២៤​ម៉ោង​បាន​កន្លង​ផុត​ទៅ ​កម្ពុជា​បិទ​ការ​នាំ​ចូល​បន្លែ​និង​ផ្លែ​ឈើ​ពី​ថៃ ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​ ដែល​ចូល​ជា​ធរមាន​កាល​ពី​ម៉ោង ៩ ព្រឹក​ថ្ងៃ​ទី១៧ មិថុនា​នេះ។ ការ​បិទ​នេះ​នឹង​បន្ត​រហូត​ដល់​ភាគី​យោធា​ថៃ ដែល​ជា​អ្នក​កែសម្រួល​ម៉ោង​ឆ្លង​កាត់​ព្រំដែន​ជា​ឯកតោភាគី ដក​ចេញ​ការ​រឹតត្បិត​របស់​ខ្លួន។

លោក សុខ វាសនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍ ​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​នាំ​ចូល​បន្លែ​និង​ផ្លែ​ឈើ​ពី​ថៃ ត្រូវ​បាន​បិទ​ចាប់​ពី​ម៉ោង​ ៩ ព្រឹក​ថ្ងៃ​ទី១៧ មិថុនា​នេះ​ ដែល​ជា​ឱសាន​វាទ​មួយ​ថ្ងៃ​បន្ទាប់​ពី​កម្ពុជា​បាន​ប្រកាស​ ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​ផ្លូវ​ការ។

លោក​បញ្ជាក់​ថា៖ «ជា​ទូទៅ បើ​តាម​ MOU យើង​បើក​ម៉ោង ៦ ហើយ​បិទ​ម៉ោង​ ១០។ ប៉ុន្តែ​ដោយសារ​ខាង​ភាគី​ថៃ​គាត់​ផ្លាស់​ប្ដូរ​ម៉ោង​ជា​ឯកតោភាគី អីចឹង​កម្ពុជា​យើង​ក៏​បើក​ម៉ោង ៩ ជាង​ចាប់​ពី​ថ្ងៃ​ទី៨ មិថុនា។ អីចឹង​យើង​បិទ​ម៉ោង​ ៩ ព្រឹក​មិញ»។

លោក សុខ វាសនា​ បញ្ជាក់​ថា ការ​បិទ​នេះ​ គឺ​ដូច​សម្រាប់​តែ​បន្លែ​និង​ផ្លែ​ឈើ​ទេ ចំណែក​ទំនិញ​ផ្សេងៗ និង​ការ​ធ្វើ​ដំណើរ​របស់​មនុស្ស​មិន​មាន​ការ​បិទ​ទេ។ ការ​បិទ​នេះ​នឹង​បន្ត​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី និង​នៅ​ពេល​ដែល​ភាគី​ថៃ កែ​សម្រួល​ទៅ​រក​ការ​បើក​ច្រក​ដូច​ដើម​វិញ។

ការ​បិទ​ច្រក​ព្រំដែន​សម្រាប់​បន្លែ​និង​ផ្លែ​ឈើ​នេះ ត្រូវ​បាន​ថ្នាក់​ដឹកនាំ​កម្ពុជា​ដាក់​ឱសាន​វាទ​កាល​ពី​ព្រឹក​ថ្ងៃ​ទី១៦ មិថុនា។ លោក ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា​បាន​លើក​ឡើង​ថា នៅ​ពេល​ណា​ភាគី​ថៃ​សម្រួល​ម៉ោង​បើក​ច្រក​ឲ្យ​ដូច​ដើម​វិញ កម្ពុជា​នឹង​បើក​ច្រក​សម្រាប់​បន្លែ និង​ ផ្លែ​ឈើ​ភា្លមៗ​តែ​ម្ដង។

វិធានការ​នេះ​ធ្វើ​ឡើង​តប​នឹង​ការ​កែ​សម្រួល​ម៉ោង​ឆ្លងកាត់​ព្រំដែន ដែល​សម្រេច​ដោយ​យោធា​ថ្នាក់​តំបន់​របស់​ថៃ ជា​ឯកតោភាគី។ នៅ​ថ្ងៃ​ទី១៦ មិថុនា អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ថៃ Nikorndej Balankura ​អះអាង​ថា ការ​វា​ជា​ការ​សម្រេច​របស់​យោធា ប៉ុន្តែ បាន​រិះ​គន់​កម្ពុជា ចំពោះ​ការ​បិទ​ការ​នាំ​ចូល​បន្លែ​នេះ​ថា​ មិន​មែន​ក្នុង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ ហើយ​ប៉ះពាល់​ប្រជាជន​ទាំង​ពីរ។

សារព័ត៌មាន​ថៃ The Nation Thailand បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា កងទ័ព​ជើង​គោក​ថៃ កំពុង​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំដែន ដោយ​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ថៃ​ដែល​ធ្វើ​ការ​នៅ​កាស៊ីណូ និង កន្លែង​កម្សាន្ត​នៅ​កម្ពុជា​មិន​ឲ្យ​ចូល​មក​កម្ពុជា ដោយ​ហេតុផល​សន្តិសុខ៕