
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន (ឆ្វេង) និងនាយករដ្ឋមន្ត្រីថៃ Paetongtar Shinawatra។ FB
លោក ហ៊ុន សែន បញ្ជាក់ថា សំឡេងសន្ទនាជាង ៩ នាទីរវាងលោកនិងនាយករដ្ឋមន្ត្រីថៃ ផែតុងតាន ស៊ីណាវ៉ាត្រា គឺជាសំឡេងពិត ហើយលោកអាចនឹងបញ្ចេញសំឡេងទាំងអស់ប្រសិនបើភាគីថៃចង់បាន។ នៅក្នុងកិច្ចសន្ទនានេះ ផែតុងតាន បញ្ជាក់ថា អ្នកស្រីកំពុងជួបសម្ពាធនៅក្នុងប្រទេសថៃ។
កិច្ចសន្ទនាដែលផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៨ មិថុនានេះ គឺជាការសន្ទនាកាលពីថ្ងៃទី១៥ មិថុនា រវាងមេដឹកនាំទាំងពីរ និងជាផ្នែកមួយនៃកិច្ចសន្ទនាជាង១៧នាទី។ នៅក្នុងការឆ្លើយឆ្លងតាមទូរស័ព្ទនេះភាគីទាំងពីរបានរិះរកវិធីបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែន ជាពិសេសដកចេញនូវការរឹតបន្តឹងរឿងម៉ោងចេញចូលព្រំដែនរវាងប្រទេសទាំងពីរ។
លោក ហ៊ុន សែន បានបញ្ជាក់ប្រាប់ទៅនាយករដ្ឋមន្ត្រីថៃ ថា កម្ពុជាមិនអាចចរចាបើកព្រំដែនដែលថៃអ្នករឹតបន្តឹងដោយខ្លួនឯងនោះទេ ពោលគឺថៃជាអ្នកដាក់បទបញ្ជា ដូច្នេះថៃ ជាអ្នកដកដោយខ្លួនឯង ហើយកម្ពុជាជាអ្នកធ្វើតាមក្រោយ ដូចជាការដកការហាមឃាត់ការនាំផ្លែឈើ និងបន្លែមកកម្ពុជា។
ការលេចធ្លាយការសន្ទនានេះកើតឡើងបន្ទាប់ពីការផ្លាស់ប្តូរពាក្យសម្តីដោយប្រយោលរវាងនាយករដ្ឋមន្ត្រីថៃ ដែលបាននិយាយថាមេដឹកនាំកម្ពុជា «ធ្វើនយោបាយដោយមិនមានវិជ្ជាជីវៈ» តាមរយៈការប្រើប្រាស់ហ្វេសប៊ុក។ ការលើកឡើងបែបនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឆ្លើយតបយ៉ាងខ្លាំងនៅថ្ងៃទី ១៧ មិថុនា។
នៅក្នុងការសន្ទនា នាយករដ្ឋមន្ត្រីថៃ ផែតុងតាន បានពណ៌នាថា ការរឹតត្បិតនៅតាមព្រំដែនត្រូវបានអនុវត្តដោយយោធាថៃ មិនមែនជាការសម្រេចចិត្តកម្រិតរដ្ឋាភិបាលនោះទេ។ អ្នកស្រីបាននិយាយថា អ្នកស្រីក៏ស្ថិតនៅក្រោមសម្ពាធនៅក្នុងប្រទេសថៃដែរ ដោយអ្នកខ្លះដេញអ្នកស្រីឲ្យមករស់នៅកម្ពុជាដោយចោទថាជានាយករដ្ឋមន្ត្រីកម្ពុជា។
លោក ហ៊ុន សែន បញ្ជាក់ថា សំឡេងនេះត្រូវបានថតទុកដើម្បីជៀសវាងការយល់ច្រឡំ ឬការបកស្រាយខុសនៅក្នុងបញ្ហាផ្លូវការ ដោយចាំបាច់ត្រូវថតការសន្ទនានេះសម្រាប់ជាតម្លាភាព រួមទាំងសម្រាប់គោលបំណងផ្ទៃក្នុងរបស់កម្ពុជា។
លោកលើកឡើងថា៖ «សំឡេងសន្ទនារវាងខ្ញុំ និងនាយករដ្ឋមន្រ្តីថៃ ខ្ញុំបានផ្ញើទៅគណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប ៨០នាក់។ នៅក្នុងនោះប្រហែលអាចមាននរណាម្នាក់ មិនពេញចិត្តនឹងនាយករដ្ឋមន្រ្តីថៃ ព្រោះក្រោយនិយាយគ្នាជាមួយខ្ញុំប៉ុន្មានម៉ោង បែរជាមេដឹកនាំថៃចេញមកចោទមេដឹកនាំកម្ពុជាថា ធ្វើនយោបាយអត់វិជ្ជាជីវៈ (Unprofessional) ធ្វើនយោបាយតាម Facebook ដែលនេះបង្ហាញពីទង្វើ និយាយផ្សេង ធ្វើផ្សឹង»។
ទោះបីលោកថា វាជាសំឡេងបែកធ្លាយ លោកក៏បញ្ជាក់ដែរថា៖ «ទាក់ទងសារសំឡេងបែកធ្លាយនេះ ខ្ញុំឃើញគេបង្ហោះតែជាង ៩នាទីប៉ុណ្ណោះ ដូច្នេះបើសិនភាគីថៃចង់បាន ខ្ញុំនឹងបញ្ជូនចេញទាំងស្រុងតែម្តងដែលមានរយៈពេល ១៧ និង ០៦នាទី»៕