
លោករដ្ឋមន្ត្រីការពារជាតិ ទៀ សីហា ថ្លែងថា ការបង្វែរកាណុងកាំភ្លើងទៅភូមិដ្ឋាន និងបន្ទាយរបស់យោធាថៃ គឺជារឿងធម្មតារបស់យោធា ពីព្រោះក្បួនប្រយុទ្ធ មិនដែលមានយោធាណាបង្វែរកាណុងមកផ្ទះខ្លួនឯងនោះទេ។
លោកថ្លែងដូច្នេះ ឆ្លើយតបនឹងការលើកឡើងរបស់អ្នកនាំពាក្យយោធាថៃម្នាក់ដែលបានលើកឡើងកាលពីថ្ងៃសៅរ៍ថា កម្ពុជាបានធ្វើចលនាទ័ព និងបង្វែរកាណុងទៅលើមូលដ្ឋានយោធាថៃ។
នៅលើហ្វេសប៊ុកនៅរសៀលថ្ងៃទី១៦ មិថុនានេះ លោក ទៀ សីហា ថ្លែងថា៖ «នេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជា ពេលយើងបំពាក់សព្វាវុធគឺដើម្បីការពារបូរណភាពទឹកដី ច្បាស់ណាស់គោលដៅគឺតម្រង់ទៅខ្មាំងសត្រូវ មិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុង មកផ្ទះខ្លួនឯងនោះទេ»។
លោកបន្តថា៖ «ជម្រើសសន្តិវិធី គឺការចរចារវាងរដ្ឋាភិបាលទាំងពីរ ទាំងផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច និងផ្នែកផ្សេងៗ ចំពោះផ្នែកយោធា គឺជម្រើសចុងក្រោយ។ យើងត្រៀមរួចជាស្រេចក្នុងការការពារទឹកដីកម្ពុជា ដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយ»។
សារព័ត៌មានថៃ The Nation Thailand បានចុះផ្សាយនៅថ្ងៃទី១៥ មិថុនា ថា កងទ័ពថៃបានរាយការណ៍ថា កងទ័ពកម្ពុជាត្រូវបានដាក់ពង្រាយនៅជិតព្រំដែនខេត្តស៊ីសាកេតរបស់ថៃ ដោយមានកាណុងកាំភ្លើងបែរទៅប្រទេសថៃ ដែលតម្រូវឲ្យថៃមានការឆ្លើយតបផ្នែកសន្តិសុខ។
សារព័ត៌មានដែល បានស្រង់សម្តីអ្នកនាំពាក្យកងទ័ពភូមិន្ទថៃ លោក Winthai Suvaree ដែលបាននិយាយនៅថ្ងៃទី១៤ ខែមិថុនាថា ពួកគេបានឃើញរូបថតនៅលើបណ្តាញសង្គម បង្ហាញពីកងទ័ពកម្ពុជា «កំពុងតម្រង់ទៅលើទឹកដីថៃនៅជិតប្រាសាទ Don Tuan និងភ្នំ Satta Som ក្នុងឃុំ Ban Phumsarol និងឃុំ Sao Thong Chai ក្នុងស្រុក Kantharalak នៃខេត្តស៊ីសាកេត»៕