កំពង់ធំៈ ខេត្តចំនួន៥ កំពុង​ទទួលរងផលប៉ះពាល់ពីគ្រោះ​ជំនន់ទឹកភ្លៀង ដែលបង្កឱ្យមានការខូចខាតដំណាំស្រូវយ៉ាងហោចណាស់៩២៧ ហិកតា ក្នុងនោះខេត្តកំពង់ធំមានការខូចខាតច្រើនជាងគេ គិតមកដល់ត្រឹមថ្ងៃពុធ ទី១៨ ខែមិថុនានេះ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនានេះថា ខេត្តទាំង៥ ដែលកំពុងទទួលរងផលប៉ះពាល់គ្រោះជំនន់ទឹកភ្លៀងនោះរួមមាន ខេត្តតាកែវ ព្រះវិហារ កំពង់ធំ ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។ ជំនន់ទឹកភ្លៀងនេះធ្វើឱ្យខូចខាតផ្ទៃដីណាំស្រូវសរុបចំនួន ៩២៧ ហិកតា ក្នុងនោះ នៅខេត្តកំពង់ធំមានចំនួន ៨១៣ ហិកតា និងខេត្តបន្ទាយមានជ័យចំនួន ១១៤ ហិកតា។

ជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ធំបានកំពុងតែបង្កផលប៉ះពាល់ដល់ស្រុកចំនួន៥ ដូចជាស្រុកប្រាសាទសំបូរ កំពង់ស្វាយ សណ្តាន់ ស្ទោង និងស្រុកសន្ទុក។

រដ្ឋលេខាធិការ ក្រសួងកសិកម្ម លោកតូច ប៊ុនហ៊ួរ បានដឹកនាំក្រុមការងារចុះពិនិត្យ​ស្ថានភាពគ្រោះជំនន់ទឹកភ្លៀង ក្នុងខេត្តកំពង់ធំកាលពីថ្ងៃពុធ ទី១៨ ខែមិថុនា។

តាមការពិនិត្យ និងវាយតម្លៃនៅខេត្តកំពង់ធំ ផ្ទៃដីដែលទទួលរងផលប៉ះពាល់ដំណាំស្រូវសរុប ២ ២១០ ហិកតា ស្មើនឹង ២ ០៨២ គ្រួសារ។ ក្នុងនោះ ស្រុកប្រាសាទសំបូរ មាន៥ឃុំ ដែលប៉ះពាល់ដំណាំស្រូវសរុបចំនួន ៤៨៧ ហិកតា, ស្រុកកំពង់ស្វាយ មាន៧ឃុំ ដែលប៉ះពាល់ដំណាំស្រូវសរុបចំនួន ១ ១៦៦ ហិកតា និងស្រុកសណ្តាន់ មាន២ឃុំ ដែលប៉ះពាល់ដំណាំស្រូវសរុបចំនួន ២២៩ ហិកតា។

ដំណាំស្រូវដែលរលួយខូច ដោយសារតែជំនន់ទឹកភ្លៀង នៅក្នុងខេត្តកំពង់ធំ។ រូបថត ក្រសួងកសិកម្ម

ក្រៅពីនោះស្រុកស្ទោង មានការប៉ះពាល់ចំនួន៥ឃុំ ដែលមានស្រូវសរុបចំនួន ១៤៦ ហិកតា  និងស្រុកសន្ទុក មាន១ឃុំ គឺឃុំត្បូងក្រពើ ដែលប៉ះពាល់ដំណាំស្រូវចំនួន ១៨២ ហិកតា។

លោករដ្ឋលេខាធិការបញ្ជាក់ថា៖«ជារួម ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងដើមរដូវវស្សានេះ ជាប្រភេទស្រូវស្រាលមិនប្រកាន់រដូវ ហើយស្រែភាគច្រើនធ្វើក្នុងអាងស្តុកទឹក និងបឹងធម្មជាតិ ដោយបានដាំដុះតាំងពីចុងខែមីនា និងខែមេសា។ រដូវវស្សាឆ្នាំនេះមានភ្លៀងធ្លាក់ច្រើន ជាពិសេសភ្លៀងបានចាប់តាំងពីខែមេសា ទឹកបឹងកើនឡើងលឿន បណ្តាលឲ្យលិចលង់ស្រូវដំណាក់កាលដាក់គ្រាប់ និងមួយចំនួនបានទុំ ត្រៀមនឹងប្រមូលផល ប៉ុន្តែការលិចលង់មានរយៈពេលយូរថ្ងៃពេក បណ្តាលឲ្យមានការខូចខាតច្រើន»។

លោកក៏បានស្នើដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងអង្គភាពពាក់ព័ន្ធត្រូវត្រៀមបង្ការគ្រោះមហន្តរាយ ដើម្បីឆ្លើយតបរហ័សទៅនឹងគ្រោះមហន្តរាយបានទាន់ពេលវេលា៕

ដំណាំស្រូវដែលរលួយខូច ដោយសារតែជំនន់ទឹកភ្លៀង នៅក្នុងខេត្តកំពង់ធំ។ រូបថត ក្រសួងកសិកម្ម