ភ្នំពេញៈ ក្រៅពីការបង្ហាញមហិច្ឆតារបស់ខ្លួន ក្នុងការចូលរួមជំរុញឱ្យមានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ កម្ពុជា បានអនុម័តសេចក្ដីថ្លែងការណ៍ផ្ទាំងទឹកកកឌូស្ហាន់បេ (The Dushanbe Glaciers Declaration) ដែលជាការ​ជំរុញ​មួយ ឱ្យរដ្ឋជាសមាជិក និងភាគីពាក់ព័ន្ធ អង្គការសហប្រជាជាតិមានវិធានការ ដើម្បីការពារផ្ទាំងទឹកកក។

ការបង្ហាញមហិច្ឆតា និងអនុម័តនេះ ធ្វើឡើង ក្នុងអំឡុងពេលដែល រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត ដឹក​នាំប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត​ទៅ​ចូល​រួម​សន្និ​សីទ​អន្ត​រជា​តិក​ម្រិ​ត​ខ្ពស់​ស្តីពី«ការអភិរក្សផ្ទាំងទឹកកក» (Glacier Preservation) នៅប្រទេសឌូស្ហាន់បេ ប្រទេសតាហ៊្សីគីស្ថាន ចាប់ពីថ្ងៃទី២៩ ដល់​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។

ក្រោយពីមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ នាយប់ថ្ងៃទី២ ខែមិថុនានេះ លោករដ្ឋមន្រ្តីបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌​មា​ន​ថា ជាមួយនឹងការអនុម័តសេចក្ដីថ្លែងការណ៍ លោកក៏បានអំពាវនាវ ដល់ការប្តេជ្ញាចិត្ត ដែលអាចអនុវត្តបានគំ​និត​ផ្តួច​ផ្តើមសហការ និងអនុសាសន៍ជាយុទ្ធសាស្រ្តនៅក្នុងសន្និសីទCOP30 នៅប្រទេសប្រេស៊ីលនាខែវិច្ឆិកាខាងមុខ ព្រម​​ទាំង ដើម្បីអនុវត្តសេចក្តីសម្រេចចិត្ត របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពី «ការអភិរក្ស​ផ្ទាំង​ទឹក​កក​ជា​សកលឆ្នាំ២០២៥»។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«កម្ពុជាប្តេជ្ញាពង្រឹងតួនាទីរបស់ខ្លួនក្នុងការអភិរក្សផ្ទាំងទឹកកក ដោយ​អំពាវ​នាវ​ឱ្យ​ប្រ​ទេសអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុគាំទ្រគម្រោងអភិរក្សប្រកបដោយភាពច្នៃប្រឌិត និងការ​ចែករំ​លែកប​ច្ចេកវិទ្យា​ក្នុង​ការត្រួតពិនិត្យផ្ទាំងទឹកកក និងប្រព័ន្ធព្រមានជាមុន»។

ការប្រែប្រួល​អាកាសធាតុ ធ្វើឱ្យផ្ទាំង​ទឹកកក​មានការរលាយ​យ៉ាង​លឿន ដែល​កំពុងតែ​រួមចំណែក​ដល់​ការកើនឡើង​នូវ​កម្ពស់​ទឹកសមុទ្រ។ ការរលាយ​នេះ​បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កម្រិត​ទឹកសមុទ្រ​ប្រហែល ០,៧៤ មិល្លីម៉ែត្រ​ក្នុង ១ឆ្នាំ ឬ ស្មើនឹង ២១ភាគរយ នៃ​កម្រិត​ទឹកសមុទ្រ​សរុប។

កម្ពុជាបានប្រកាសត្រៀមខ្លួន សហការជាមួយសហគមន៍អន្តរជាតិ ដើម្បីជំ​រុញស​កម្ម​ភា​ព​ទ​ប់ស្កា​ត់កា​រ​ប្រែប្រួ​ល​អាកា​សធា​តុ​ លើកស្ទួយកិច្ចគាំពារបរិស្ថាន និងធានាអនាគតប្រកបដោយចីរភាព ដើម្បីការពារផ្ទាំងទឹកកករបស់ពិភពលោក និងតុល្យភាពនៃភពផែនដី។

តំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គសន្និសីទអន្តរជាតិកម្រិតខ្ពស់នេះ លោករដ្ឋមន្រ្តីក៏បានចូល​រួម​ធ្វើ​សេច​ក្ដី​ថ្លែង​ការណ៍ នៅថ្ងៃទី៣០ ខែឧសភាផងដែរ។ ក្នុងនោះ បានគូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អនុវត្តកិច្ច​ព្រម​ព្រៀ​ងទី​ក្រុង​ប៉ា​រីស​ស្ដីពី​ការប្រែប្រួលអាកាសធាតុ ដោយបានកំណត់ក្នុងផែនការជាតិ រួម​ចំណែក​ឆ្លើយ​តប​នឹង​កា​រ​ប្រែប្រួ​ល​អាកា​ស​ធាតុ​ (NDC) ក្នុងគោលដៅជាប្រទេសអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។

កម្ពុជាក៏បានលើកឡើងពីការរួមបញ្ចូលក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន នូវសកម្មភាព​អាទិភាព​ក្នុង​ការ​កាត់​បន្ថយ​នូវ​ការ​បំភាយឧស្ម័នក្នុងវិស័យថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងសំណល់។

នៅថ្ងៃអង្គារ ទី៣ ខែមិថុនានេះ ក្រសួងបរិស្ថានបានឱ្យដឹងថា នាថ្ងៃទី៣១ ខែឧសភា លោករដ្ឋមន្រ្តីក៏បាន​ ធ្វើ​សេច​ក្ដី​ថ្លែង​ការណ៍ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំតុមូលថ្នាក់ដឹកនាំ (Leaders’ Round table) នៅក្នុងសន្និសីទ​អន្តរជាតិនេះដែរ។ ក្នុងនោះ បានផ្តោតលើការផ្ដល់ធាតុចូលពាក់ព័ន្ធការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅ មុន​កិច្ចប្រជុំលើកទី ៣០ រដ្ឋភាគីអនុសញ្ញាអង្គកាសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុCOP30។​ កម្ពុជាបាន​គូស​បញ្ជាក់ នូវការគាំទ្រយ៉ាងពេញទំហឹងនូវការពិគ្រោះយោបល់ "ផែនទីផ្លូវបាគូទៅប៊ែលឹម (Roadmap Baku to Belem) ដល់ ១,៣ពាន់ពាន់លាន" ក្នុងគោលបំណងពង្រីកហិរញ្ញវត្ថុអាកាសធាតុសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ជា​ពិ​សេស​តាម​រយៈជំនួយឥតសំណង ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ការបំភាយឧស្ម័នទាប និងធន់នឹងអាកាសធាតុ។

សន្និសីទអន្តរជាតិកម្រិតខ្ពស់ស្តីពី«ការអភិរក្សផ្ទាំងទឹកកក»នេះ ត្រូវបានរៀបចំឡើងយោងតាមស្មារតី នៃ​សេចក្ដី​ស​ម្រេច​ចិត្តរបស់មហាសន្និបាត អង្គការសហប្រជាជាតិ ស្តីពី «ការអភិរក្សផ្ទាំងទឹកកកជាសកលឆ្នាំ២០២៥» ដែល​បាន​អនុ​ម័តកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ ការអនុម័តនេះ គឺក្នុងគោលបំណងបង្កើនការយល់ដឹង លើកស្ទួយ និង​ជួយ​សម្របសម្រួលសកម្មភាពនានា ព្រមទាំងវិធានការប្រកបដោយចីរភាព ឆ្ពោះទៅរកការថែរក្សា និង​ ការ​គ្រ​ប់គ្រ​ងផ្ទាំ​ង​ទឹក​ក​កនៅ​គ្រប់កម្រិត ដែលត្រូវការជាចាំបាច់នូវសកម្មភាព និង​កិច្ច​ខិ​តខំ​ប្រឹ​ងប្រែ​ងប​ន្ថែ​មទៀ​តរ​បស់​ប្រទេ​ស​នានា​ជុំ​វិញ​ពិ​ភពលោក។

សន្និសីទ ដែលមានអ្នកចូលរួម ប្រមាណជាង២ ០០០នាក់មកពី៦០ប្រទេសនោះ ធ្វើឡើង​ក្នុង​គោល​បំ​ណងពង្រឹ​ងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំរុញរបៀបវារៈសកលសម្រាប់ការអភិរក្សផ្ទាំងទឹកកក។

ក្រសួងក៏បានឱ្យដឹងដែរថា ក្នុងអំឡុងពេលស្នាក់នៅ និងបំពេញការងារ ក្នុងប្រទេសតាហ៊្សីគីស្ថាននោះ លោករដ្ឋ​ម​ន្រ្តីក៏​បា​នជួបប្រជុំទ្វេភាគីជាមួយ លោកFUJII Hisayuki អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនផងដែរ។ ភាគីទាំង២ បាន​ពិភា​ក្សាអំ​ពី​ការ​ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ ជាពិសេសក្នុងវិស័យបរិស្ថាន ការផ្ទេរបច្ចេកវិទ្យា ក៏ដូ​ច​ជាកា​រគាំ​ទ្រ​នៃគម្រោងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការគ្រប់គ្រងសំណល់រឹងនិងសំណល់ប្លាស្ទិក ព្រម​ទាំ​ងកា​រ​គ្រ​ប់​គ្រងកា​របំ​ពុ​លបរិស្ថានផងដែរ៕