
ផែនការនាំយកបញ្ហាព្រំដែនជាមួយថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទទួលបានការគាំទ្រពីអតីតនាយករដ្ឋមន្ត្រី និងសាធារណជន ខណៈដែលក្រសួងការបរទេសកម្ពុជាទាមទារឲ្យភាគីថៃបើកការស៊ើបអង្កេតលើការបាញ់ប្រហារដែលជា«អំពើដ៏សាហាវ និងខុសច្បាប់» បណ្ដាលឲ្យទាហានខ្មែរស្លាប់ម្នាក់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីយប់មិញនេះបានបង្ហោះសារ បង្ហាញពីការសម្រេចយកបញ្ហាព្រំដែនជាមួយថៃ ជាពិសេសតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ។
លោកថ្លែងថា កម្ពុជាតែងតែប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈការប្រើប្រាស់យន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ។ ដូច្នេះ កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះនឹង JBC ជាមួយថៃនឹងត្រូវធ្វើឡើងជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាព្រំដែន និងបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។
លោកថា៖ «[កម្ពុជា]ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំ JBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង»។
ទោះបីការបន្តធ្វើកិច្ចសហប្រតិបត្តិការការជាមួយភាគីថៃ ដូចជាការវាស់វែងបោះបង្គោលព្រំដែននៅតែបន្តធ្វើដោយសន្តិវិធី និងតាមបច្ចេកទេសនិងតាមច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជា «រក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កម្លាំងកងទ័ព»។

ក្រោយការចេញសារនេះ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានចេញសារគាំទ្រការយកបញ្ហាព្រំដែនទៅតុលាការអន្តរជាតិ ICJ។
លោកសរសេរនៅលើបណ្ដាញសង្គមថា៖ «មុននេះបន្តិចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នឹងយកបញ្ហានៅមុំ៣ បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្តង។ ខ្ញុំគាំទ្រទាំងស្រុង ព្រោះ MOU ឆ្នាំ២០០០ ហាក់ទៅមុខមិនរួចដែលបង្កឲ្យមានភាពមិនច្បាស់លាស់រហូតចោទប្រកាន់គ្នា និងជម្លោះប្រដាប់អាវុធច្រើនដងមកហើយ»។
លោកបន្តថា៖ «ប្រសិនភាគីថៃមានចិត្តស្មោះត្រង់ចង់ដោះស្រាយពិតប្រាកដ គួរតែឯកភាពដឹកដៃគ្នាទៅឱ្យតុលាការជួយកាត់សេចក្តីតែម្តង មិនចាំបាច់កម្ពុជាប្តឹងនោះទេ។ យើងរង់ចាំមើលឥរិយាបទរបស់ថៃលើចំណុចនេះ តើហ៊ាន ឬមិនហ៊ាន?»។
លោកលើកទឹកចិត្តឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានការអត់ធ្មត់ តែក៏ត្រូវត្រៀមខ្លួនវាយបកគ្រប់ទម្រង់នៃការឈ្លានពាន។
សាធារណជនដែលប្រើប្រាស់បណ្ដាញសង្គម ក៏បានចែករំលែកការយល់ស្របទៅនឹងការយកបញ្ហាទាំងនេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិផងដែរ។

ក្រសួងការបរទេស ក្នុងកំណត់ទូតចុះថ្ងៃទី២៩ ខែឧសភា ទៅកាន់ស្ថានទូតថៃ បានលើកឡើងថា ភាគីថៃបាបើកការវាយប្រហារលើភាគីកម្ពុជានៅលេណដ្ឋានមួយកន្លែងស្ថិតនៅភូមិតេជោមរតក ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលឲ្យទាហានខ្មែរម្នាក់ស្លាប់ «ដោយអយុត្តិធម៌» កាលពីម៉ោង ៥កន្លះព្រឹកថ្ងៃទី២៨ ខែឧសភា។
ក្រសួងបញ្ជាក់ថា កម្ពុជាបានឈរលើទីតាំងនោះតាំងពីមានយូរយាណាស់មកហើយ គឺតាំងពីមុនពេលចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០០០។ ក្រសួងតវ៉ាចំពោះសកម្មភាពបាញ់ប្រហារនេះ។
ក្រសួងការបរទេស៖ «រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យមានការស៊ើបអង្កេតជាបន្ទាន់ និងម៉ត់ចត់លើឧប្បត្តិហេតុហិង្សានេះ ហើយបុគ្គលដែលទទួលខុសត្រូវចំពោះអំពើដ៏សាហាវ និងខុសច្បាប់នេះ ត្រូវតែនាំមកផ្ដន្ទាទោសតាមច្បាប់»៕