្លួនឯង ព្រោះទាហានថៃជាអ្នកបិទ មិនមែនខ្មែរជាអ្នកបិទទេ។ អីចឹង សុំបងប្អូនថៃកុំខឹងសម្បានឹងកម្ពុជា ព្រោះនេះជាលទ្ធផលនៃការបំពានច្បាប់ដោយយោធាថៃ»។
កម្ពុជាបានឆ្លើយតបទៅនឹងការគំរាម និងការអនុវត្តជាក់ស្ដែង តាមរយៈការកាត់ផ្ដាច់ឈប់ប្រើអ៊ីនធឺណិត និងអគ្គិសនីពីថៃ និងបិទច្រកព្រំដែនអន្តរជាតិដូង ដែលជាច្រកសំខាន់សម្រាប់ការដឹកទំនិញរបស់ថៃរាប់រយឡានក្នុងមួយថ្ងៃៗទៅកាន់ប្រទេសវៀតណាម។
លោក ហ៊ុន សែន ថ្លែងថា វាងាយស្រួលណាស់សម្រាប់ថៃ គឺប្រកាសដកបទបញ្ជារឿងរឹតត្បិតព្រំដែន នោះជាការស្រេច ហើយថា «លទ្ធភាពនៃការបិទមិនឲ្យនាំទំនិញថៃមកកម្ពុជា គឺជាលទ្ធភាពខ្ពស់ បើព្រំដែនមិនត្រូវបានបើកឲ្យដំណើរការធម្មតាវិញ»។ លោកថា កម្ពុជាអាចងាកទីប្រើទំនិញពីប្រទេសផ្សេងវិញ និងកាត់ផ្ដាច់ការពឹងពាក់ទាំងអស់ពីថៃ។
ជាថ្មីម្ដងទៀត លោកស្នើឲ្យពលរដ្ឋកម្ពុជាពិចារណាត្រឡប់មកប្រទេសវិញ ដោយលោកយល់ថា បញ្ហាព្រំដែននឹងមិនអាចដោះស្រាយបានឆាប់ៗនេះទេ ជាពិសេសបន្ទាប់ពីកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិជួយដោះស្រាយបញ្ហាចំណុចមុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និងតាក្របី។
លោកបន្តថាពលករកម្ពុជាអាចទទួលរងការរើសអើងពីសំណាក់យោធាថៃ ឬក្រុមជ្រុលនិយមថៃ។ សម្រាប់អ្នកជំងឺ និងនិស្សិតកម្ពុជាដែលសិក្សានៅទីនោះ ពួកគេអាចវិលត្រូវឡប់មកកម្ពុជាវិញដែរ ហើយរដ្ឋាភិបាលកម្ពុជានឹងពិនិត្យលទ្ធភាពជួយដល់ពួកគេ។
ពាក់ព័ន្ធនឹងការបញ្ជូនលិខិតទៅសុំអន្តរាគមន៍ពី IJC លោក ហ៊ុន សែន ថា ភាគីថៃគួរតែចូលរួមប្រសិនបើខ្លួនមិនបានរំលោភបំពានចង់យកទឹកដីកម្ពុជា។ លោកថា តំបន់ទាំង៤ មិនអាចដោះស្រាយដោយទ្វេភាគីបានទេ ហើយកម្ពុជាដាច់ខាត មិនទទួលស្គាល់ផែនទីរបស់ថៃ គូរជាឯកតោភាគី។
លោកថ្លែងថា ស្ថានភាពវិវត្តចុងក្រោយនៅព្រំដែនបញ្ជាក់ថា យោធាថៃចង់ធ្វើសង្គ្រាមជាមួយកម្ពុជា ជាអ្វីដែលកម្ពុជាមិនចងបាន តែនឹងឆ្លើយតបតាមជាក់ស្ដែង ដោយកម្ពុជា «មានកម្លាំងគ្រប់គ្រាន់»។
យ៉ាងណាក៏ដោយ លោកអំពាវនាវពលរដ្ឋកម្ពុជា កុំឲ្យប្រព្រឹត្តអំពើជ្រុលនិយមដូចអ្វីដែលពលរដ្ឋថៃ បានធ្វើនាពេលកន្លងមក គឺការបាតុកម្មនៅស្ថានទូតកម្ពុជា នៅទីក្រុងបាងកក ដែលដឹកនាំដោយអតីតមេដឹកនាំបាតុកម្មអាវលឿន គឺលោក សុន្ធិ លឹមថោងគុល៕