កោះកុងៈ គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ក្នុងគម្រោងថវិកាជាង ៧៨លានដុល្លារអាមេរិកបានបញ្ចប់ការសាងសង់១០០ភាគរយ ហើយធ្វើការប្រគល់-ទទួល ក្រោយពីការពិនិត្យវាយតម្លៃគុណភាព។

រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង លោក សូរ វ៉ិចទ័រ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCIeng & KECC Joint Venture និងក្រុមហ៊ុនសាងសង់សម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture ចុះពិនិត្យគុណភាព និងបច្ចេកទេសលើការអនុវត្តគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដើម្បីធ្វើពិធីប្រគល់-ទទួល កាលពីថ្ងៃអង្គារ ទី១៧ ខែមិថុនានេះ។

ការចុះពិនិត្យនេះ គឺពិនិត្យឡើងវិញទៅលើគុណភាព នៃការសាងសង់ ផ្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ជាដើម។ ក្នុងនោះបានធ្វើការពិនិត្យទៅលើកម្រាស់ និងការបង្ហាប់ស្រទាប់កៅស៊ូ AC (ខួង និងពិសោធ) ធ្វើតេស្តជម្រាបទឹកលើស្រទាប់កៅស៊ូ និងពិនិត្យចំណុចបច្ចេកទេសមួយទៀតផងដែរ។

ក្រសួងសាធារណការបញ្ជាក់ថា៖«ក្រោយពីបានត្រួតពិនិត្យរួចរាល់ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំក្រុមការងារប្រជុំវាយតម្លៃ និងបានឯកភាពធ្វើការប្រគល់-ទទួល ផ្លូវជាតិលេខ៤៨ ជាផ្លូវការ។ ក្នុងនោះផងដែរ ក្រុមហ៊ុនសាងសង់មានកាតព្វកិច្ចត្រូវថែទាំផ្លូវនេះ រយៈពេលធានា២ឆ្នាំបន្ថែមទៀតបន្ទាប់ពីការប្រគល់-ទទួលនេះ»។

លោករដ្ឋលេខាធិការ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងដល់ក្រុមការងារបច្ចេកទេសសាងសង់ទាំងអស់ ដែលបានសម្រេចការងារសាងសង់នេះ ទោះបីជាស្ថានភាពភូមិសាស្ត្រពិបាកក្នុងការសាងសង់ក៏ដោយ។

លោកក៏បានធ្វើការផ្តាំផ្ញើដល់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ កុំដឹកលើសទម្ងន់កម្រិតកំណត់ ដោយច្បាប់ ដែលនាំឱ្យខូចខាតដល់ផ្លូវថ្នល់ ដែលជាសមិទ្ធផលរបស់ប្រទេសជាតិ។

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨ គីឡូម៉ែត្រ ត្រូវបានសាងសង់ជាប្រភេទស្រទាប់កៅស៊ូ AC។ ការសាងសង់នេះ គឺចាប់ពីស្រុកស្រែអំបិល ត្រង់ផ្លូវបំបែកផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។​ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់នៅ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្រោមហិរញ្ញប្បទានសម្បទាន ពីសាធារណរដ្ឋកូរ៉េ ក្នងគ្រោងចំណាយថវិកាជាង ៧៨លានដុល្លារអាមេរិក ដើម្បី សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ផ្លូវនេះ ត្រូវបានស្ថាបនាជា៤គន្លង ចំនួន៥ ទីតាំង ប្រវែង ៣០គីឡូម៉ែត្រ និង២គន្លង ប្រវែង១១៨ គីឡូម៉ែត្រ។ គម្រោងនេះ គ្រោងអនុវត្តការសាងសង់ក្នុងរយៈពេល ៣២ ខែ ដោយចាប់ផ្ដើមដំណើការសាងសង់នៅថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២១ និងគ្រោងបញ្ចប់នៅដើមខែកក្កដា ឆ្នាំ ២០២៤។ ប៉ុន្តែដោយស្ថានភាពការរីករាលដាលនៃកូវីដ-១៩ និងកត្តាភូមិសាស្ត្រតំបន់ភ្នំ ធ្វើឱ្យគម្រោងនេះពន្យាពេលសាងសង់ជាង១ឆ្នាំ គឺបញ្ចប់ការសាងសង់នៅ ខែឧសភា ឆ្នាំ២០២៥ វិញ។

គម្រោងនេះ តភ្ជាប់ជាមួយផ្លូវជាតិលេខ១០ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា។ វាតភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃ ដែលត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច៕