
ក្រសួងបរិស្ថាន រកឃើញកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង ក្នុងស្រុកទឹកឈូ ខេត្តកំពត បំពុលប្រភពទឹកសាធារណៈ។ រូបថត ក្រសួងបរិស្ថាន
កំពតៈ ក្រសួងបរិស្ថានបានបញ្ជាឱ្យកសិដ្ឋានចិញ្ចឹមជ្រូកក្នុងស្រុកទឹកឈូ ត្រូវបញ្ឈប់ជាបន្ទាន់ នូវការបង្ហូរសំណល់រាវទៅក្នុងអូរសាធារណៈ និងត្រូវបង់ពិន័យ ចំពោះការប្រព្រឹត្តល្មើសច្បាប់ ដែលបង្កឱ្យពុលបរិស្ថាន។
ក្រុមការងារក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្ទីឧស្សាហកម្ម វិទ្យាសាស្រ្តនិងនវានុវត្តន៍ខេត្តកំពត និងអាជ្ញាធរមូលដ្ឋាន បានរកឃើញករណីការបំពុលទឹកអូរធំ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។ ការបំពុលនេះបង្កឡើងពីសំណល់រាវរបស់កសិដ្ឋានចិញ្ចឹមជ្រូក សូ សាវឿន មានទីតាំងស្ថិតនៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ដែលបានបណ្តាលឱ្យមានត្រីងាប់ផងដែរ។
ក្រសួងបានឱ្យដឹងនាថ្ងៃសុក្រ ទី២០ ខែមិថុនាថា ក្រោយពីចុះពិនិត្យដល់ទីតាំងជាក់ស្តែង ឃើញថា នៅក្រៅទីតាំងកសិដ្ឋាន ត្រង់ព្រំប្រទល់កសិដ្ឋានចិញ្ចឹមជ្រូក និងដីឯកជន ឃើញទឹកមានសភាពពណ៌ខៀវក្រម៉ៅ និងមានក្លិនស្អុយតិចៗ។ នៅត្រង់ចំណុចទំនប់បង្ហៀរក្នុងដីឯកជននោះ ក៏ឃើញមានត្រីងាប់ ហើយទឹកមានពណ៌ក្រម៉ៅ មានក្លិនស្អុយ។
រីឯ នៅពេលពិនិត្យក្នុងទីតាំងកសិដ្ឋានចិញ្ចឹមជ្រូកវិញ តំណាងម្ចាស់កសិដ្ឋាននេះ បានឱ្យដឹងថាមិនមានដាក់ជ្រូកចិញ្ចឹមទេនាពេលបច្ចុប្បន្ននេះ ព្រោះថាកសិដ្ឋានបានផ្អាកការចិញ្ចឹមអស់រយៈពេល២ខែមកហើយ។
ក្រសួងបញ្ជាក់ថា៖«ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះបានផ្តល់ព័តមានថា កន្លងមកទឹកដៃអូធំនេះបានប៉ះពាល់ពីការបង្ហូរសំណល់រាវពីកសិដ្ឋានចិញ្ចឹមជ្រូកក្បែរនេះ ដែលធ្វើឱ្យទឹកឡើងពណ៌ខ្មៅ និងមានខ្លិនស្អុយ ខ្លាំងនៅពេលភ្លៀង និងពេលខ្លះមានត្រីងាប់ផងដែរ»។

ក្រុមការងារពិនិត្យឃើញថាកសិដ្ឋានមានអាងស្តុកសំណល់រាវ ដែលរៀបចំមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ កសិដ្ឋានបានបូមសំណល់រាវយកទៅដាក់តាមរងចំការដូងក្នុងកសិដ្ឋាន ដែលជាហេតុធ្វើឱ្យសំណល់រាវទាំងនោះហូរចូលទៅក្នុងដៃអូរធំ ដែលបង្កការមានការបំពុលបរិស្ថាន ធ្វើឱ្យមានត្រីងាប់ និងមានក្លិនស្អុយ។
ក្រុមការងារបានសម្រេចដាក់ចេញនូវវិធានការចំពោះមុខ ដល់កសិដ្ឋាននេះ គឺបញ្ជាឱ្យកសិដ្ឋានត្រូវបញ្ឈប់ជាបន្ទាន់ នូវការបង្ហូរសំណល់រាវទៅក្រៅកសិដ្ឋាន កុំឱ្យមានការហូរចូលក្នុងអូរធំ ដែលជាអូរសាធារណៈបន្តទៀត។ ក្រៅពីនេះ កសិដ្ឋានត្រូវទទួលរងពិន័យ ចំពោះការប្រព្រឹត្តល្មើសច្បាប់បង្កឱ្យមានការបំពុលបរិស្ថាន។
លើសពីនេះ កសិដ្ឋានក៏ត្រូវផ្តល់សំណងផលប៉ះពាល់ចំពោះការខូចខាតបរិស្ថាន និងស្តារសម្អាតឡើងវិញ ហើយកសិដ្ឋានត្រូវរៀបចំអាងប្រព្រឹត្តិកម្មសំណល់រាវឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
កសិដ្ឋានក៏ត្រូវរៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថាន ដាក់ជូនមន្ទីរបរិស្ថានពិនិត្យ និងវាយតម្លៃ ហើយក៏ត្រូវជូនដំណឹងដល់មន្ទីរ ក្នុងករណីមានការផ្លាស់ប្តូរទីតាំង ឬផ្អាកសកម្មភាពចិញ្ចឹមជ្រូក។

ក្រុមការងារនិងបន្តនីតិវិធីច្បាប់ ចំពោះករណីនេះ ស្រមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ។
យ៉ាងហោចណាស់ រោងចក្រ និងក្រុមហ៊ុនជាង៣១ទីតាំង ត្រូវបានរកឃើញថា បញ្ចេញសំណល់រាវធ្វើឱ្យប៉ះពាល់ដល់ប្រភពទឹកសាធារណៈ ក្នុងឆ្នាំ២០២៥៕

