អាជ្ញាធរ​មីន និង តំណាង​ស្ថាន​ទូត​ចិន​ ប្រកាស​ដាក់ឱ្យដំណើរការគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» នាថ្ងៃទី១៧ ខែមិថុនា​នេះ ដែល​មាន​ទឹកប្រាក់​សម្រាប់​អនុវត្ត​គម្រោង​ជាង​ ៤៣​ម៉ឺន​ដុល្លារ។

លោក លី ធុជ អនុប្រធាន​ទី១ នៃ​អាជ្ញាធរ​មីន បាន​ថ្លែង​ថា ភាពជាដៃគូ​មិនមែនត្រឹមតែជាផ្តល់ការគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការ ប៉ុណ្ណោះទេ វាថែមទាំងជាការប្តេជ្ញាចិត្ត ក្នុងការសម្រេច​ឱ្យបាននូវជោគវាសនារួមគ្នា។ ការគាំទ្ររបស់ប្រទេសចិន គឺមិនត្រឹមតែវិសាលភាពនៃជំនួយទេ តែជាចក្ខុវិស័យ និងការប្តេជ្ញាចិត្តប្រកបដោយយុទ្ធសាស្ត្រ។

លោក​បន្ត​ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងសកម្មភាពមីន គឺមិនត្រឹមតែជាការបោសសម្អាតមីន និងគាំទ្រការងារមនុស្សធម៌ នោះទេ តែជាការត្រួសត្រាយផ្លូវសម្រាប់អនាគតនៃវិបុលភាពរួមគ្នា សន្តិភាព និងមិត្តភាពយូរអង្វែងរវាងកម្ពុជានិងចិន។

យោង​តាម​លោក លី ធុជ គម្រោងនេះ នឹងត្រូវអនុវត្តក្នុងគោលបំណងសំខាន់ៗចំនួន២គឺ ប្រែក្លាយដីរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ទៅជាដីមានសុវត្ថិភាពដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍ និងផ្លាស់ប្តូរជំនាញ ចំណេះដឹង និងបច្ចេកទេស រវាងប្រទេសនានារងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ជាពិសេសប្រទេសក្នុងតំបន់មេគង្គ-ឡានឆាង។

លោក ឡាង កុសល្យ អ្នក​នាំ​ពាក្យ​អាជ្ញាធរ​មីន បាន​ឲ្យ​ដឹង​ថា ថវិកា​​ក្នុង​គម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» នឹង​ផ្ដល់​អត្ថប្រយោជន៍ដល់គ្រួសារចំនួន ៧២៣ តាមរយៈ​ការ​រំដោះផ្ទៃដីមានយុទ្ធភណ្ឌគ្រឿងផ្ទុះ និងគ្រួសារចំនួន ៥៥ ១១១ នៅក្នុង​នៅក្នុង​ស្រុក​គោលដៅចំនួន ៣ នៃ​​ខេត្ត​ស្វាយ​រៀង។

លោក​ប​ន្ត​ថា ចិន​បាន​ជួយ​ដល់​ការ​បោស​សម្អាត​មីន តាំង​ពី​ឆ្នាំ ២០១៨ ដែល​មកទល់​ពេល​នេះ​មាន​ទឹក​ប្រាក់​សរុប ជាង ១៤​លាន​ដុល្លារ តាមរយៈជំនួយថវិកា ឧបករណ៍ទំនើប និងការបណ្តុះបណ្តាលសំខាន់ៗ ដែលបានប្រែក្លាយដីមានមីន ទៅជាដីមានសុវត្ថិភាពសម្រាប់សហគមន៍។

តាម​រយៈ​ជំនួយ​ជាង ១៤​លាន​ដុល្លារ​នេះ ផ្ទៃដីប្រមាណជាង ១៥០ គីឡូម៉ែតក្រឡា ត្រូវបានបោសសម្អាត និងមានអ្នកទទួលផលផ្ទាល់ប្រមាណ ២,៥ លាននាក់។ ចំណែក​​គ្រាប់​មីននិងសំណល់ជាតិផ្ទុះជា​ច្រើន​ត្រូវបានរកឃើញនិងកម្ទេចចោល បូក​រួម​ជាមួយ​នឹង​មនុស្សប្រមាណជាង ១,៥ លាននាក់ទទួលបានការអប់រំអំពីហានិភ័យនៃគ្រាប់មីន៕