
នគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានកាប់ក្មួយ ប្រុសអាយុ៦ឆ្នាំម្នាក់ ដាច់កស្លាប់ ដោយសារតែខឹងក្មួយជេរ«អាឈ្លើយ» ។ រូបថត នគរបាល
បន្ទាយមានជ័យៈ នគរបាលបានធ្វើការឃាត់ខ្លួនបុរសជាពូម្នាក់ ក្រោយពេលដែលបានកាប់ក្មួយប្រុសអាយុ៦ឆ្នាំម្នាក់ ដាច់កស្លាប់ នៅកន្លែងកើតហេតុ កាលពីល្ងាចថ្ងៃចន្ទ ទី១៦ ខែមិថុនា នៅក្នុងភូមិគោកធំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។
ភ្លាមៗ ក្រោយពីទទួលបានសេចក្តីរាយការណ៍ សុំអន្តរាគមន៍ ពីពលរដ្ឋមូលដ្ឋាន កម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលបុស្បូវ បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការសាកសួរ និងកំណត់មុខសញ្ញា ដែលឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់។
នគរបាលបានឱ្យដឹងថា ជនសង្ស័យ មានឈ្មោះ ឃឹម គឹមឈាក់ អាយុ៣១ឆ្នាំ នៅភូមិគោកធំ ឃុំបុស្បូវ។ គេបានកាប់ក្មេងប្រុសរងគ្រោះ បណ្តាលឱ្យដាច់កស្លាប់ កាលពីវេលាម៉ោង១៧: ៣០នាទីល្ងាច។
ជនសង្ស័យ បានឆ្លើយសារភាពប្រាប់នគរបាលថា នៅម៉ោងប្រហែល៥:៣០នាទីល្ងាចនោះ រូបគេកំពុងតែអង្គុយលេងស្រាប់តែក្មួយឈ្មោះខុយ សុខឿត បានជេរគាត់ថា «អាឈ្លើយ»។ នៅពេលនោះ គេខឹងយ៉ាងខ្លាំង ក៏បានយកកាំបិតខ្វែវដែក ដងឈើ ដែលមានប្រវែងប្រហែល១.៥០ម៉ែត្រ ដេញកាប់ក្មួយចំនួន១ កាំបិត ត្រូវ ក បណ្តាលឱ្យដាច់ក្បាលចេញពីខ្លួនប្រាណ និងស្លាប់តែម្តង។
ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ។
លោករៀម ម៉ូវ អធិការរងស្រុកព្រះនេត្រព្រះបានឱ្យដឹងថា នគរបាលបានបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យហើយ ដើម្បីបន្តនិតិវិធីទៅតុលាការខេត្ត។
លោកបានបញ្ជាក់ថា៖«នគរបាលយើងបានឃាត់ខ្លួនជនសង្ស័យបានភ្លាមៗផងដែរ នៅយប់ក្រោយពេលកើតហេតុថ្ងៃដដែលនោះ។ជនសង្ស័យមិនបានរត់គេចខ្លួននោះទេ»៕