
ប្រជាពលរដ្ឋចូលរួមបរិច្ចាគថវិកា ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ នៅខាងមុខមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប កាលពីចុងសប្តាហ៍កន្លងទៅ។ រូបថត មូលនិធិគន្ធបុប្ផាកម្ពុជា
ភ្នំពេញៈ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគជាង៤,៩លានដុល្លារអាមេរិកហើយគិតត្រឹមថ្ងៃពុធ ទី១៨ខែមិថុនានេះ តាមរយៈយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ខណៈពេលដែលមូលនិធិនេះ កំពុងតែរៀបចំការរត់សប្បុរសធម៌នៅខេត្តកំពត នាថ្ងៃទី២៩ ខែមិថុនានេះ ដើម្បីប្រមូលថវិកាបន្ថែមទៀត។
មូលនិធិគន្ធបុប្ផាកម្ពុជាបានប្រកាសថា គិតត្រឹមថ្ងៃទី១៨ ខែមិថុនា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសមមូលនឹងប្រាក់ដុល្លារចំនួនជាង៤,៩លានដុល្លារអាមេរិក ពីសប្បុរជនចំនួន ២៦ម៉ឺននាក់។
មូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវដល់សាធារណជន ដែលមានលទ្ធភាព មេត្តាបន្តចូលរួមបរិច្ចាគ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដើម្បីរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការនាំក្ដីសង្ឃឹម និងភាពញញឹម ដល់ទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ និងព្យាបាល ក៏ដូចជាសេវាសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមាន លោកស្រីពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយស បានរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ សម្រាប់កុមារកម្ពុជា រយៈពេល ១ខែពេញ ដោយគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។
ក្រោយពីបានផ្សព្វផ្សាយពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ក្នុងខេត្តសៀមរាប នាថ្ងៃទី១៤ ខែមិថុនា មូលនិធិគន្ធបុប្ផាក៏កំពុងតែរៀបចំកម្មវិធីរត់កម្សាន្តមួយ នៅខេត្តកំពត នាថ្ងៃទី២៩ ខែមិថុនានេះផងដែរ។
ថវិកាដែលបានពីការចុះឈ្មោះទាំងអស់ នឹងបរិច្ចាគទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងមានបេសកកម្មសង្រ្គោះជីវិតស្រ្តីមានផ្ទៃពោះ ទារក និងកុមាររាប់សែននាក់ ដោយមិនគិតថ្លៃ។
ទីតាំង នៃការរត់គឺ នៅរូបសំណាក់សេះសមុទ្រ ខេត្តកំពត ដែលមានចម្ងាយ៣គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង១០គីឡូម៉ែត្រ។ ពានរង្វាន់មានរហូតទៅដល់ ៣០ពានរង្វាន់សម្រាប់ បុរស និង ស្រ្តី ដែលរត់បានពីលេខ ១ ដល់លេខ ៥។
កញ្ចប់អ្នករត់ រួមមានអាវរបស់កម្មវិធី,ផ្លាកលេខ, មេដាយបញ្ចប់ទី, កាបូបស្ពាយ, អាហារសម្រន់ និងភេសជ្ជៈក្រោយការរត់ដោយឥតគិតថ្លៃ។
«១ម៉ឺនរៀល ១ម៉ឺននាក់» ២០២៥ រត់ដើម្បីភាពញញឹមរបស់កុមារនៅកម្ពុជា»៕