
ឧបករណ៍ឡាស៊ែរ (រូបតំណាង) ដែលដំឡើងនៅលើផ្លូវល្បឿនលឿនប្រទេសចិន ដើម្បីជួយពញ្ញាក់ស្មារតី កាត់បន្ថយភាពនឿយហត់របស់អ្នកបើកបរនៅពេលយប់។ Techeblog.com
ភ្នំពេញៈ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនឹងត្រូវធ្វើតេស្តដំឡើងឧបករណ៍ឡាស៊ែរនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនានេះ ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីភាពនឿយហត់ក្នុងការបើកបរនាពេលយប់។
ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា បានជូនដំណឹងដល់សាធារណជន និងអតិថិជនថា ការធ្វើតេស្តដំឡើងឧបករណ៍ឡាស៊ែរនេះ នឹងចាប់ផ្ដើម ត្រង់គីឡូម៉ែត្រលេខ K77+990, K113+700 និង K115+750 ជាកំណាត់ផ្លូវដែលអ្នកបើកបរងាយនឹងប្រឈមមុខនឹងបញ្ហាគ្រោះថ្នាក់។
ក្រុមហ៊ុនបញ្ជាក់ថា៖«ដើម្បីលើកកម្ពស់សុវត្ថិភាពក្នុងការធ្វើដំណើរ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលមកពីភាពនឿយហត់ក្នុងការបើកបរនាពេលយប់ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានរៀបចំដំឡើងឧបករណ៍កាំរស្មីឡាស៊ែរដែលមានមុខងារជួយពញ្ញាក់ស្មារតី កាត់បន្ថយភាពនឿយហត់របស់អ្នកបើកបរ ហើយអាចជួយបង្កើនការប្រុងប្រយ័ត្នក្នុងពេលបើកបរពេលយប់»។
ក្រុមហ៊ុនបានពន្យល់ថា ឧបករណ៍នេះ បញ្ចេញកាំរស្មីពណ៌បៃតងនាពេលរាត្រី ក្នុងមុំប្រហែល ៤៥ ដឺក្រេទៅខាងលើ ផ្ទុយទិសដៅចរាចរណ៍របស់យានយន្ត និងអាចបាញ់ពន្លឺក្នុងចម្ងាយប្រហែល ៤ ដល់ ៥ គីឡូម៉ែត្រ។
ទោះយ៉ាងណា ការតម្លើងឧបករណ៍នេះមិនបង្កឱ្យមានផលប៉ះពាល់ដល់អ្នកបើកបរឡើយ។ មិនតែប៉ុណ្ណោះ វាថែមទាំងអាចជួយបង្កើនសោភ័ណភាពតាមដងផ្លូវឱ្យកាន់តែល្អប្រសើរជាងមុនថែមទៀតផងដែរ។
នាពេលថ្មីៗនេះ ក្រុមការងារសុវត្ថិភាព និងផ្នែកពាក់ព័ន្ធផ្សេងៗ របស់ក្រុមហ៊ុន បានសហការជាមួយនគរបាលចរាចរណ៍ផ្លូវគោក ប្រចាំការនៅផ្លូវល្បឿនលឿន ចុះធ្វើការផ្សព្វផ្សាយ អំពីសុវត្ថិភាពក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿនជូនអតិថិជន។
ក្រុមការងារបានចែកខិតប័ណ្ណផ្សព្វផ្សាយអំពីបម្រាមលើផ្លូវល្បឿនលឿនដល់អ្នកបើកបរ និងអ្នករួមដំណើរ ណែនាំពីកត្តា ដែលបង្កជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ទូទៅនៅលើផ្លូវល្បឿនលឿន ពង្រឹងគោលគំនិតសុវត្ថិភាពក្នុងពេលបើកបរ ដើម្បីធានាដល់ការធ្វើដំណើរកាន់តែមានសុវត្ថិភាព។
ក្នុងរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ចរាចរណ៍សរុបមានចំនួន១០៧ ១៦០ ដង ដែលបានចរាចរណ៍លើផ្លូវល្បឿនលឿន។ ក្នុងរយៈពេលនេះដែរ ក៏មានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ ១៣៩៩ ចំនួន ១៨៦ ខ្សែ។ ក្នុងនោះ មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ១ ករណី ស្វែងរកជំនួយចំនួន ៨៩ ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៩៦ករណី។
ក្រុមហ៊ុនបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ឱ្យអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍។
ចរាចរណ៍លើផ្លូវល្បឿនលឿនឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣ មានយានយន្តឆ្លងកាត់សរុបចំនួន ៥ ២៩០ ៤៨៣ លើ៤ ៩១០ ៤៧៩គ្រឿង ដែលកើន ៣៨០ ០០៤គ្រឿង ស្មើ៧ភាគរយ។
រីឯគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ២៣៦ លើ៣១៩លើក (យប់៨៩លើក) ដែលថយចុះ ៨៣លើក ស្មើ៣៥ភាគរយ។ គ្រោះថ្នាក់នេះបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១៦ លើ៥នាក់ ដែលកើន១១នាក់ ស្មើ៦៩ភាគរយ៕