ភ្នំពេញៈ ជនជាតិវៀតណាម និងខ្មែរ៦នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ​ ក្នុងរាជធានីភ្នំពេញ និងខេត្តស្វាយរៀង ពាក់ព័ន្ធទៅនឹងបទល្មើសគ្រឿងញៀនជាង៤គីឡូក្រាម និងជាង១៣០គ្រាប់ ក្នុង២ករណីផ្សេងគ្នា។

មន្ទីរប្រឆាំងគ្រឿងញៀនបានឱ្យដឹងនាថ្ងៃចន្ទ ទី១៦ ខែមិថុនា បានឱ្យដឹងថា គ្រឿងញៀនជាង៤គីឡូក្រាមត្រូវបានស្រាវ​ជ្រាវរកឃើញ និងដកហូត នៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈាន ទៅបង្ក្រាបករណី រក្សាទុកដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀននេះ នគរបាលបានធ្វើការឃាត់ខ្លួនបុរជាជនជាតិខ្មែរម្នាក់ អាយុ៣២ឆ្នាំ។ រីឯវត្ថុតាងជាគ្រឿងញៀន ដែលត្រូវបានដកហូត រួមមាន ប្រភេទកេតាមីន (Ketamine) ទម្ងន់ជាង៧០៧ក្រាម, គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ជាង ២ ០៦៦ក្រាម, និងគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (WY,ICE) ទម្ងន់ជាង ១ ២៩២ក្រាម។

ជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ការបង្រ្កាបនេះ ត្រូវបានដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមកិច្ចសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធ។

ក្នុងករណីដាច់ដោយឡែកមួយទៀត ជនសង្ស័យ ជាជនជាតិវៀតណាម៥នាក់ ក្នុងនោះមានស្រ្តីម្នាក់ ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀងឃាត់ខ្លួន ជាប់ទាក់ទងនឹងករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាត។

ប្រតិបត្តិការបង្ក្រាបករណីនេះ ធ្វើឡើងរយៈពេល២ថ្ងៃ គឺពីថ្ងៃទី៨ ដល់១១ ខែមិថុនា ឆ្នាំ២០២៥ នៅក្រុងបាវិត។

វត្ថុតាងជាង១០ប្រភេទ ដែលដកហូតរួមមាន ថ្នាំញៀនប្រភេទកេតាមីន ២កញ្ចប់ទម្ងន់ ១៤,២០ក្រាម, ថ្នាំញៀនប្រភេទមេតំហ្វេតាមីន៥ កញ្ចប់ទម្ងន់ ១១,៨៥ក្រាម, ថ្នាំគ្រាប់ពណ៌ក្រហម(WY)ប្រភេទកេតាមីនចំនួន១០៣គ្រាប់, ថ្នាំគ្រាប់ពណ៌ក្រហម(A)ប្រភេទមេតំហ្វេតាមីន ចំនួន១គ្រាប់, ថ្នាំគ្រាប់ពណ៌ផ្ទៃមេឃប្រភេទ(MDMA)ចំនួន៨ គ្រាប់, ថ្នាំគ្រាប់ពណ៌បៃតងប្រភេទ(MDMA)ចំនួន១៩គ្រាប់, ថ្នាំញៀនប្រភេទ(MDMA)សញ្ញារូបសេះ ១ កញ្ចប់, ជរ័អាភៀន១ កញ្ចប់, និងអាវុធខ្លីចំនួន៣ ដើម ដែលមានបង់ចំនួន៣ មានគ្រាប់ចំនួន ៤៣ គ្រាប់ ជាដើម។

កម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀងបានបញ្ជូនជនជាតិវៀតណាម ៥នាក់ ទៅកាន់សាលាដំបូងខេត្ត។

ក្នុងរយៈពេលជាង៥ខែដើមឆ្នាំ២០២៥នេះ យ៉ាងហោចណាស់សារធាតុញៀន និងសារធាតុគីមីផ្សំជាង ២តោនត្រូវបានរកឃើញ និងរឹបអូស ក្នុងយុទ្ធនាការបង្រ្កាបបទល្មើសគ្រឿងញៀនរួមចំនួន ៤ ១៣៤ករណី។

ក្នុងចំណោមជាង៤ពាន់ករណីនេះ មនុស្សចំនួន១០ ៧៦៥នាក់ ត្រូវបានឃាត់ខ្លូន ក្នុងនោះមានស្រ្តីចំនួន ៨៦២នាក់ផងដែរ៕