
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើកដៃបោះឆ្នោតគាំទ្រឲ្យយកបញ្ហាព្រំដែនជាមួយថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅថ្ងៃទី២ មិថុនា ២០២៥។ SHS
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានថ្លែងថា ប្រសិនបើបញ្ហាព្រំដែនរវាងកម្ពុជានិងថៃមិនត្រូវបានដោះស្រាយតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទេនោះ វាអាចនាំទៅរកស្ថានភាពដូចនៅ Gaza ដែលអ៊ីស្រាអែលនិងប៉ាឡេស្ទីនប្រយុទ្ធគ្នាដោយគ្មានទីបញ្ចប់។
ថ្លែងក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២ មិថុនានេះ លោក ហ៊ុន សែន ថ្លែងថា ការបបួលថៃយកបញ្ហាព្រំដែនទៅកាន់ ICJ គឺជាការទុកមុខទុកមាត់ឲ្យភាគីថៃ។ ប្រសិនបើថៃនៅតែគេចវេះណាមួយនោះ «គឺច្បាស់ជាមានអាថ៌កំបាំងនៅពីក្រោយខ្នងហើយ»។
លោកថ្លែងថា អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០ មិនអាចធ្វើបានទៀតទេ ដោយសារតែវាមានរយៈពេល ២៥ឆ្នាំហើយ នៅតែគ្មានដំណោះស្រាយ ហើយថែមទាំងមានការប៉ះទង្គិចគ្នាបណ្ដាលឲ្យស្លាប់ទាហានខ្មែរម្នាក់។
លោក ហ៊ុន សែន៖ «បើមិនឲ្យតុលាការកាត់ក្ដីទេ រឿងនេះគឺដូចតំបន់ហ្គាហ្សា រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដូចគ្នា...ដោះស្រាយអត់ចប់ទេ ហើយវ៉ៃគ្នារហូត បើមិនតូច ក៏ធំ បើមិនធំ ក៏ដូចដែរ។ អីចឹង តើខ្លាចអីនឹងទៅកាន់តុលាការ បើយើងមានចិត្តស្មោះត្រង់»។
លោក ហ៊ុន សែន ថ្លែងថា កម្ពុជាគ្មានត្រូវការទឹកដីអ្នកណាទេ គឺសុំត្រឹមរក្សាទឹកដីដែលបន្សល់ទុកដោយអាណានិគមនិយមបារាំង និងបន្តដោយព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ។ ទឹកដីកម្ពុជាបានបាត់បង់អស់ធំណាស់ទៅហើយ «នៅសល់តែប៉ុនបាតដៃ យើងរក្សាប៉ុណ្ណឹងបានហើយ»។
នៅក្នុងកិច្ចប្រជុំនៅព្រឹកនេះដែរ គណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា បានគាំទ្រជាឯកច្ឆន្ទឲ្យរដ្ឋាភិបាលនាំយកបញ្ហាព្រំដែនជាមួយថៃទៅកាន់ ICJ។ លោក ហ៊ុន សែន ថា ប្រសិនបើភាគីថៃបដិសេធ វាបង្ហាញយ៉ាងច្បាស់ថា ថៃមានរបៀបវារៈលាក់កំបាំងនៅពីក្រោយខ្នង។
លោកថ្លែងថា កម្ពុជាក៏នឹងអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីធ្វើអន្តរាគមន៍ នៅពេលមានការផ្ទុះការប្រយុទ្ធគ្នាណាមួយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងក្នុងកិច្ចប្រជុំនេះថា កម្ពុជាសម្រេចចិត្តយកបញ្ហានេះទៅ ICJ បើទោះបីជាភាគីថៃ យល់ព្រម ឬមិនយល់ព្រម។ ខណៈដែលការស្វែងរកដំណោះស្រាយតាមផ្លូវចរចា និងតាមរយៈគណៈកម្មការកិច្ចការព្រំដែនចម្រុះនៅបន្តធ្វើ លោកលើកទឹកចិត្តឲ្យអ្នកនយោបាយកម្ពុជា និងប្រជាពលរដ្ឋឈរនៅពីក្រោយកងទ័ព។
លោក ហ៊ុន ម៉ាណែត៖ «ពេលនេះជាពេលដែលប្រទេសជាតិរបស់យើងត្រូវរួមគ្នាដើម្បីត្រៀមលក្ខណៈការពារជាតិ ការពារបូរណភាពទឹកដីរបស់យើង ជាពិសេសរួមគ្នានៅក្រោយកងទ័ពរបស់យើង។ រឿងនយោបាយ រឿងភាពខុសគ្នា យើងនិយាយពេលផ្សេង ប៉ុន្តែនិយាយអ្វីដែលប៉ះពាល់ដល់ទឹកចិត្តនិងទឹកដី សូមលុបទៅ។ មិនមែនពេលចំណេញនយោបាយផ្ទៃក្នុង ប្រឆាំងគ្នាឯងនោះទេ»៕