
លោកស្រី គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ បានប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ។ STPM
លិខិតផ្លូវការរបស់កម្ពុជាបានទៅដល់ដៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយនៅរសៀលថ្ងៃទី១៦ មិថុនានេះ បន្ទាប់ពីត្រូវបានបញ្ជូនចេញពីកម្ពុជាកាលពីថ្ងៃទី១៥ មិថុនា ដើម្បីរកដំណោះស្រាយសម្រាប់ជម្លោះព្រំដែន ៤ ចំណុច។
លិខិតនេះត្រូវបានបញ្ជូនដោយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងជាប្រធានរៀបចំឯកសារដើម្បីដាក់ទៅ ICJ ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ។
លិខិតនេះបានទៅដល់ ICJ នៅទីក្រុងឡាអេ ហើយនៅម៉ោង ៤ និង ៣០នាទី រសៀល ម៉ោងនៅរាជធានីភ្នំពេញ ដោយលោកស្រី គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ បានប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ។
នៅលើបណ្ដាញសង្គម នៅថ្ងៃទី១៦ មិថុនានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា៖ «កម្ពុជាមិនដកថយទេ ពីការប្រើប្រាស់យន្តការច្បាប់តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី»។
លោកបន្តថា៖ «រាជរដ្ឋាភិបាលនឹងបន្តធ្វើកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍ជាតិនិងប្រជាជនខ្មែរ»។
ចំណុចទាំង៤នេះមិនត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន JBC កាលពីថ្ងៃទី១៤ដល់ ១៥ មិថុនានេះ។
លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការបរទេសថៃថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៦ មិថុនានេះថា ការមិនយកចំណុចទាំង៤មកពិភាក្សា «គឺជាការខកចិត្តសម្រាប់ថៃ» ដោយអះអាងថា ចំណុចទាំងនេះស្ថិតនៅក្នុងក្របខណ្ឌនៃ JBC៕