លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​​វាយ​បក​ទៅ​លើ​ការ​អត្ថាធិប្បាយ​របស់​មេដឹកនាំ​ថៃ ដែល​ចោទមេដឹកនាំ​កម្ពុជា​ថា​ធ្វើ​នយោបាយ​មិន​មាន​វិជ្ជាជីវៈ (unprofessional) ពាក់​ព័ន្ធ​នឹង​ការបញ្ចេញ​​សារ​បញ្ហា​ព្រំដែន​ និង​កិច្ច​ប្រជុំ​នានា​នៅ​លើ​បណ្ដាញ​សង្គម​។

លោកថា ការ​បញ្ចេញ​សារ​តាម​បណ្ដាញ​សង្គម គឺ​ជា​វិធី​សាស្ត្រ​ដែល​លឿន​បំផុត​សម្រាប់​ជូន​ដំណឹង​ដល់​ប្រជា​ពរលដ្ឋ ដូច​ដែល​មេដឹកនាំ​នានា​លើ​ពិភពលោក​តែង​តែធ្វើ។ លោក​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​​បិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា។

លោក​ថ្លែង​ថា៖​ «អ្នក​នយោបាយ​ថៃ​ចោទ​ខ្ញុំ និង​សម្ដេចតេជោ ថា ធ្វើ​នយោបាយ​អត់​ professional ធ្វើ​នយោបាយ​តាម​ហ្វេសប៊ុក។ ស្អី​ទៅ​អ្នក​នយោបាយ​ធ្វើ​នយោបាយ​អត់​ professional? គាត់​ចង់​និយាយ​យ៉ាង​ម៉េច គឺ​គាត់​ចង់​និយាយ​ថា ស្អីៗ​​យើង​អាច​ជជែគ​គ្នា ហើយ​ធ្វើ​នយោបាយ​​តាម​ហ្វេសប៊ុក​អត់​កើត»។

លោកថា សូម្បីតែអ្នកដឹកនាំថៃខ្លួន​ឯង​ក៏ដូចគ្នាដែរ គឺតែងតែប្រើវិធីសាស្ត្រផ្សព្វផ្សាយព័ត៌មាននៅលើបណ្ដាញសង្គម ដោយ​ពេល​ខ្លះ​ថែម​ទាំង​​គំរាម​កម្ពុជា ដូច​ជា​ការ​គំរាម​​កាត់​ផ្ដាច់​សេវា​មួយ​ចំនួន ដោយ​មិន​បាន​ពិភាក្សា​ជាមួយ​កម្ពុជា​មុន។

លោក​ថា៖ «បន្តិច​ថា កាត់​ភ្លើង បន្តិច​ថាកាត់​អ៊ីនធឺណិត បន្តិច​ថា​ធ្វើ​របង​ខាន់​កម្ពុជា​នឹង​ថៃ។ ស្អី​ទៅ​អាហ្នឹង តើ​វា​ professional ឬ​អី? និយាយ​ឲ្យ​ច្បាស់​តែ​ម្ដង គឺ​កម្ពុជា​អត់​មាត់​ទេ កម្ពុជា​អត់​ធ្មត់​ណាស់ ព្រោះ​យើង​មិន​ចង់​មាន​រឿង»។

ការ​ថ្លែង​របស់​លោក​ ហ៊ុន​ ម៉ាណែត ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រី​ថៃ Paetongtarn Shinawatra ដែល​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាននៅ​ថ្ងៃទី១៦ មិថុនា​ថា ការ​ចរចា​របស់​រដ្ឋាភិបាល​ថៃ តែង​ធ្វើ​ឡើង​តាម​និយាម​អន្តរជាតិ តាម​រយៈ​បណ្ដាញ​ផ្លូវការ​របស់​រដ្ឋ។

អ្នកស្រី​ថា៖ «ការចរចារបស់រដ្ឋាភិបាលថៃ ធ្វើឡើងតាមគោលការណ៍អន្តរជាតិ តាមរយៈបណ្តាញទំនាក់ទំនងផ្លូវការរបស់រដ្ឋ ជៀសវាងការទំនាក់ទំនងប្រចាំថ្ងៃតាមបណ្តាញផ្សេងៗ មិនបង្កហេតុ ឬប្រកួតប្រជែង មិនបង្កើតការយល់ច្រឡំ ដើម្បីគោរពប្រទេសមិត្តភក្តិដែលជាដៃគូចរចា រក្សាបរិយាកាសអំណោយផលដល់ការដោះស្រាយជម្លោះ និងមិនប៉ះពាល់ដល់ស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គម»៕