
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោកឌិត ទីណា ឡើងឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា នៅក្នុងដំណើរការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីជលផល។ រូបថត ក្រសួងកសិកម្ម
ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្តីពីជលផល ត្រូវបានព្រឹទ្ធសភាអនុម័ត ក្រោយពីបានធ្វើការពិនិត្យឱ្យយោបល់ ដោយសមាជិកព្រឹទ្ធសភា និងការឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា។
ការអនុម័តនេះ ធ្វើឡើងក្នុងសម័យប្រជុំលើកទី៣ នៃព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃចន្ទ ទី១៦ ខែមិថុនា ដែលដឹកនាំដោយ ប្រធានព្រឹទ្ធសភា លោកហ៊ុន សែន។
សេចក្តីប្រកាសព័ត៌មានពីលទ្ធផលប្រជុំបានបញ្ជាក់ថា៖«អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ទាំងមូលដោយឥតកែប្រែ ចំនួន៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល»។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងក្នុងគោលបំណង គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍវិស័យ ជលផលឱ្យមានប្រសិទ្ធភាព សំដៅបន្តធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាពសេដ្ឋកិច្ចនិង បរិស្ថាន ព្រមទាំងការពារសិទ្ធិនិងផលប្រយោជន៍ប្រជានេសាទ សហគមន៍នេសាទ វារីវប្បករ និង អាជីវករ ស្របតាមបរិបទនៃការរីកចម្រើនសេដ្ឋកិច្ចសង្គម និងបច្ចេកវិទ្យា និងចូលរួមក្នុងការគ្រប់គ្រង និងអភិរក្សធនធានជលផលប្រកបដោយនិរន្តរភាពក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ជាពិសេស ប្រឆាំងនឹងសកម្មភាពពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានបញ្ញត្តិ។
សេចក្តីព្រាងច្បាប់ ដែលមាន១៥ជំពូក ១០៤មាត្រា និងមានឧបសម្ព័ន្ធចំនួន២ ត្រូវបានរដ្ឋសភាកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៧។
អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO Cambodia) បានចាត់ទុកការអនុម័តនេះថាជា«សមិទ្ធផលដ៏សំខាន់សម្រាប់វិស័យជលផលរបស់កម្ពុជា»។
អង្គការFAOបានលើកឡើងថា ការសម្រេចបាននូវសមិទ្ធផលផ្លូវច្បាប់នេះ បានរួមចំណែកពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាលើវិស័យសន្តិសុខស្បៀង ក៏ដូចជាការគ្រប់គ្រងធនធានប្រកបដោយចីរភាព ព្រមទាំងជួយការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជានេសាទ សហគមន៍នេសាទ វារិវប្បករ និងវិស័យឯកជននានា។
មិនត្រឹមតែប៉ុណ្ណោះ ច្បាប់ជលផលថ្មីនេះនឹងជួយរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ ដោយពុំមានការរាយការណ៍ និងមិនមានបទប្បញ្ញត្តិត្រឹមត្រូវ (IUU) ព្រមទាំងធានាបានសង្គតិភាពនៃច្បាប់ជលផលរបស់កម្ពុជាជាមួយនឹងស្តង់ដាថ្នាក់តំបន់ និងអន្តរជាតិ។
សេចក្តីព្រាងច្បាប់ថ្មីនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម។ វាត្រូវបានរៀបចំឡើង ដោយមានការជ្រោមជ្រែងពីកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន (CAPFISH-Capture) ដែលទទួលមូលនិធិពីសហភាពអឺរ៉ុប ក្រោមជំនួយបច្ចេកទេសរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។
គោលដៅរួមរបស់កម្មវិធីCAPFISH-Capture គឺដើម្បីជួយពង្រឹងក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិនានា ក៏ដូចជាលើកកម្ពស់អនុលោមភាព និងការអនុវត្តច្បាប់ ព្រមទាំងជំរុញការគ្រប់គ្រងធនធានជលផលប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍសមត្ថភាព និងជួយគាំទ្រស្ថាប័នរបស់រាជរដ្ឋាភិបាល៕