អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ​​ផ្សព្វផ្សាយ​ឯកសារ​ទស្សនទាន​​​​ស្ដី​ពី​ការ​បង្កើតស្ថាប័នកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា​ដើម្បី​ទប់​ស្កាត់​ការ​វិល​ត្រឡប់​នៃ​របប​ប្រល័យ​ពូជសាសន៍​និង​ដើម្បី​គោលដៅ​អប់រំ។​

ការ​ផ្សព្វផ្សាយ​ឯកសារ​ទស្សនទាន​នេះ​​ធ្វើ​ឡើង​នៅ​ថ្អៃ​ទី១៩ មិថុនា​ ដឹកនាំ​ដោយ​លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធាន​ក្រុមការងារសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍសម្រាប់ការអនុវត្តមុខងារសេសសល់នៃ អ.វ.ត.ក.។ កិច្ច​ប្រជុំនេះ​​មានការ​ចូល​រួម​ពី​រដ្ឋមន្ត្រី​នៃ​ក្រសួង​ពាក់​ព័ន្ធ,​លោក​ Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និង​ មន្ត្រី​ស្ថានទូតចំនួន ១៨ ប្រទេស​ និង​​តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, និងអង្គការជាតិ​អន្តរជាតិជាច្រើន។

លោក Joseph Scheuer អ្នក​សម្រប​សម្រួល​អង្គការ​សហប្រជាជាតិប្រចាំកម្ពុជា។ ECCC

លោក វង្សី វិស្សុត បាន​លើក​ឡើង​ថា ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មាន​ទស្សនវិស័យវែង​ឆ្ងាយ ដែលសម្រេចបង្កើតស្ថាប័នកេរដំណែលរបស់អ.វ.ត.ក.​នេះ​ នាពេលអនាគត។

លោក​ថា ស្ថាប័នកេរដំណែល​នេះ​បង្កើត​ឡើង​ក្នុងគោលដៅពង្រឹងនិងថែរក្សាសន្តិភាពយូរអង្វែងនៅកម្ពុជា បង្ការការវិលត្រឡប់មកវិញនូវអំពើសាហាវយង់គ្នងនិងប្រល័យពូជសាសន៍ ព្រមទាំង ចែករំលែកបទពិសោធដែលទទួលបានដ៏លំបាករបស់កម្ពុជាទាក់ទងនឹងដំណោះស្រាយក្រោយជម្លោះ ការកសាងសន្តិភាព និងយុត្តិធម៌អន្តរកាលទៅថ្នាក់តំបន់និងសកលលោក។

លោក​បន្ត​ថា ស្ថាប័នកេរដំណែលនេះមានបេសកកម្ម ក្នុង​ការ​​គ្រប់គ្រង និង ថែរក្សាទុកបណ្ណសារពាក់ព័ន្ធនឹង អ.វ.ត.ក. និង​ ជំរុញការបណ្តុះបណ្តាល និងស្រាវជ្រាវលើសមិទ្ធផល បទពិសោធមានតម្លៃ និងយុត្តិសាស្ត្ររបស់ អ.វ.ត.ក.។

បន្ថែម​ពី​លើ​នេះ​ស្ថាប័ន​នេះ​នឹង​ផ្សព្វផ្សាយអប់រំដល់យុវជនខ្មែរជំនាន់ក្រោយ និងសាធារណជនទូទៅ ដើម្បីទប់ស្កាត់អំពើឃោរឃៅ និងអំពើប្រល័យពូជសាសន៍នៅកម្ពុជា ក៏​ដូចជា​បង្កើតភាពជាដៃគូជាមួយស្ថាប័នជាតិ និង អន្តរជាតិ ដើម្បីលើកកម្ពស់ការអប់រំ ការកសាងសន្តិភាព ការទប់ស្កាត់ឧក្រិដ្ឋកម្មអំពើប្រល័យពូជសាសន៍ និងយុត្តិធម៌អន្តរកាល។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ អ.វ.ត.ក. បញ្ជាក់​ថា៖ «សមាជិកអង្គប្រជុំបាន​គាំទ្រយ៉ាងពេញទំហឹងក្នុងការបង្កើតស្ថាប័នកេរដំណែលនេះ និងសន្យាផ្តល់ការគាំទ្ររបស់ខ្លួន ដើម្បីឱ្យក្លាយជាទីតាំងសម្រាប់ផ្តល់ព័ត៌មាននិងស្រាវជ្រាវដ៏សំខាន់ តាមរយៈការអប់រំ ការផ្សព្វផ្សាយ និងការស្រាវជ្រាវស៊ីជម្រៅកម្រិតជាតិ និងអន្តរជាតិសម្រាប់លើកកម្ពស់យុត្តិធម៌នៅក្នុងសន្តិភាព និងការទប់ស្កាត់ឧក្រិដ្ឋកម្មនិងអំពើឃោរឃៅនាពេលអនាគតក្នុងគោលដៅរក្សាសន្តិភាពយូរអង្វែងទាំងនៅកម្ពុជា នៅថ្នាក់តំបន់ និងនៅលើសកលលោកផងដែរ»។

លោក​ វង្សី វិស្សុត បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់អង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិដល់ដំណើរការរបស់ អ.វ.ត.ក. និងបានអំពាវនាវដល់ភាគីពាក់ព័ន្ធ សហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជន និង​អង្គការអន្តរជាតិនានា ឱ្យចូលរួមក្នុងគំនិតផ្តួចផ្តើម និងគាំទ្រស្ថាប័នថ្មីនេះរបស់កម្ពុជា។

លោក​ក៏​​ស្នើ​ឲ្យ​មានការ​ចូលរួម​ជា​​គំនិតនិងធនធានក្នុងភាពជាដៃគូសម្រាប់បង្កើតស្ថាប័នកេរដំណែលរបស់ អ.វ.ត.ក.នេះ​​ដើម្បី​រួមចំណែកដល់ការទទួលខុសត្រូវរួមក្នុងតំបន់ និងសកលរបស់​សម្រាប់ការកសាងសន្តិភាព ការដោះស្រាយក្រោយជម្លោះ និងយុត្តិធម៌អន្តរកាល៕