ក្រសួង​ការបរទេស​ថៃ​នៅ​ម៉ោង ១១ ព្រឹក​ថ្ងៃ​នេះ​បាន​កោះហៅ​ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ដើម្បី​ប្រគល់​លិខិត​តវ៉ា​មួយ​ បន្ទាប់​ពី​ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​នាយករដ្ឋមន្ត្រី​ថៃ ផែថុងថាន​ ស៊ីណាវ៉ាត្រា និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ត្រូវ​បាន​លេច​ធ្លាយ និង​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​កាល​ពី​ថ្ងៃ​ទី១៨ មិថុនា។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ថៃ Nikorndej Balankura បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​នៅ​ពេល​ថ្ងៃ​ត្រង់​នៅ​ថ្ងៃ​នេះ​ថា ការ​លេច​ធ្លាយ​នៃ​ការ​សន្ទនា​នេះ​គឺ​ជា «ការ​រំលោភ​លើ​ក្រមសីលធម៌​ការទូត​ ការ​រំលោភ​ទំនុក​ចិត្ត​ធ្ងន់ធ្ងរ​ និង​បំផ្លាញ​ការ​ប្រតិបត្តិ​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ»។

លោក​ថ្លែង​ថា៖ «ប្រទេស​ថៃ​ចាត់​ទុក​ថា​ សកម្មភាព​ទាំង​នេះ​ជា​ការ​ប្រព្រឹត្តិ​ដែល​មិន​អាច​ទទួល​យក​បាន​រវាង​រដ្ឋ​នានា។ វា​ផ្ទុយ​នឹង​ការ​អនុវត្ត​ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ និង​ស្មារតី​នៃ​ភាព​ជា​អ្នក​ជិត​ខាង​ល្អ។ វា​ក៏​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ទំនុក​ចិត្ត និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​មេដឹកនាំ និង​រវាង​​ប្រទេស​ទាំង​ពីរ ដែល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​ភាគី​ទាំង​សង​ខាង​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដោយ​ស្មោះ​ត្រង់»។

លោក Nikorndej ចោទ​មេដឹកនាំ​កម្ពុជា​ថា ប្រើប្រាស់​ទំនាក់​ទំនង​តាម​បណ្ដាញ​សង្គម​ក្នុង​គោល​បំណង​បង្កើន​ប្រជាប្រិយភាព​ពី​ក្នុង​ចំណោម​ប្រជាជន​និង​ដើម្បី​បំបែក​សង្គម​នៃ​ប្រទេស​ទាំង​ពីរ។ លោក​ប្រើ​ពាក្យ​ធ្ងន់ៗ​ថា ការ​ធ្វើ​បែប​នេះ «បង្ហាញ​ពី​ការ​មិន​គោរព​ចំពោះ​គោលការណ៍​នៃ​អ្នក​ជិត​ខាង​ល្អ ហើយ​មិន​គួរ​ទទួល​បាន​ការ​ជឿ​ទុកចិត្ត​និង​ការ​គោរព​ពី​សហគមន៍​អន្តរជាតិ​ទេ»។

កាល​ពី​ថ្ងៃ​ទី១៨ ខែមិថុនា សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោកស្រី ផែថុងថាន​ និង​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ជាង ១៧​នាទី ត្រូវ​បាន​ទម្លាយ​នៅ​លើ​បណ្ដាញ​សង្គម ដែល​ក្នុង​កិច្ច​សន្ទនា​នេះ​ ផែថុងថាន​ ស្នើ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​នៅ​តាម​ព្រំដែន ហើយ​លោក ហ៊ុន សែន បញ្ជាក់​ថា ភាគី​ថៃ​ជា​អ្នក​កែប្រែ​ម៉ោង​បើក​និង​បិទ​ព្រំដែន ហើយ​កម្ពុជា​ត្រូវ​រក្សា​កិត្តិយស​របស់​ខ្លួន​ដោយ​មិន​ចរចា​បើក​វិញ​ទេ គឺ​រង់​ចាំ​ធ្វើ​តាម​ថៃ​តែ​ប៉ុណ្ណោះ។

នៅ​ក្នុង​កិច្ច​សន្ទនា​នោះ​ដែរ ផែថុងថាន​ បាន​និយាយ​ដើម​មេបញ្ជាការ​ភូមិភាគ២​របស់​ថៃ Boonsin Padklang ថា​ប្រឆាំង​នឹង​ពួក​យើង (រដ្ឋាភិបាល​ថៃ)។​

ប៉ុន្តែ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា​នេះ នាយករដ្ឋមន្ត្រី​ថៃ ផែថុងថាន បាន​ចេញ​មុខ​សុំ​ទោស​​ពលរដ្ឋ​ថៃ​ជា​សាធារណៈ​ចំពោះ​ការ​សន្ទនា​តាម​ទូរស័ព្ទ ដោយ​លើក​ឡើង​ថា​វា​ជា​ការ​យុទ្ធសាស្ត្រ​ចរចា​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​ថៃ ថ្លែង​ថា៖ «អ្នកស្រី​ ផែថងថាន ស៊ីណាវ៉ាត្រា នាយក​រដ្ឋមន្ត្រី សូម​អភ័យទោស​ដោយ​ស្មោះ​ចំពោះ​សាធារណជន​ទាក់ទង​នឹង​ខ្លឹមសារ​សំឡេង​ដែល​បែក​ធ្លាយ​នៃ​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​មេដឹក​នាំ​កម្ពុជា។ រាល់​សកម្មភាព​ដែល​បាន​ធ្វើ​ឡើង​គឺ​ស្ថិត​នៅ​ក្រោម​ចេតនា​ការពារ​អធិបតេយ្យភាព​ជាតិ ការពារ​ផលប្រយោជន៍ និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ថៃ ទាំង​អ្នក​ដែល​នៅ​ក្នុង​ប្រទេស​ថៃ និង​អ្នក​ដែល​រស់​នៅក្នុង​ប្រទេស​កម្ពុជា»។

សេចក្ដី​ថ្លែងការណ៍​បន្ត​ថា ពាក្យ​សម្ដី​ដែល ផែថុងថាន​បាន​ប្រើ​គឺ​មាន​គោល​បំណង​បញ្ចុះ​បញ្ចូល​កម្ពុជា​ឱ្យ​សហការ​ក្នុង​ការ​បន្ធូរ​បន្ថយ​ជម្លោះ។

ពាក់​ព័ន្ធ​នឹង​ការ​កោះហៅ​ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ទៅ​ទទួល​លិខិត​តវ៉ា​នេះ ភ្នំពេញ​ប៉ុស្តិ៍ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​សំណាក់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​អ្នក​នាំពាក្យ​រដ្ឋាភិបាល​​បាន​ទេ​នៅ​ថ្ងៃ​ទី១៩ មិថុនា​នេះ។​

សម្រាប់​ការ​​ចោទ​ប្រកាន់​ថា មេដឹកនាំ​កម្ពុជា​ប្រើ​បណ្ដាញ​សង្គម​ដើម្បី​ធ្វើ​ទំនាក់​ទំនង​មិន​មាន​វិជ្ជាជីវៈ (unprofessional) ​និង​ដើម្បី​បង្កើន​ប្រជាប្រិយភាព​នោះ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត និង​ប្រធាន​ព្រឹទ្ធសភា បាន​លើក​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ ថា​វា​ជា​វិធី​សាស្ត្រ​រហ័ស​ក្នុង​ការ​បញ្ជូន​ព័ត៌មាន​ទៅ​ប្រជាពលរដ្ឋ ហើយ​មិន​ខុស​ពី​អ្វី​ដែល​មេដឹកនាំ​បាន​ធ្វើ​នោះ​ទេ។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា ថ្លែង​ថា ករណី​ថត​សំឡេង​ហើយ​បែក​ធ្លាយ​បែប​នេះ​ក៏​ធ្លាប់​កើត​មាន​ដែរ រវាង​ដឹកនាំ​អាមេរិក និង​មេដឹកនាំ​អាឡឺម៉ង់។ លោក​ថា​ ចំពោះ​ករណី​មេដឹកនាំ​កម្ពុជា​និង​ថៃ​នេះ វា​កើត​ឡើង​បន្ទាប់​ពី​មេដឹកនាំ​ថៃ​បង្កហេតុ​មុន​តាម​រយៈ​ការ​ប្រើ​ពាក្យ​មិន​សមរម្យ​មក​លើ​ថ្នាក់​ដឹកនាំ​កម្ពុជា ដូច​ជា​ថា ធ្វើ​នយោបាយ​មិន​ professional។

លោក​បន្ត​ថា ការ​ហៅ​ឯក​អគ្គរាជទូត​កម្ពុជា​ទៅ​ទទួល​លិខិត​នេះ គឺ​ថៃ​ធ្វើ​ដើម្បី​រក្សា​មុខមាត់​ថ្នាក់​ដឹកនាំ​របស់​គេ។

ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​របស់​អ្នក​នយោបាយ​ លោក​យល់​ថា​វា​ជា​វិធី​ដែល​មាន​ប្រសិទ្ធភាព ដូច​អ្វី​ដែល​មេដឹកនាំ​ពិភពលោក​តែង​តែ​ធ្វើ ដូច​ជា​នៅ​លើ​បណ្ដាញ​សង្គម​ X ជា​ដើម។

លោក​ថា៖ «សូម្បី​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ប្រកាស​ពី​ដំឡើង​ពន្ធ​ អី​ហ្នឹង​តាម​បណ្ដាញ​សង្គម​ដែរ។ អ្នក​នយោបាយ​តែង​មាន​យុទ្ធសាស្ត្រ​រៀងៗ​ខ្លួន ហើយ​ការ​អនុវត្ត​តែ​ខុសៗ​គ្នា»។

លោក គិន ភា បន្ត​ថា បញ្ហា​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ នឹង​មិន​មាន​ភាព​ធូរ​ស្រាល​ទេ ព្រោះ​វា​គឺ​ជា​ចំណាប់​ខ្មាំង​នៃ​នយោបាយ​ផ្ទៃក្នុង​ថៃ ហើយ​ស្ថានភាព​អាច​តានតឹង​ជាង​នេះ​ប្រសិន​បើ​ថៃ​មាន​មេដឹកនាំ​ថ្មី គឺ​តាន់​តឹង​រហូត​ដល់​មាន​ការ​ប្រឈម​មុខ​ប្រដាប់​អាវុធ។

លោក​ថា៖ «មេដឹកនាំ​ថៃ និង យោធា​គេ​អាច​បង្ហាញ​ថា​គេ​មាន​សាមគ្គីភាព​គ្នា ហើយ​គេ​ចង់​ផ្ដល់​មេរៀន​ដល់​កម្ពុជា។ បើ​មាន​រដ្ឋាភិបាល​ថ្មី​កើន​ឡើង វា​នឹង​មាន​ការ​ប្រែប្រួល​ច្រើន​រវាង​ទំនាក់​ទំនង​កម្ពុជា​ថៃ»។

ប្រសិន​បើ​មាន​រដ្ឋាភិបាល​ថ្មី​ លោក​បន្ត​ថា ទំនាក់​ទំនង​រវាង​ប្រទេស​ប្រទេស​ទាំង​ពីរ ស្ទើរ​តែ​លើក​គ្រប់​វិស័យ​នឹង​មាន​ការ​ប្រែ​ប្រួល ពោល​គឺ​មិន​មាន​ភាព​រលូត​ដូច​មុន​ទៀត​ទេ។ ឆ្លើយ​តប​នឹង​សេណារីយ៉ូ​បែប​នេះ កម្ពុជា​ត្រូវ​ពង្រឹង​វិស័យ​ការពារ​ជាតិ ធ្វើ​ពិពិធកម្ម​ទីផ្សារ​ និង​កាត់​បន្ថយ​ការ​ពឹង​អាស្រ័យ​ទៅ​លើ​ប្រទេស​ថៃ បង្កើត​ការងារ​ក្នុង​ស្រុក​ ក្នុង​ចំណោម​ចំណុច​អាទិភាព​ជា​ច្រើន​ទៀត»។

យ៉ាង​ណា​ក៏​ដោយ លោក​លើក​ទឹក​ចិត្ត​ឲ្យ​ប្រទេស​ទាំង​ពីរ​រក​វិធី​ធ្វើ​ឲ្យ​ទំនាក់​ទំនង​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​គ្នា៕