ភ្នំពេញ៖ កិច្ចខិតខំ​ប្រឹងប្រែង​ការទូត​របស់​កម្ពុជាត្រូវ​បាន​មើលឃើញថា​មាន​សន្ទុះ​ទៅមុខ ​ក្រោម​ការដឹកនាំ​របស់​ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដោយ​ព្រឹទ្ធសភា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងកិច្ចការ​​ទំនាក់ទំនង​អន្តរជាតិ​​។​

លោក ចែម វីឌ្យ៉ា ប្រធាន​គណៈកម្មការ​ទី៥​ព្រឹទ្ធ​សភា បាន​គូសបញ្ជាក់ពី​តួនាទី​របស់​ព្រឹទ្ធសភា​ក្នុងការ​ពង្រឹង​នយោបាយ​ការ​ទូត​របស់​កម្ពុជា​អំឡុងពេល​កិច្ចពិភាក្សា​ជាមួយ​ក្លិប​អ្នកកាសែត​កម្ពុជា​នៅថ្ងៃទី​១៩ ខែ​មិថុនា​នេះ។

លោក​បាន​ឱ្យដឹងថា​ នយោបាយ​ការ​ទូតរបស់រដ្ឋ​ត្រូវបាន​ចង​តាម​រយៈ​ហត្ថលេខា​ចូលជាភាគី ឬ​កិច្ច​ព្រៀម​ព្រៀង។ ជាក់ស្ដែង នៅពេល​កម្ពុជា​ចូល​ជា​សិទ្ធិសញ្ញា ឬ អនុសញ្ញា នាយករដ្ឋ​ជា​អ្នកសម្រេច​ចូល​ជា​ភាគី​រដ្ឋ​លេខា រួច​សុំ​សច្ចាប័ណ្ណ​ពី​រដ្ឋសភា ហើយ​នៅពេល​សភា​អនុម័តរួច នឹង​ដាក់​ថ្វាយ​ព្រះ​មហា​ក្សត្រ ឡាយ​ប្រហត្ថលេខា​ដើម្បីបំពេញ​នីតិវិធី​តាម​ផ្លូវ​ច្បាប់​។

លោក វីឌ្យ៉ា បាន​ថ្លែងថា​៖ ​«ព្រះរាជាណាចក្រកម្ពុជា​បាន​រៀបចំ​ខ្លួន​ដើម្បី​ផ្ដល់​សច្ចាប័ណ្ណ​ចូលជាភាគី​សិទ្ធិ​សញ្ញា​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ (United Nations Convention on the Law of the Sea 1982)​។ តាមពិត យើង​ចូល​ភាគី​ចុះ​ហត្ថលេខា​នេះ​យូរហើយ​ តាំងពី​ទសវត្សរ៍​៨០ ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋាភិបាល​ត្រីភាគី​ កូតា​ខ្មែរ​ក្រហម​។

យ៉ាងណាមិញ «នយោបាយ​ការ​ទូត​សភា» របស់​ព្រឹទ្ធសភា មិនត្រូវ​បានចងដោយ​ច្បាប់​នោះទេ​។ ថ្វីដ្បិតតែ​នយោបាយ​ការ​ទូត​ផ្ដោតលើ​កិច្ចការ​ចម្បង​របស់​នាយករដ្ឋមន្ដ្រី ព្រឹទ្ធសភា​មាន​តួនាទី​សំខាន់​ក្នុង​អំណាច​នយោបាយ​ដើម្បី​ជួយ​វិស័យ​ការទូត​របស់​រដ្ឋ​។

លោក វីឌ្យ៉ា បានថ្លែងថា​៖ «​សម្ដេច​តេជោ​ផ្ដល់​អាទិភាព​ខ្ពស់​ចំនួន ៥ ដោយ​អាទិភាពទីមួយ គឺ​​នយោបាយ​ការទូត ទីពីរ​ គឺការ​ធ្វើ​ការ​យ៉ាង​ជិត​ស្និទជាមួយ​អង្គ​បោះ​ឆ្នោត​។ លោក​ផ្អែក​លើ​បទពិសោធរបស់​លោក​ ពេល​ធ្វើជា​​រដ្ឋមន្ដ្រី​ការ​បរទេស​តាំងពី​ឆ្នាំ​១៩៧៩។ លោក​យល់ថា វិស័យ​ការ​ទូត​ជា​វិស័យ​សំខាន់​ដែល​ជួយ​ពង្រឹង​សន្ដិភាព និង​ស្ថេរភាព​នយោបាយ​លើ​ផ្ទៃ​ប្រទេស​»។

កិច្ចពិភាក្សារវាងគណៈកម្មការទី៥ព្រឹទ្ធសភា ជាមួយក្លិបអ្នកកាសែតកម្ពុជា ស្ដីពី «នយោបាយការទូតសភា» ដែលរៀបចំឡើងនៅព្រឹទ្ធសភា ថ្ងៃទី១៩ ខែមិថុនា។ រូបថត ហុង រស្មី

លោក​បាន​រៀបរាប់​អំពី​សកម្មភាព​ការទូត​ជាមួយ​ថ្នាក់​ដឹកនាំ​អន្ដរជាតិ​តាំងពីប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន​ ឡើង​កាន់​តំណែង​កាលពី​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២៤​។

លោក ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា​កម្ពុជា បានបញ្ជាក់​ប្រាប់ BTV ថា ក្នុង​អាណត្តិ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​កំពុង​ជំរុញ​លើ​កិច្ចការងារ​ចំនួន​ពីរ​សំខាន់ គឺ​ទី​១ ការងារ​ការទូត​សភា និង​ទី​២ ជំរុញ​ការងារ​រវាង​សមាជិក​ព្រឹទ្ធសភា​ជាមួយ​អង្គ​បោះឆ្នោត ដែលជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​នៅ​មូលដ្ឋាន​ដោយផ្ទាល់​។​

ក្នុងការ​បញ្ជាក់អំពី​តួនាទី​រវាង​ «​នយោបាយ​ការ​ទូត​សភា» របស់​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា លោក វីឌ្យ៉ា បាន​ពន្យល់ថា ក្រៅពី​ការ​គ្រប់គ្រង​របស់​ស្ថាប័ន​ អ្នក​ដឹកនាំ​ស្ថាប័ន​ថា តើ​បុគ្គល​ដឹកនាំ​នោះ​ជា​ប្រសិទ្ធភាព​ខ្ពស់​ មាន​សិល្បៈ​ខ្ពស់​ក្នុងការ​ដឹកនាំ ស្ថាប័ន​នោះ​មាន​ឥទ្ធិពល។

ចំពោះ​ប្រទេស​ដែលមាន​សភាពីរជាន់ «ការ​ទូត​សភា» ត្រូវបាន​អនុវត្ដទាំងពីរ​ស្ថាប័ន ខណៈ​ដែល​រដ្ឋ​សភា​ក៏មាន​គណៈកម្មការ​ទី៥​ផង​ដែរ​។

លោកបានបញ្ជាក់ថា​៖ «​ប៉ុន្ដែ​តួ​អង្គ​ប្រធាន​ព្រឹទ្ធសភា​គឺសម្ដេចតេជោ ជា​អ្នកដឹកនាំ​ការ​ទូត​សភា ពីព្រោះ​លោក​ជា​ប្រធាន​គណបក្ស ដែលអាច​តែងតាំងទាំង​នាយករដ្ឋ​មន្ដ្រី និង​ប្រធាន​រដ្ឋ​សភា​។ សម្ដេច​តេជោ ជា​អ្នក​ដឹកនាំ តែ​លោក​មិន​ដណ្ដើម​ការងារ​រដ្ឋសភា​នោះទេ។ ដូច្នេះ ចំពោះ​ការងារ​ការ​ទូត​ កិច្ចការ​អន្ដរជាតិ​មួយចំនួន​ធំ​មក​ព្រឹទ្ធសភា លើកលែងតែ The ASEAN Inter-Parliamentary Assembly (AIPA) រដ្ឋសភា​ត្រូវ​ដឹកនាំ​»។

លោកស្រី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា បាន​ថ្លែងថា ការទូត​សភា​ជា​ការងារ​អាទិភាព​មួយ​របស់​រដ្ឋសភា ដែល​បាន​ដើរ​ស្រប​ជាមួយនឹង​ស្ថាប័នព្រឹទ្ធសភាក្នុងការ​ចូលរួម​លើកកម្ពស់​តួនាទី​របស់​កម្ពុជា ក្នុង​ទំនាក់ទំនង​ការទូត​សភា​​​ដើម្បី​សន្តិភាព និង​វិបុលភាព ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​នានា និង​បង្កើន​ទំនាក់ទំនង​រវាង​ប្រទេស ជាដើម​ក្នុងការ​នាំមក​នូវ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​។​

កិច្ចពិភាក្សារវាងគណៈកម្មការទី៥ព្រឹទ្ធសភា ជាមួយក្លិបអ្នកកាសែតកម្ពុជា ស្ដីពី «នយោបាយការទូតសភា» មានការចូលរួមពីអ្នកសារព័ត៌មានជាង ៧០នាក់ មកពី ៦៣ស្ថាប័ន។ រូបថត សហការី

ថ្លែង​បើក​សិក្ខាសាលា​ស្តីពី «​លទ្ធផល​នៃ​ការងារ​ការបរទេសរ​បស់​កម្ពុជា​និង​សភាពការណ៍​អន្តរជាតិ» កាលពី​ថ្ងៃទី​២១ ខែឧសភា លោកស្រីបានថ្លែងថា វា​​ទាមទារ​ចាំបាច់​ឱ្យមាន​ការចូលរួម​និង​ការបំពេញគ្នា​ទៅវិញទៅមក​រវាង​ការទូត​រាជរដ្ឋាភិបាល និង​ការទូត​សភា ដែលជា​ការទូត​រដ្ឋ​ប្រកបដោយ​បរិ​យា​ប័ន្ន និង​សន្តិភាព ដែលមាន​លក្ខណៈ បើកចំហរ ដើម្បី​ឆ្លើយតប​ទៅនឹង​ពិភពលោក​ដែល​បែកបាក់​កាន់តែខ្លាំង​ឡើង ដោយសារ​ការកើនឡើង​នូវ​ភាព​តានតឹង ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ និង​ការបែងចែក​មនោគមន៍​វិជ្ជា។​

លោក វីឌ្យ៉ា បាន​លើកឡើងថា លោក ហ៊ុន សែន ទទួល​ជួប​ប្រធានាធិបតីឡាវ ក្នុងនាមជា​ប្រមុខ​រដ្ឋ​ស្ដីទី ព្រះ​ចៅ​ស៊ុលតង់នៃ​ប្រទេស​ព្រុយណេ ថ្នាក់ដឹកនាំ​យោធាមីយ៉ាន់ម៉ា​តាម​ប្រព័ន្ធ​វីដេអូ ប្រធានាធិបតី​សាធារណៈរដ្ឋ​សង្គមនិយមវៀតណាម អនុប្រធានាធិបតីឡាវ រួមទាំង​សកម្មភាព​ក្រៅ​ប្រទេស​ជាច្រើន រួមទាំង​ជំនួប​ជាមួយ​ប្រធានាធិបតី​ចិន​​ទៀត។

ប្រធាន​គណៈកម្មការ​ទី៥​នៃ​ព្រឹទ្ធសភា បាន​លើកឡើងពី​កម្មវិធី​នយោបាយ​របស់​ប្រធាន​ព្រឹទ្ធសភា ដែលថ្លែង​អំឡុង​ពេល​ឡើង​កាន់​តំណែងថា៖ «សម្ដេច​តេជោ​ថ្លែង​ការពារ​រដ្ឋ​ធម្មនុញ្ញ របប​​រាជានិយម របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​របប​និតិរដ្ឋ​។ លោក​ធានា​ឯកភាព​ជាតិ​រឹងមាំ សាមគ្គីធម៌​សង្គម ហើយ​ការពារ ថែរក្សា ឯករាជ្យជាតិ អធិប្បតេយ្យ​ជាតិ បូរណាភាព​ទឹកដី និង​សេចក្ដីថ្លែថ្នូរ​»។

លោក វីឌ្យ៉ា បានបន្ដថា លោក ហ៊ុន សែន ត្រូវ​ធ្វើ​នយោបាយ​ការ​ទូតនេះ អាស្រ័យ​ទៅលើ​សភាព​ការណ៍​ពិភពលោក​ដ៏​ស្រួយ​ស្រាវទាំងក្នុង​តំបន់ និង​ពិភពលោក។

ជាក់ស្ដែង កម្ពុជា​ប្រឈម​នឹង​របប​ពន្ធ​ ដែល​គណប្រតិភូ​កម្ពុជា​នៅថ្ងៃទី​១៩ ខែ​មិថុនា កំពុងតែ​ធ្វើការ​ចរចា​ជុំទី​៣ ជាមួយ​សហរដ្ឋ​អាមេរិក​ ដើម្បីឱ្យ​សហរដ្ឋ​អាមេរិក​បន្ធូរ​បន្ថយ​ពន្ធពី ៤៩ភាគរយ​មក​ត្រឹម​កម្រិត​មួយ​ ដែល​អាច​ទទួល​យក​បាន។

លោកបាន​លើកឡើងពី​កិច្ច​ខិតខំ​ប្រឹង​របស់​ប្រធាន​ព្រឹទ្ធសភា​ក្នុង​ការងារ​ការ​ទូត ដោយ​បាន​ឱ្យ​ដឹងថា លោក ហ៊ុន សែន សុខ​ចិត្ដ​អវត្ដមាន​ពី​ទិវា​​ ៧ មករា ទៅជួប​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា ដើម្បី​ជួយ​ស្វែង​រក​សន្ដិភាព​ដល់​ប្រទេស​សមាជិក​អាស៊ាន​មួយ​នេះ។

ចំពោះ​ទំនាក់ទំនង​ជាមួយ​ប្រទេសថៃ លោក វីឌ្យ៉ា បាន​ឱ្យ​ដឹងថា នាយករដ្ឋមន្ដ្រីថៃ Chatichai Choonhavan អំឡុងទសវត្សរ៍​ឆ្នាំ​៨០​ បាន​ចាត់​ទុក​លោក​ ហ៊ុន សែន​ ជា​មេដឹកនាំ​​ដែល​ត្រូវ​ចងសម្ព័ន្ធមិត្ដ បើទោះបីជា​កម្ពុជា​នៅមាន​រដ្ឋាភិបាល​ត្រី​ភាគី​។

លោក​បាន​បញ្ជាក់ថា​៖ «ដោយ​សារតែ​នយោបាយ​របស់​សម្ដេច​តេជោ​នេះ ទើប​លោក​ត្រូវបាន​ទទួល​ស្គាល់​ជា​មេដឹកនាំ​ចេះ​ដោះស្រាយ​គ្រប់​បញ្ហា​ទាំងអស់​។ បើនិយាយ​ពី​មេដឹកនាំថៃ យើង​ក៏​មិន​ភ្លេច​លោក ថាក់ស៊ី ស៊ីនណាវ៉ាត្រា ជាមហាសេដ្ឋីថៃ ជា​រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស និង​ជា​នាយករដ្ឋមន្ដ្រី ដែលមាន​ទំនាក់ទំនង​សម្ដេច​តេជោ​»។

ក្រៅពី​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាលថៃ លោក វីឌ្យ៉ា បានបន្ដថា លោក​ ហ៊ុន សែន ក៏មាន​ទំនាក់ទំនងជា​មេ​យោធា​ថៃ រួមទាំង លោក​ប្រាយុទ្ធ ចាងអ៊ូចា៕