នៅពេលដែល​បច្ចេកវិទ្យា​ឌីជីថលកែប្រែការ​រស់នៅ​របស់​មនុស្ស​​ទូទាំង​ពិភពលោក ​​កម្ពុជា​​​កំពុង​ប្រឈមមុខ​នឹង​ការកើនឡើង​នៃអំពើ​ឆបោក​​តាម​អ៊ីនធឺណិត និង​ការជួញដូរ​មនុស្ស ដែល​អ្នកជំនាញ​និយាយថា វា​​មាន​ភាពស្មុគស្មាញ​ដោយសារ​គម្លាត​សមត្ថភាព​​ជំនាញ​បច្ចេកវិទ្យា និងការ​ចោទប្រកាន់​ពីសារព័ត៌មាន​ និងអង្គការ​អន្ដរជាតិ​មួយ​ចំនួន​។​

ទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង និង​កិច្ចសហប្រតិបត្តិការ​ជាប​ន្ត​បន្ទាប់​ជាមួយ​ដៃគូ​អន្តរជាតិ​ក៏ដោយ ក៏​សមត្ថភាព​មាន​កម្រិត​របស់​កម្ពុជា​ក្នុងការ​អភិវឌ្ឍន៍ និង​ការអនុវត្ត​បច្ចេកវិទ្យា​នៅតែ​ជា​ឧបសគ្គ​សំខាន់​ក្នុងការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ទាំងនេះ​។​

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បាន​និយាយថា កម្ពុជា​បាន​សហការ​ជាមួយ​បរទេស ទាំង​ដែល​ខ្លួន​មិន​ទាន់​ស្គាល់​អ្វី​ទៅជា​បទល្មើស​បច្ចេកវិទ្យា​ដោយមាន​ការ​បង្ក្រាប​ពី​ឆ្នាំ​២០១១ ហើយ​កម្ពុជាមាន​ច្បាប់​ពាក់ព័ន្ធការ​ជួញដូរ​មនុស្ស​នៅ​ឆ្នាំ​២០០៨ ទាំង​អនុសញ្ញា​អន្ដរជាតិ​នានា​។

លោកស្រីអះអាងថា កម្ពុជា​គឺជាប្រទេស​រង​គ្រោះ​អំពីអំពើ​ជួញដូរមនុស្ស និង​ឆបោក​តាមអនឡាញ ដោយសារ​កម្ពុជា​មិនមាន​ជំនាញខាង​បច្ចេកវិទ្យា​ទំនើប​ទាំង​នេះ​ឡើយ​ គ្រាន់តែជា​អ្នក​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ប៉ុណ្ណោះ​។

លោកស្រី​បានថ្លែងថា​៖ «​នៅគ្រប់​ប្រទេស​ទាំង​អស់ មិន​មែនជា​កម្ពុជា​នោះទេ ពួកគេ​បានង្ហាញ​ថា បញ្ហា​ឆបោកតាម​អនឡាញ​កំពុងតែ​ធ្វើ​ឱ្យ​មាន​ភាព​ស្មុគស្មាញ​ និង​ប្រឡាក់​ក្រឡា​គ្នា​នៅក្នុង​ចំណោម​បទល្មើស​ទាំង​ឡាយ ដែលជា​បទ​ល្មើស​ឆ្លង​ដែន ហើយវា​កំពុងតែរីកធំធាត់​»​។

មូលហេតុដែលនាំឱ្យ​អំពើជួញដូរមនុស្ស​កាន់តែ​រីកធំ ថ្វីដ្បិតតែមាន​កិច្ច​ខិតខំប្រឹងប្រែងរបស់​បណ្ដា​ប្រទេស​នានា​ លោកស្រី ប៊ុនអេង បាន​ឱ្យ​ដឹងថា វា​កើត​ពី​កត្ដា​តម្រូវការ និង​ការផ្គត់ផ្គង់​។

ប្រជាពលរដ្ឋ​នៃ​ប្រទេស​នីមួយៗ​រង​គ្រោះ​ដោយសារ​សង្គ្រាម បញ្ហា​គ្រោះ​ធម្មជាតិ ដែល​ទាក់ទង​នឹង​វិបត្ដិ​ហិរញ្ញវត្ថុ ដោយ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់ដៃ​ជន​ល្មើស ដែល​ផ្គត់ផ្គង់​តម្រូវការ​របស់​ពួកគេ។

លោកស្រី​ក៏បាន​លើកឡើងថា កត្ដា​ភ្លើតភ្លើន និងការ​អូញទាញ​តាម​គ្នា ដោយ​ទទួល​បាន​ចំណូល​ខ្ពស់​ ពួកគេ​មិន​គិត​អំពី​ផលលំបាក​ និង​ធ្លាក់​ចូល​អន្ទាក់​អ្នកកេង​ប្រវ័ញ្ច​។

លោកស្រីបានបន្ថែមថា​៖ «​ពិភពលោក​បច្ចុប្បន្ន​ឈាន​ទៅរក​ទស្សនៈ​អសីលធម៌ ដែល​មិន​ខ្វាយ​ខ្វល់​ពីនរណា​ទាំង​អស់ ក្រៅពី​ផល​ប្រយោជន៍​ខ្លួន​ឯង។ នេះ​ធ្វើ​ឱ្យ​អ្នក​កេង​ប្រវណ្ឌ​មាន​មហិច្ឆតា​កាន់តែធំ គួបផ្សំ​ប្រព័ន្ធ​ទំនាក់ទំនង​ទំនើប គឺ​អនឡាញ ជាមធ្យោបាយ​អូសទាញ និងពង្រីក​សក្ដានុពល​ទំនាក់ទំនង​រវាង​ជនល្មើស បណ្ដាញ​ ឆ្លង​ប្រទេស ឆ្លងទ្វីប​ និង​ជាមួយ​ជន​រង​គ្រោះ​យ៉ាង​ងាយ​ស្រួល​»។

លោកស្រី ប៊ុនអេង ទទួល​ស្គាល់ថា ជនល្មើស​បច្ចេកវិទ្យា​ដើរ​ឈាន​មុខ​ និង​លឿន​ជាង​សមត្ថកិច្ច​ក្នុង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ឆបោក​។

លោកស្រីនិយាយថា រាជរដ្ឋាភិបាល​បាន​ខិតខំប្រឹង​ប្រែង​ទប់​ស្កាត់​បទល្មើស​ទាំង​នេះតាំងពី​កវែកកឆ្នាំង​ រហូត​ដល់​ការ​​បង្កើត​គណៈ​កម្មកា​ធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរមនុស្ស​នៅ​ឆ្នាំ​២០១៤ ដែលមាន​ក្រសួង និង​ស្ថាប័ន​ចំនួន ២២ ជាសមាជិក និង ៥ អង្គភាព​ជំនាញ​។

លោកស្រី​អះអាងថា ការ​បង្ក្រាប​បទល្មើស​ជួញដូរ​ទទួល​បាន​ជោគជ័យ​ តែមិន​ជោគជ័យ​ដូច​ការ​រំពឹង​ទុក​។ សមត្ថកិច្ច​​​អាច​ទប់​ស្ថានភាព​មិន​ឱ្យ​រីករាល​ដាល​ខ្លាំង​។

កិច្ច​សហការ​រវាង​ស្ថាប័ន​ និង​អន្ដរជាតិ​ ធ្វើ​ឱ្យ​មាន​ការ​អូស​បន្លាយ​ពេល​យូរ និង​មាន​លក្ខណៈ​ខុស​គ្នា​ចំពោះ​ការ​អនុវត្ដ​ច្បាប់​នៅតាម​បណ្ដា​ប្រទេស​នីមួយៗ។ នេះ​ជា​ហេតុ​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​​រត់​មិន​ទាន់​ក្រុម​ឧក្រិដ្ឋជន ដែល​មាន​បណ្ដាញ​ចាត់តាំង​ និង​ប្រតិបត្ដិ​ការ​ដោយ​មិន​ខ្វាយ​ខ្វល់​ពីផល​ប៉ះពាល់​នោះទេ។

លោកស្រីបាន​ថ្លែងថា​៖ «​ទាក់ទង​នឹង​ច្បាប់ រវាង​ប្រទេស​ និង​ប្រទេស បក​ស្រាយ​មិន​ទាន់​ត្រូវ​គ្នា​ទេ។ ករណី​ខ្លះ យើង​ថាវាជា​បទល្មើស តែគេថា​មិន​មែន​ទេ។ ពេលយើង​ប្រាប់ថា ប្រជាពលរដ្ឋ​យើងជា​ជន​រង​គ្រោះ តែគេថា មិន​មែនទេ ម្នាក់​នោះ​ជា​ជន​ល្មើស​សម្រាប់​ច្បាប់​គេ។

ចំណោមសំណើ ២៥៧០ករណីនោះ សមត្ថកិច្ចរកឃើញថា ករណីរងគ្រោះពិតប្រាកដមានតែ ៦៨ករណីប៉ុណ្ណោះ ដោយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ១២៩នាក់ ៥សញ្ជាតិ និងឈានទៅដល់ការបិទទីតាំងបណ្ដោះអាសន្ន ២៤កន្លែង។ ក្រៅពីនេះ វាមានហេតុផលផ្សេងៗជាច្រើនទៀត។ រូបភាព បញ្ញាសិប្បនិម្មិត

តួនាទីរបស់កម្ពុជាជាប្រទេស​រងគ្រោះ ឬមជ្ឈមណ្ឌលឆបោក?

ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​អន្តរជាតិមួយ​ចំនួន​ ​បានចាត់ទុក​ប្រទេស​កម្ពុជា​ថា​ជា​មជ្ឈមណ្ឌលឆបោក​តាម​អ៊ីនធឺណិត ដែល​បង្កើន​ការព្រួយបារម្ភអំពី​ការធ្វើដំណើរ​ដែល​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​។​

ការចោទប្រកាន់​ទាំងនេះ​បាន​បង្កឱ្យមាន​ការរិះគន់​យ៉ាងខ្លាំង​ពី​មន្ត្រី​កម្ពុជា ដែល​ទទូចថា ​ប្រទេស​នេះ​ភាគច្រើន​ជា​ជនរងគ្រោះ មិនមែនជា​ប្រភព​នៃ​ឧក្រិដ្ឋកម្ម​បែបនេះ​ទេ​។​

លោក សុខ ផល ប្រធាន​គណៈ​កម្មការ​ចំពោះ​កិច្ច​ដើម្បីបង្ក្រាប​បទល្មើស​តាម​អនឡាញ បានឆ្លើយបត​ទៅនឹងការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​អន្ដរជាតិមួយ និង​របាយ​ការណ៍​របស់​អង្គការ​មួយ​ចំនួន ដែល​ចោទ​ប្រកាន់​ប្រទេស​កម្ពុជា​ជា​មជ្ឈមណ្ឌល​ឆបោក​ដ៏ធំ។

លោក​បាន​ឱ្យដឹងថា កម្ពុជា​ទទួល​ឥទ្ធិពល​ពី​បរទេស ខណៈ​ប្រជាជន​នៅ​យល់ដឹង​តិច​តួច​អំពី​ប្រតិបត្ដិការ​អនឡាញ​នេះ​ ដែល​មាន​សមត្ថភាព​ឆបោក​ប្រជាជន​នៅ​បរទេស​។

លោកបាន​បញ្ជាក់ថា​៖ «ឧក្រិដ្ឋជន​អនឡាញ​យក​ប្រទេស​កម្ពុជា​ជា​ទីតាំង​បង្ក​បទល្មើស​ និង​ឆបោក​ប្រជាពលរដ្ឋ​នៅ​បណ្ដា​ប្រទេស​ដទៃ​ទៀត​។ ជាលទ្ធផល​ក្នុង​កិច្ច​ខិតខំប្រឹង​របស់​រាជរដ្ឋាភិបាល​ គឺ​វិធានការ​បិទ​ប្រព័ន្ធអនឡាញ​ខុស​ច្បាប់​ក្នុង​ឆ្នាំ​២០១៩ ដោយ​សំដៅលើ​ល្បែង​ហ្គេម​អនឡាញ​»។

យ៉ាងណាមិញ លោក សុខ ផល ទទួល​ស្គាល់​ថា ប្រតិបត្ដិការ​ល្មើស​នៅតែ​មាន​ ដែល​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​នៃ​បទល្មើស​ឆបោក​តាម​អនឡាញ​។

លោកបាន​បញ្ជាក់ថា ជន​ល្មើស​ជ្រើស​រើស​ប្រទេស​ដែលប្រជាជន​មាន​ចំណេះដឹង​ផ្នែក​​បច្ចេកវិទ្យា​នៅ​ខ្សោយ ដែល​ធ្វើ​ឱ្យ​ពួកគេ​ងាយ​ស្រួល​ឈរ​ជើង។ លោក​ចង់​មានន័យថា ប្រតិបត្ដិការ​ឆបោក​តាម​អនឡាញ​នៅលើ​ទឹកដី​កម្ពុជា​ត្រូវបាន​ធ្វើ​ឡើង​ដោយ​ជន​បរទេស​សុទ្ធសាធ​។

បច្ចុប្បន្ន កម្ពុជា​ប្រើ​ប្រាស់​​ច្បាប់​គ្រប់គ្រង​ល្បែង​​ពាណិជ្ជកម្ម និង​ច្បាប់​ប្រឆាំង​ការ​លេង​ល្បែង​ស៊ី​សង​ខុស​ច្បាប់ ដែល​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៤​។ យ៉ាង​ណាមិញ ច្បាប់​នេះ​កំពុង​ត្រូវបាន​ពិនិត្យ​ កែសម្រួល ដោយសារ​តែ​វាមិន​បាន​និយាយ​អំពី​ល្បែង​ស៊ីសង​តាម​អនឡាញ​ ជាប្រទេស​ល្បែង​ស៊ីសង​ថ្មី​។

មិន​មែន​តែ​កម្ពុជានោះទេ​ បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ដូចជា​ មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ បាន​សហការ​គ្នា​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា​រាប់​ពាន់​រាប់​ម៉ឺន​ករណី ដែល​មាន​ប្រវត្ដិ​តាំងពី​អំឡុង​ឆ្នាំ​១៩៩០។ ពេលនោះ ប្រជាជន​មិនយល់​អំពី​បញ្ហា​ឆបោក​តាម​អនឡាញ​នេះទេ ដែល​ភាគ​ច្រើន វា​កើត​ឡើង​រយៈ​អ៊ីមែល​។

ជនបរទេសជាង ២ម៉ឺននាក់ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា។ រូបថត សហការី

បញ្ហា​ប្រឈម​នៃ​ប្រតិបត្ដិការ​អនុវត្ដ​ច្បាប់​ឆ្លង​ដែន​

លោក ស៊ាង ធារិទ្ធ អគ្គស្នងការ​រង​ តំណាង​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បាន​លើកឡើង​ពី​​ភាពស្មុគស្មាញនៃការស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលឆ្លងព្រំដែន និងពាក់ព័ន្ធនឹងតួអង្គមកពីប្រទេសជាច្រើន។

លោកបន្ដថា៖ «ចុង​អាណត្ដិទី៦ និង​ដើម​អាណត្ដិទី៧ ក្រសួង​មហាផ្ទៃ​បាន​បើក​ចំហទទួល​សំណើ​អន្ដរាគមន៍​ទាំង​កម្ពុជា និង​បរទេស​ពាក់ព័ន្ធនឹង​បញ្ហា​អនឡាញ​។ ពួកគេ​អាច​ផ្ដល់​ព័ត៌មាន​តាម​រយៈ​ Facebook ផ្លូវការ​របស់​ក្រសួង​មហាផ្ទៃ ទូរស័ព្ទ ឬ​តេឡេក្រាម ឬ Hotline (117) និង Hotline សម្រាប់​ជនបរទេស ០៣១ ២០១២ ៣៤៥»។

លោក ធារិទ្ធ បាន​ឱ្យ​ដឹងថា តាំងពីខែ​សីហា ឆ្នាំ​២០២៣ ដល់​បច្ចុប្បន្ននេះ សមត្ថកិច្ច​បាន​ទទួល​សំណើ​សុំអន្ដរាគមន៍​ ៤៧៧៧​សំណើ ដែលមាន​ជន​បរទេស​ចំនួន ៩៦៧០​នាក់​ និង ៣៥​សញ្ជាតិ​។ ទាក់ទង​សំណើ​ទាំងនោះ សមត្ថកិច្ច​បាន​ចុះ​អន្ដរាគមន៍​​​ចំនួន ៣៣៥៥​សំណើ ហើយ​សំណើ​ដែល​បាន​ការ​មានជាង ២ពាន់​សំណើ​​។

ចំណោម​សំណើ​ ២៥៧០ករណីនោះ​​ សមត្ថកិច្ច​រក​ឃើញ​ថា ករណី​រង​គ្រោះ​ពិត​ប្រាកដ​មានតែ ៦៨​ករណី​ប៉ុណ្ណោះ​ ​ដោយ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជន​សង្ស័យ ១២៩​នាក់ ៥សញ្ជាតិ និង​ឈាន​ទៅដល់​ការ​បិទ​ទីតាំង​បណ្ដោះ​អាសន្ន ២៤​កន្លែង។ ក្រៅពីនេះ វា​មាន​ហេតុ​ផល​ផ្សេងៗ​ជា​ច្រើន​ទៀត។

លោក ធារិទ្ធ បាន​ថ្លែងថា​៖ «​ចំណោម​ជន​រង​គ្រោះ ៦៨​ករណី ​​មិន​មែន​រង​គ្រោះដោយសារ​អំពើ​ជួញដូរ​មនុស្ស​ទាំងអស់​នោះទេ​។ ករណី​ខ្លះ​ជា​អំពើ​ហិង្សា ករណី​ខ្លះ​ជា​ករណី​បិទ​សិទ្ធិ​សេរីភាព ហើយ​ករណី​ខ្លះ​ជា​ករណី​បង្ខំ​ឱ្យ​ធ្វើ​ការ​»។

លោក​បាន​បញ្ជាក់​ពី​​ការ​យល់​ច្រឡំរបស់​​សាធារណៈ ក៏ដូចជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្ដរជាតិ​មួយ​ចំនួន​​ទាក់ទង​នឹង​សំណើ​សុំ​អន្តរាគមន៍ និង​បណ្តឹង​របស់​ជនរងគ្រោះ​នៃ​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត។

លោកបន្ដថា ជន​ល្មើស​មាន​អង្គការ​ចាត់​តាំង និង​មេក្លោង​នៅ​ក្រៅ​ប្រទេស​ ដែលជា​រឿង​ដ៏​ស្មុគស្មាញ​បំផុត​។ ជន​បរទេស​ភាគច្រើន​ប្រើ​ប្រាស់​អត្ដសញ្ញាណ​ក្លែង​បន្លំ និង​សម្ងំ​លួច​លាក់​ធ្វើ​ប្រតិបត្ដិការ​ឆបោក​ក្នុង​ទីតាំង​បិទ​ជិត​។ លើសពីនេះ ជន​បរទេស​ដែលធ្វើ​ការ​ឆបោក​ទាំង​នោះ​មិន​ស្គាល់​អត្ដសញ្ញាណ​មេក្លោង​របស់​ខ្លួន​នោះទេ​។

លោកបាន​លើកឡើងថា​៖ «​ពេល​សមត្ថកិច្ច​ចូល​ទៅដល់ទីតាំងនោះ ពួកគាត់​អត់ដឹង​អ្វី​ទាំង​អស់ ដោយ​គ្រាន់​តែ​ដឹង​ថា មក​ធ្វើ​ការ​តាម​រយៈ​​មិត្ដភក្ដិ មក​តាម​ការ​ផ្សព្វផ្សាយ​ណាមួយ។ ពេល​យើង​ស្នើ​ឱ្យ​ពួកគាត់​ជួយ​កំណត់​នូវ​មេក្លោង ពួកគាត់​មិន​អាច​ជួយ​អ្វី​បាន​ឡើយ​»។

លោក ធារិទ្ធ បានបន្ដថា ជន​ល្មើស​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប ដែល​ងាយ​ស្រួលក្នុង​ការ​លប់​បំបាត់​ភ័ស្ដុតាង​ដោយ​ការ​ផ្ទេរ​សកម្មភាព​បទល្មើស​។

លោកបាន​និយាយថា បទល្មើស​បច្ចេកវិទ្យា គឺជា​បទល្មើស​ឆ្លង​ដែន​ដែ​លទាមទារ​ឱ្យ​មាន​កិច្ច​សហប្រតិបត្ដិការ​ជា​លក្ខណៈ​អន្ដរជាតិ​ទាំង​ទ្វេរ​ភាគី ថ្នាក់​តំបន់ ពហុ​ភាគី និង​ទាំង​សកល​លោក​ ដោយ​ទាមទារ​ចាំបាច់​នូវ​ការ​ចែក​រំលែក​ព័ត៌មាន​ត្រឹមត្រូវ និង​ស្មោះត្រង់។

លោក​បាន​ឱ្យ​ដឹងថា​៖ «​មិន​មែន​មានន័យថា បង្កើត​ព័ត៌មាន​មួយ​ដាក់​បន្ទុក​ឱ្យ​កម្ពុជា គឺជាប្រសិទ្ធភាព​នៃការ​បង្ក្រាប​បទ​ល្មើស​អនឡាញ​នោះទេ។ ប្រសិទ្ធភាព​នៃការ​បង្ក្រាប​បទ​ល្មើស​អនឡាញ និងការ​ផ្ដាច់ឫសគល់​ឧក្រិដ្ឋជន តម្រូវ​ឱ្យ​មាន​ការ​ចែក​រំលែក​ព័ត៌មាន​ដ៏ត្រឹមត្រូវ និង​ស្មោះត្រង់​នេះ​ឯង​។

ប្រទេសជាដៃគូ​ក្នុងការ​ដោះស្រាយ​បង្ក្រាប​បទល្មើស​ឆ្លងដែនជាញឹកញាប់​ មានដូចជា ប្រទេស​ថៃ ចិន វៀតណាម ជប៉ុន សហរដ្ឋ​អាមេរិក និង​អូស្ដ្រាលីជាដើម​។ 

ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការពារប្រជាជនកម្ពុជាដែលងាយរងគ្រោះ

លោកបាន​ឱ្យ​ដឹងថា សមត្ថកិច្ច​មិន​ទទួល​សុំ​កិច្ច​អន្ដរាគមន៍​ពី​ជន​រង​គ្រោះ​ដោយ​ផ្ទាល់ ដែ​ល​ធ្វើ​ឱ្យ​លំបាក​ដល់​នីតិវិធី​ប្រតិបត្ដិការ​។

លោក ធារិទ្ធ បាន​ឱ្យ​ដឹងថា​៖ «​យើង​មិន​អាច​ចេះតែ​ចោទ​ប្រកាន់​ទៅលើ​ទីតាំង​មួយ ដោយ​គ្រាន់តែ​ការ​មើល​ឃើញ​នឹង​ភ្នែកថាជា​ទីតាំង​មួយដែល​ប្រមូល​ផ្ដុំ​ដោយ​ជនបរទេស​ ហើយ​កំពុងតែ​ធ្វើ​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នោះទេ»។

លោក សុខ វាសនា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្ដោរប្រវែស ជាសមាជិក​គណៈកម្មការ បាន​បន្ដថា អគ្គនាយកដ្ឋាន​អន្ដោរប្រវែស សហការ​ជាមួយ​ក្រសួង​ការងារ ជាពិសេស អគ្គនាយកដ្ឋាន​ការងារ ចុះ​ត្រួតពិនិត្យ​ពលករ​បរទេស​។ ពេល​ចុះ​ត្រួតពិនិត្យ​នេះ ដែលមើលឃើញ​ពីទម្រង់​នៃការ​ជួញដូរ​មនុស្ស អគ្គនាយកដ្ឋាន​នឹង​ធ្វើការសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ទប់​ស្កាត់​បទល្មើស។

មន្ដ្រី​អគ្គនាយកដ្ឋាននៅតាម​ច្រក​ទ្វារ​អន្ដរជាតិទាំងអស់​ដែល​ពី​មុន​មកមិនបាន​ដឹង​ បាន​ឮ​អំពី​អំពើ​ល្មើស​ទាំង​នេះ​ ក៏​ទទួល​ការ​បណ្ដុះបណ្ដាល​អំពី​បទល្មើស​ជួញដូរ​មនុស្ស ការ​រត់ពន្ធ​មនុស្ស ការ​ជួញដូរ​គ្រឿង​ញៀន ការ​សម្អាត​ប្រាក់ (លាង​លុយ​កខ្វក់​)។

លោក វាសនា បាន​ថ្លែងថា​៖ «​យើង​ក៏​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ដើម្បី​វិភាគ​ទិន្នន័យ​ជន​បរទេស​ចេញ​ចូល​ប្រទេស​កម្ពុជា ដែល​វាយតម្លៃថា តើ​សញ្ជាតិ​ណា​ចូលមក​អាច​បង្ក​អំពើ​ជួញដូរ​មនុស្ស និង​សកម្មភាព​ឆបោក​អនឡាញ​ជាដើម»​។

លោក​លើកឡើងថា ប្រជាពលរដ្ឋ​ខ្មែរ​បាន​ទទួល​រង​គ្រោះ​ច្រើន​ណាស់​អំពី​អំពើ​ជួញដូរ​មនុស្ស និង​ឆបោក​តាម​អនឡាញ​នេះ ដោយ​លោក​បាន​បញ្ជាក់ថា ស្ដ្រី​ខ្មែរ​ដែល​ត្រូវបាន​ជួញដូរ​ ត្រូវបាន​បញ្ជូន​ពី​បរទេស​វិញ​មាន​ចំនួន​ច្រើន​។

លោក​ វាសនា បាន​និយាយថា​៖ «​ក្នុង​រយៈ​ពេល​៥ខែ​ដើម​ឆ្នាំនេះ ស្ដ្រី​ខ្មែរ​ត្រូវបាន​បញ្ជូន​ពី​ប្រទេស​ចិន​មក​កម្ពុជា​វិញ មាន​ចំនួន ១៤៦​នាក់ ក្នុង​ ៦៣​ករណី​។ នេះ​គ្រាន់តែ​ជាករណី​នៅ​ច្រក​ទ្វារ​អន្ដរជាតិ​ពោចិនតុង (អាកាសយានដ្ឋាន​ភ្នំពេញ​អន្ដរជាតិ)។ ចុះនៅ​ប្រទេស​ថៃ នៅ​វៀតណាម និង​បណ្ដា​ប្រទេស​ដទៃ​ទៀត ខណៈ​ការ​ទប់​ស្កាត់​កុំឱ្យ​ចាញ់​បោក​ត្រូវបា​ន​ជួញដូរ​ទៅ​ក្រៅប្រទេស​ចំនួន ៥៦​ករណី​ ១០៥នាក់ ដែលមានស្ដ្រី ៩០​នាក់ រួមទាំងអនិតិជន​​​»។

លោកបន្ដថា ក្រោយ​បន្ដនិតិវិធី​កាត់ទោស​តាម​ផ្លូវ​ច្បាប់ ជន​បរទេស​ទាំង​នោះ​ត្រូវបានបណ្ដេញ​ចេញ​ពី​ប្រទេស​ និង​ដាក់​ក្នុង​បញ្ជី​ខ្មៅតាម​ការ​វេលា​កំណត់​ ទោះបីជា​ពួកគេ​អះអាងថា​ត្រូវបាន​គេឆបោក ឬជួញដូរ​​យ៉ាងណា​ក៏ដោយ​។

លោក វាសនា បាន​បង្ហាញ​តួលេខ​ថា ជន​បរទេស​ជាង ២​ម៉ឺន​នាក់​ត្រូវបាន​បណ្ដេញចេញពី​ប្រទេ​ស​កម្ពុជា​។

ក្នុងការ​ចូលរួម​ទប់ស្កាត់​ការ​ដួញដូរមនុស្ស និង​អំពើ​ឆបោក​អនឡាញ កម្ពុជា​សហការ​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន រួមទាំង ចិន កូរ៉េ និង​ជប៉ុន​ រួមទាំងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ International Organization for Migration (IOM)។

ការ​យល់​ច្រឡំ​ និងការ​ចុះផ្សាយ​ពីការ​ពិត​នៅ​កម្ពុជា​​

អាជ្ញាធរ​កម្ពុជា​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​បំភាន់​​ដែល​ភ្ជាប់​ប្រទេស​កម្ពុជា​ជា​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ដោយ​មិន​មានមូលដ្ឋាន​។

លោក ធារិទ្ធ បាន​បញ្ជាក់ថា បទល្មើស​បច្ចេកវិទ្យា​កំពុង​តែ​រីកសាយ​ភាយ​ពាសពេញ​ពិភពលោក ដែល​ជះ​ឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​ជា​អវិជ្ជមាន​មកលើ​​ប្រទេស​កម្ពុជា។

លោក​បាន​ចោទប្រកាន់​សារព័ត៌មាន​អន្ដរជាតិ​មួយចំនួន និង​អង្គការ​មួយ​ចំនួន ដែល​ធ្វើការ​ផ្សព្វផ្សាយ​អវិជ្ជមាន​អំពី​កម្ពុជា​ពាក់ព័ន្ធ​សន្ដិសុខ សុវត្ថិភាព ការ​ធ្វើ​ដំណើរ និង​ការវិនិយោគ ដោយ​ភ្ជាប់​ទៅនឹង​មជ្ឈមណ្ឌល​ឆបោកអនឡាញ ការ​ជួញដូរ​មនុស្ស អំពើ​ចាប់​ជំរិត បង្ឃាំង​ ទារុណ​កម្ម រួមទាំងការ​ព្យាយាម​លើក​យក​សភាពការ​ចាស់ៗ ហេតុការណ៍​កើត​ឡើង​នៅ​ក្រៅ​ប្រទេស និង​សភាពការ​កើត​ឡើង​គ្មាន​សំអាង​ច្បាស់​លាស់​ គោលបំណង​បង្ខូច​មុខ​មាត់​កម្ពុជា​។

ក្រៅពី​ធ្វើជា​សេនាធិការ​ក្រសួង​មហាផ្ទៃ​ក្នុងការ​បង្ក្រាប​បទល្មើស​អនឡាញ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ចូលរួម​សហការ​ផ្ដល់​ព័ត៌មាន ​និង​ការ​បង្ក្រាប​បទល្មើស​តាម​អនឡាញ​នេះ ក្នុង​គោលបំណងតែមួយ​គត់ គឺការពារ​ប្រជាពលរដ្ឋ​ទាំងកម្ពុជា និង​ប្រជាជន​ទូទាំង​សកលលោក​ពីការ​ខាតបង់​ចំពោះ​អំពើ​ឆបោក​តាម​អនឡាញ​។

លោក ធារិទ្ធ បាន​និយាយ​ដោយ​ដឹងច្បាស់ថា​៖ «​ជនឆបោកតាមអនឡាញ​នោះ​មិន​មែន​ប្រជាជន​កម្ពុជា មិន​កើត​នៅ​កម្ពុជា និង​មិន​រស់​នៅ​ប្រទេស​កម្ពុជា​ជា​អចិន្ដ្រៃយ៍​ដែរ​។ ពួកគេ​​​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា​ពី​ប្រទេស​របស់​ខ្លួន ឬ​ប្រទេស​ទីបី ដែល​ការ​បង្ក្រាប​អំពើឆបោក និង​ជួញដូរ​មនុស្ស តម្រូវ​ឱ្យ​មាន​កិច្ច​សហប្រតិបត្ដិការ​ជាសកល​ និង​ម្ចាស់​ការ​ទទួល​ខុស​ត្រូវ​រៀងៗ​ខ្លួន​តាម​ប្រទេស​»។

ប្រទេស​ទាំង​នោះគួរតែ​មាន​វិធានការ​ទប់​ស្កាត់​មុន​ពេល​ចូល​មក​ប្រទេស​កម្ពុជា មិន​មែន​រង់ចាំ​មកដល់​កម្ពុជា​ហើយ​ទើប​លើក​សំណើ​សុំអន្ដរាគមន៍ សុំ​ចាប់ ដែល​ហាក់​ដូចជា​ប្រលែង​មក​កម្ពុជាសិន​ ទើប​មាន​វិធានការ​តាម​ក្រោយ​។

លោកស្រី ប៊ុនអេង បាន​ថ្លែង​ទាំង​ស្រងាកចិត្ដ​ចំពោះការ​ចោទប្រកាន់​លើ​កម្ពុជា​ជាមជ្ឈមណ្ឌល​ឆបោក​អនឡាញ ដោយ​មាន​ការ​ផ្សព្វផ្សាយ​ហាម​ឃាត់​ប្រជាពលរដ្ឋ​របស់​គេ​មិន​ឱ្យ​ធ្វើដំណើរ​មក​កម្ពុជា ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ​។

លោកស្រី​បានចោទ​សួរ​វិញថា​៖ «តើ​មាន​រដ្ឋាភិបាល​ប្រទេស​ណា ដែល​ចង់​រក្សា​បទល្មើស​នៅ​ប្រទេស​ខ្លួន​ឯង​ដើម្បី​ចង់​អភិវឌ្ឍ​សេដ្ឋកិច្ច។ ខ្ញុំ​ចង់​និយាយថា ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដោយ​ចាប់​យក​បទល្មើស​នេះ​មិន​បាន​ផល​មក​រដ្ឋាភិបាល​នោះទេ តែ​បានផ្ដល់ទៅ​ជនល្មើស និង​ប៉ះពាល់​រដ្ឋាភិបាល និង​ប្រជាជន​ខ្លួន​ឯង​»​​។

លោក សុខ ផល បាន​បន្ដថា៖ «​បច្ចុប្បន្ន​នេះ ប្រព័ន្ធ​ឆបោកប្រើ​ប្រាស់​តាម​អ៊ីនធឺណិត​ ឌីជីថល​ដែល​ផ្ដល់​ភាព​ងាយស្រួល​ដល់​ជន​ឆបោក​ ហើយ​តាម​ការ​ប៉ាន់​ស្មាន តិច​ទៀត បញ្ហា​នៃការ​ឆបោក​នឹង​បន្ដ​ទៅ​លើ​បច្ចេកវិទ្យា​ AI ដែលជា​កត្ដា​គ្រោះថ្នាក់ ដោយសារ​ AI ប្រើទាំង​រូបភាព សំឡេង ឯកសារ ភ័ស្ដុតាង»។

លោក​និយាយ​ចំៗ​ថា កម្ពុជា​មិន​មាន​លទ្ធភាព​បង្កើត​ AI ដោយ​ខ្លួន​ឯង​នោះទេ ដោយ​គ្រាន់តែជា​អ្នក​ប្រើ​ប្រាស់​ប៉ុណ្ណោះ​។ តែ​បរទេស​យកទីតាំង​ប្រទេស​កម្ពុជា​ធ្វើ​សកម្មភាព​ឆបោក​៕