ភ្នំពេញៈ កម្ពុជាកំពុងតែប្រើប្រាស់សត្វសុនខ ដើម្បីបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿង​ញៀន នៅខណៈពេលដែលបញ្ហាគ្រឿងញៀន ទាំងក្នុងតំបន់ និងអន្តរជាតិ​មានការវិវត្តប្រែប្រួលស្មុគស្មាញ និងគ្រោះថ្នាក់ គួរ​ឱ្យ​ព្រួយ​បារម្ភ។

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងថ្នាក់ដឹកនាំមួយចំនួន នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន នាថ្ងៃពុធថ្ងៃទី១៨ ខែមិថុនានេះ បានជួបប្រជុំជាមួយមន្ត្រីជំនាញផ្នែកសុនខ និងត្រួតពិនិត្យ សមត្ថភាព​សុន​ខហិត​គ្រឿង​ញៀន ចំនួន៥ក្បាល នៅអង្គភាពអន្តរាគមន៍ពិសេស ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សុន​ខហិត​គ្រឿង​ញៀនទាំងនេះទទួលបានពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) ដែលនឹងត្រូវប្រើប្រាស់ ក្នុង​កិច្ចសហការជាមួយ អង្គភាពអន្តរាគមន៍ពិសេស ដើម្បីចូលរួម បង្ការ ទប់​ស្កាត់​និង​បង្រ្កាប​ប​ទល្មើ​ស​គ្រឿ​ងញៀ​ននៅ​ក្នុ​ង​ប្រទេ​សកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធខ្ពស់បន្ថែមទៀត។

លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា៖«សភាពការណ៍គ្រឿងញៀន ទាំងក្នុងក្របខណ្ឌអន្តរជាតិ និងក្នុងតំបន់ នៅ​តែ​មានការវិវត្តប្រែប្រួលស្មុគស្មាញ និងគ្រោះថ្នាក់ គួរឱ្យព្រួយបារម្ភ ដូច្នេះទាមទារឱ្យមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវរួម​សហការគ្នាបង្កើនការបង្ការ ទប់ស្កាត់ និងបង្រ្កាប បទល្មើសគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់»។

ក្នុងឱកាសនោះ លោកឃឹង សារ៉ាត់ បានណែនាំដល់មន្រ្តីជំនាញដែលថែទាំសុនខនីមួយៗ ត្រូវចេះ​ថែ​រក្សាសុខភាព​សុន​ខ​ឱ្យបានល្អ ទាំងការថែទាំ ការឱ្យចំណី និងហ្វឹក​ហ្វឺនសុន​ខហិតក្លិន​រកគ្រឿងញៀននេះឱ្យ​មាន​សមត្ថ​ភាព​ខ្ពស់ ដើម្បី​ទប់​ស្កាត់​បទល្មើសគ្រឿងញៀន នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងការចុះប្រតិបត្តិការម្ដងៗ។

អង្គភាពCMAC បានធ្វើអំណោយសត្វសុនខហិតគ្រឿងញៀនចំនួន១០ក្បាលដល់អគ្គស្នងការនគរបាលជាតិ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ និងបង្រ្កាបគ្រឿងញៀននៅកម្ពុជា។ រូបថត CMAC

លោកឧត្តមសេនីយ៍ឯក ក៏បានឧបត្ថម្ភដល់មន្រ្តីជំនាញថែទាំសុនខចំនួន១០នាក់។​ ក្នុង​ម្នាក់​ទទួ​ល​បាន​ថវិកា​១០ម៉ឺនរៀល និងមន្រ្តីជំនាញអន្តរាគមន៍ពិសេសមើលថែទាំសុនខចំនួន១០នាក់ ដែល ក្នុង​ម្នាក់​ចំនួន​៥​ម៉ឺន​រៀ​ល​ផ​ងដែ​រ។

អគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពCMAC កាលពីខែមករា ឆ្នាំ២០២៥នេះ បានចុះMOU លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខ និងការ​ផ្គត់ផ្គង់​សុនខជំនាញ​បច្ចេក​ទេស និង​ការងារកាត់​បន្ថយ​គ្រោះ​ថ្នាក់​ដោយសារមីន និងគ្រាប់យុទ្ធភណ្ឌសង្រ្គាម។

លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ក្នុងឱកាសនោះថា ការសហការជា​មួយ​មជ្ឈ​ម​ណ្ឌល​សកម្មភាពកំចាត់មីនកម្ពុជានេះ ត្រូវបានធ្វើឡើង ​បន្ទាប់​ពី​ទទួលបា​ន​ការ​ណែ​នាំរបស់ លោកស សុខា​ឧប​នា​យក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួ​ងមហាផ្ទៃ ដើម្បីឱ្យស្ថាប័នទាំង២ រួមសហការគ្នាឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត លើការ​ហ្វឹក​ហ្វឺន​ជំ​នាញ​ប​ច្ចេកទេសបញ្ជាសុនខនេះ ដើម្បីលើកកម្ពស់កិច្ចការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ និងប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

មន្រ្តីប្រឆាំងគ្រឿងញៀនចំនួន២០រូបបានចូលរួមនៅក្នុងវគ្គហ្វឹកហ្វឺនសុនខប្រឆាំងគ្រឿង នៅវិទ្យាស្ថានបច្ចេក​ទេស​សកម្មភាព​ក​ម្ចាត់​មីនខេត្តកំពង់ឆ្នាំង ដើម្បីឱ្យក្លាយជា​អ្នក​ជំនា​ញ​កាន់​សុ​នខ។ នៅពេលបិទវគ្គ នា​ថ្ងៃទី​១១​ ខែមិថុនានេះ អង្គភាពCMAC ក៏បានប្រគល់សុនខប្រឆាំងគ្រឿងញៀនចំនួន១០ក្បាល​ ជា​អំណោយ​ ជូន​អ​គ្គស្ន​ងកា​រ​នគ​រ​បាល​ជាតិផងដែរ។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អង្គភាពCMAC លោកហេង រតនាបានលើកឡើងក្នុង​ឱកា​ស​នោះ​ថា រាជរដ្ឋាភិបាលអណត្តិទី៧​ បានបន្តខិតខំប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ខណៈដែល​លោកឧបនាយ​ករដ្ឋមន្ត្រី​ ស​ សុខា​បាន​ខិត​ខំព​ង្រឹង​បច្ច​កវិ​ទ្យានិងកម្លាំងជំនាញ​ ដើ​ម្បី​អនុ​វ​ត្តស​កម្ម​ភា​ពប្រ​ឆាំង​គ្រឿង​ញៀន​នេះ​យ៉ា​ងសកម្ម។

មន្រ្តីមន្ទីរប្រឆាំងគ្រឿងញៀន ចុះត្រួតពិនិត្យមើលសមត្ថភាពសុនខហិតគ្រឿងញៀង នៅអង្គភាពអន្តរាគមន៍ពិសេស បន្ទាប់ពីទទួលបានពីអង្គភាពCMAC។ រូបថត Anti-Drug Department

អង្គភាពCMAC មានសមត្ថភាព និងសុនខ​ អាចបំពាក់ជំនាញសំខាន់ៗ​ដូចជា​ សុនខហិតមីន​ សុនខ​សន្តិភាព​ សុនខល្បាតតាមព្រៃ​ និងសុនខប្រឆាំងគ្រឿងញៀន​ជាដើម។

លោកមានប្រសាសន៍ថា៖«ស្របតាម "ស្មារតីខែ្មរធ្វើបាន"​ កម្ពុជាមាន​សមត្ថភាពគ្រប់គ្រាន់​ប្រកបដោយ​ទេព​កោសល្យ និងបទពិសោធន៍​ និងម្ចាស់ការបាន១០០ភាគរយ​ លើការងារបង្កាត់ពូជ​ ហ្វឹកហ្វឺនជំនាញ​សុនខ​ សម្រាប់ប្រើតាមតម្រូវការរបស់រាជរដ្ឋាភិបាល និងសង្គមជាតិ។ បច្ចុប្បន្ននេះ​ អង្គការ CMAC​ មាន​សមត្ថភាព​អាចផ្គត់ផ្គង់សុនខជំនាញសកម្មភាពកម្ចាត់មីនទៅអន្តរជាតិផងដែរ»។

យ៉ាងហោចណាស់សារធាតុញៀន និងសារធាតុគីមីផ្សំជាង ២តោនត្រូវបានរកឃើញ និងរឹបអូសក្នុង​យុទ្ធ​នា​ការ​បង្រ្កាបបទល្មើសគ្រឿងញៀនរួមចំនួន ៤ ១៣៤ករណី ក្នុងរយៈពេលជាង៥ខែដើមឆ្នាំ២០២៥នេះ។ ក្នុងនោះ មនុស្សចំនួន១០ ៧៦៥នាក់ ដែលមានស្រ្តីចំនួន ៨៦២នាក់ផងដែរ ត្រូវបានឃាត់ខ្លូន៕