ភ្នំពេញៈ សមត្ថកិច្ចប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបង្ក្រាបករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម ហើយបានចាប់ខ្លួន បុរសជាជនជាតិអង់គ្លេសអាយុ៤១ឆ្នាំម្នាក់ កាលពីថ្ងៃអង្គារ ទី១៧ ខែមិថុនានេះ។

មន្ទីរប្រឆាំងគ្រឿងញៀនបានឱ្យដឹង នៅថ្ងៃព្រហស្បតិ៍ទី១៩ ខែមិថុនាថា នៅក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចបានធ្វើការរឹបអូស វត្ថុតាងជាកញ្ឆាក្រៀម ចំនួន២២ដុំ ដែលមានទម្ងន់ ១៩គីឡូ និង៩០២ក្រាម។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឱ្យដឹងថា ជនជាតិអង់គ្លេសម្នាក់នេះប៉ុនប៉ងនាំចេញកញ្ឆាក្រៀមនេះទៅប្រទេសអង់គ្លេស តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ប៉ុន្តែត្រូវសមត្ថកិច្ចជំនាញរកឃើញ។  

លោកមានប្រសាសន៍ថា៖«តុលាការបានចោទប្រកាន់ជនជាតិអង់គ្លេសរូបនេះ ពីបទដឹកជញ្ជូន និងត្រូវបានឃុំខ្លួននៅម១[ពន្ធនាគារព្រៃស]រួចហើយ»។

ប្រតិបត្តិការបង្រ្កាបនេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមកិច្ចសហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅច្រកអ្នកដំណើរចេញ និងលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

មន្ទីរប្រឆាំងគ្រឿងញៀនបានលើកឡើងថា៖«បើតាមការបញ្ជាក់ពីមន្ត្រីជំនាញ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ពួកឧក្រិដ្ឋជនធ្វើសកម្មភាពដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែន មានការកើតឡើងគួរឱ្យគត់សម្គាល់។ តាមការស៊ើបអង្កេតកញ្ឆាក្រៀមទាំងនេះ គឺមានប្រភពមកពីប្រទេសថៃ»។

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានឱ្យដឹងនាពេលថ្មីៗនេះថា សភាពការណ៍គ្រឿងញៀន ទាំងនៅក្នុងក្របខណ្ឌអន្តរជាតិ និងក្នុងតំបន់ នៅតែមានការវិវត្តប្រែប្រួលស្មុគស្មាញ និងគ្រោះថ្នាក់ គួរឱ្យព្រួយបារម្ភ។ ដូច្នេះ វាទាមទារឱ្យមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាបង្កើនការបង្ការ ទប់ស្កាត់ និងបង្រ្កាប បទល្មើសគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

កាលពីថ្ងៃទី១៩ ខែមិថុនា លោកឧត្តមសេនីយ៍ឯក ក៏បានជួបពិភាក្សាការងារ តាមប្រព័ន្ធអនឡាញZOOMជាមួយនឹង លោកវរសេនីយ៍ឯក ង៉ោ ថាញ់ប៊ិញ (Ngo Thanh Binh) ដែលទើបតែងតាំងថ្មី ជាប្រធាននាយកដ្ឋានតម្រួតស៊ើបអង្កេតបទល្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម។

នៅក្នុងជំនួបនេះ ភាគីទាំង២ បានប្តេជ្ញាចិត្ត បន្តកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន និងបទល្មើសសម្អាតប្រាក់ ដោយគោរពតាមយន្តការដែលមានស្រាប់ និងច្បាប់ នៃប្រទេសទាំង២។

មន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជាក់ជូនសាធារណជនថា ការជួញដូរ ការដឹកជញ្ជូន ការរក្សាទុក និងដាំដុះកញ្ឆា នៅកម្ពុជាគឺជាអំពើខុសច្បាប់ ដែលមានចែងនៅក្នុងច្បាប់ស្ដីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១២។

ក្នុងចំណោមសារធាតុញៀន និងសារធាតុគីមីផ្សំជាង២តោន ដែលត្រូវបានរកឃើញ និងរឹបអូស ក្នុងរយៈពេលជាង៥ខែដើមឆ្នាំ២០២៥នេះ ក៏មានកញ្ឆាក្រៀមជាង១៥១គីឡូក្រាម និងដើមកញ្ឆា ១២ ២១២ដើមផងដែរ៕