​ភ្នំពេញ៖ ពេល​ប្រទេសមួយ​ប្រឈមមុខ​នឹង​ការគំរាមកំហែង​ឈ្លានពានពីប្រទេស​ជិត​ខាង​ តួនាទី​អ្នកសារព័ត៌មាន​កាន់តែ​សំខាន់​ជាង​ពេលណាៗ​ទាំងអស់​។​

លោក ពុ​យ គា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា (CCJ) ថ្មីៗ​នេះ ​បានសរសេរ​សារ​​អំពី​ការទទួលខុសត្រូវ​រប​ស់​អ្នកសារព័ត៌មាន​នៅពេល​រាយការណ៍​អំពី​ការឈ្លានពាន ឬ​ជម្លោះទឹកដី​។​

សារ​របស់លោក​​ជាការក្រើន​​រំឭក​ទាន់ពេលវេលា​អំពី​តុល្យភាព​ដ៏​ល្អ​​​ដែល​អ្នកសារព័ត៌មាន​ត្រូវតែថ្លឹងថ្លែង​​រវាង​ការផ្តល់​ព័ត៌មាន​ដល់​សាធារណជន និង​ការការពារ​សន្តិសុខ​ជាតិ​។​

បើតាម​លោក ពុ​យ គា កាតព្វកិច្ច​ដំបូង និងចម្បង​​បំផុត​របស់​អ្នកសារព័ត៌មាន​ក្នុងពេល​មាន​វិបត្តិ​បែបនេះ គឺ​ត្រូវ​ផ្ទៀងផ្ទាត់​ព័ត៌មាន​ទាំងអស់​តាមរយៈ​ប្រភព​ដែល​អាច​ជឿទុកចិត្ត​បាន និង​ជា​ផ្លូវការ ដូចជា​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ ឬ​អ្នកនាំពាក្យ​រដ្ឋាភិបាល​។​

ការរាយការណ៍​ត្រឹមត្រូវ​គួរតែ​លម្អិត​អំពី​ទីតាំង ពេលវេលា វិសាលភាព​នៃ​ជម្លោះ របួស និង​ការ​ស្លាប់បាត់​បង់ជីវិត ឬ​ការ​ភៀស​ខ្លួន​​។

លោក គា​ ព្រមាន​អ្នកជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កុំ​ឱ្យប្រើ​ចំណងជើង​ប្រកាសអាសន្ន​ដែល​អាច​បង្កឱ្យមាន​ការ​ភ័យ​ស្លន់ស្លោ​ដោយ​មិនចាំបាច់​។

លោកពន្យល់ថា៖ «​ជំនួស​ឱ្យ​ការប្រើ​ពាក្យ​ថា «សង្គ្រាម​បាន​ផ្ទុះឡើងហើយ»​ ចំណងជើងគួរតែ​​ «​​ការប៉ះទង្គិច​ត្រង់​ព្រំដែន​កើតឡើង​កាន់តែ​ធ្ងន់ធ្ងរ» ផ្តល់នូវ​ការពិត​ចាំបាច់​ជា​សាធារណៈ​ដោយ​គ្មាន​ការភ័យខ្លាច»​។​

លោក​​បាន​សរសេរ​នៅលើ​បណ្តាញ Telegram ​ថា ​អ្នកសារព័ត៌មាន​ក៏ត្រូវ​តែ​ធ្វើឱ្យ​សាធារណជនទទួល​បាន​ដំណឹង​​បច្ចុប្បន្នភាព​អំពី​ការឆ្លើយតប​ជា​ផ្លូវការ​របស់​រដ្ឋាភិបាល​ផងដែរ​។​

មិន​ថា​វា​ជាការបង្រួបបង្រួម​កង​ទ័ព ការប្តឹងតវ៉ា​ជា​ផ្លូវការ ឬ​ការអំពាវនាវ​ទៅកាន់​ស្ថាប័ន​អន្តរជាតិ ដូចជា​តុលាការ​យុត្តិធម៌​អន្តរជាតិ ឬ​អាស៊ាន​សម្រាប់​ជំនួយ​នោះទេ ព័ត៌មាន​បែបនេះ​មាន​សារៈសំខាន់​ក្នុង​ការជួយ​ប្រជាពលរដ្ឋ​ឱ្យ​យល់​អំពី​វិសាលភាព​នៃ​ស្ថានភាព និង​វិធានការ​នានា​ដែល​ត្រូវបាន​ចាត់វិធានការ​ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​។​

នៅក្នុង​យុគសម័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ព័ត៌មាន​មិន​ពិត និង​ពាក្យ​ចចាមអារ៉ាម​បាន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​។​

លោក គា បាន​និយាយថា៖ «​​អ្នកសារព័ត៌មាន​គួរតែ​ចៀសវាង​បង្ហោះ​រូបភាព​សាហាវ ឬ​រាយការណ៍​ពី​ចំនួន​អ្នករងគ្រោះ​ដែល​មិនទាន់មាន​ការបញ្ជាក់​ត្រឹមត្រូវ​ដែល​អាច​ប៉ះពាល់​ដល់​អារម្មណ៍​សាធារណជន»​។​

ផ្ទុយទៅវិញ ប្រព័ន្ធ​ផ្សព្វផ្សាយ​គួរតែ​ពឹងផ្អែក​តែ​លើ​ការពិត​ដែល​បានបញ្ជាក់ ដើម្បី​រក្សា​ភាពជឿជាក់ និង​ជៀសវាង​ការបន្ថែម​ប្រេង​ទៅក្នុង​ភ្លើង​។​ ​ការជ្រើសរើស​ភាសា​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​បង្កើត​ការយល់ឃើញ​ជា​សាធារណៈ​។​

ប្រធាន CCJ ណែនាំ​អ្នកយកព័ត៌មាន​ឱ្យប្រើ​ពាក្យ​អព្យាក្រឹត និង​មិនញុះញុង ​ដូចជា «កងកម្លាំង​ប្រទេស​ជាប់​ព្រំដែន» ជាជាង «សត្រូវ​» ឬ «ពួក​​ឈ្លានពាន» លុះលើកលែងតែ​រដ្ឋាភិបាល​បាន​ហៅ​និង​ប្រើប្រាស់​រួចហើយ​។​

​វិធីសាស្ត្រ​នេះ​រារាំង​អរិភាព​ដែល​មិនចាំបាច់​ចំពោះ​ប្រជាជន​ជិតខាង ដែល​ប្រហែលជា​មិន​ចូលរួម​ក្នុង​ជម្លោះ​។​

ក្រៅពី​ការរាយការណ៍​ព្រឹត្តិការណ៍ អ្នកសារព័ត៌មាន​មានការ​ទទួលខុសត្រូវ​ក្នុងការ​រួមចំណែក​ដល់​ការឯកភាព​ជាតិ​។​

ការចែករំលែក​ការណែនាំ​អំពី​សុវត្ថិភាព​សាធារណៈ ផែនការ​ជម្លៀស និង​ព័ត៌មាន​ទំនាក់ទំនង​បន្ទាន់​ជួយ​រក្សា​ភាពស្ងប់ស្ងាត់ និង​សណ្តាប់ធ្នាប់​។​

លោក គា កត់សម្គាល់ថា​៖ «​ប្រជាពលរដ្ឋ​គួរតែ​ត្រូវបានលើក​ទឹកចិត្ដ​ឱ្យ​​ធ្វើតាម​ការណែនាំ​ជា​ផ្លូវការ និង​រក្សា​ភាពស្ងប់ស្ងាត់​»​។

​រូបភាព​ទាំងស្រុង ​រួមមាន​សកម្មភាព​ការទូត​ដែល​ធ្វើឡើង​ដោយ​រដ្ឋាភិបាល និង​អង្គការ​អន្តរជាតិ​ដែល​កំពុងធ្វើការ​ដើម្បី​ដោះស្រាយ​វិបត្តិ​ដោយ​សន្តិវិធី​។​

ការផ្តល់​បរិបទ​នេះ​ធានា​ដល់​សាធារណជន​ឡើងវិញ​ថា កិច្ចខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅរក​ដំណោះស្រាយ​អហឹ​ង្សា​នៅតែ​បន្ត​រួម​ជាមួយនឹង​ការត្រៀម​លក្ខណៈ​យោធា​។​

ទិដ្ឋភាព​ដ៏​រសើប​បំផុត​មួយ​នៃ​ការរាយការណ៍​អំពី​វិបត្តិ​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​អំពី​ប្រតិបត្តិការ​យោធា​។​

លោក គា សង្កត់ធ្ងន់ថា អ្នកសារព័ត៌មាន​ត្រូវតែ​ជៀសវាង​ការ​លាតត្រដាង​ពី​ចលនា​កងទ័ព ទីតាំង​យុទ្ធសាស្ត្រ ឬ​ព័ត៌មាន​លម្អិត​នៃប្រតិបត្តិ​ការ ដែល​កំពុង​អនុវត្ត​នៅតាម​ទីកន្លែង​ក្បែរ​ព្រំដែន ឬ​ក្បែរ​តំបន់​ប៉ះទង្គិច​គ្នា​។​​

លោក​បាន​បន្តថា​៖ «​កិច្ចសហការ​ជាមួយ​អាជ្ញាធរ ឬ​យោធា​ដើម្បី​ធានាថា​ការផ្សាយ​ព័ត៌មាន​មិន​ជួយ​ទៅដល់​ភាគី​អ្នករំលោភ​/​ឈ្លានពាន ឬ​ប៉ះពាល់​ដល់​ការពារជាតិ​​»​។​

ការស្វែងយល់​ពី​ឫសគល់​នៃ​ជម្លោះព្រំដែន ជួយ​សាធារណជន​យល់​អំពី​ភាពស្មុគស្មាញ​នៃ​ស្ថានភាព​។​

អ្នកសារព័ត៌មាន​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​បញ្ចូល​ព័ត៌មានប្រវត្ដិ​​អំពី​សន្ធិសញ្ញា​ប្រវត្តិសាស្ត្រ និង​ព្រឹត្តិការណ៍​អតីតកាល ដោយ​ពឹង​ផ្អែកលើ​ការវិភាគ​អ្នកជំនាញ​ពី​អ្នក​យុទ្ធសាស្ត្រ​យោធា មេធាវី​អន្តរជាតិ និង​អ្នកការទូត ជាជាង​ការយល់ឃើញ​ផ្ទាល់ខ្លួន​។​

លោក គា លើកឡើង​នូវ​សំណួរ​ទូទៅ​មួយ​៖ ការផ្តល់​ព័ត៌មាន​អំពី​សព្វាវុធ និង​ឧបករណ៍​យោធា​ក្នុងពេល​វឹកវរ ស្ថានភាព​មិនល្អ ឬ​ពេល​មាន​សង្គ្រាម​ជាមួយ​ប្រទេសជិតខាង ជា​កំហុសឆ្គង ឬ​យ៉ាងណា​?

លោក​បញ្ជាក់ថា ខណៈ​អ្នកសារព័ត៌មាន​មាន​សិទ្ធិ​ផ្តល់ព័ត៌មាន​ដល់​សាធារណៈជន​ត្រូវតែ​ធ្វើ​ក្នុង​ព្រំដែន​ច្បាប់ និង​ដោយ​ប្រយ័ត្នប្រយែង​។​

ការរាយការណ៍​ដែល​ទទួល​​ខុស​​បង្កើន​សីលធម៌​សាធារណៈ និង​បង្ហាញ​ពី​ការត្រៀមខ្លួន​ខាង​យោធា​។​

លោក គា បានបន្ដ​ថា៖ «​ទោះជា​យ៉ាងណាក៏ដោយ ការ​លាតត្រដាង​ច្រើនពេក ​ដូចជា​ទីតាំង​កងទ័ព​ពិតប្រាកដ ឬ​ប្រព័ន្ធ​សម្ងាត់ ​ប្រថុយ​នឹង​សន្តិសុខ​ជាតិ ហើយ​អាច​រំខាន​ដល់​យុទ្ធសាស្ត្រ​យោធា ឬ​ការចរចា​ការទូត»។​

លោក​ព្រមាន​ប្រឆាំងនឹងការផ្តល់​ព័ត៌មាន​យោធា​បែប​បំផ្លើស​ដែលមាន​លក្ខណៈ​គ្រាន់តែ​ចង់​ឱ្យគេ​ចាប់អារម្មណ៍ ខុសពី​ស្ថានភាព​ពិត អាច​បង្ក​ដល់​ការភ័យខ្លាច ឬ​កង្វល់​ដល់​មហាជន​៕