ភ្នំពេញៈ សមាជិកព្រឹទ្ធសភា និងរដ្ឋសភាបានស្មើឱ្យរាជរដ្ឋាភិបាលធ្វើការត្រួតពិនិត្យគុណភាពជីគីមី និងពូជ​ផ្លែឈើ​ចាស់ៗដែលនាំចូលពីបរទេស ហើយលើកទឹកចិត្តដល់កសិករ ឱ្យពង្រីកការដាំដុះដំណាំសរីរាង្គ ដើម្បីការ​ពារ​សុខ​ភាព​។

នៅក្នុងកិច្ចប្រជុំអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា លើរបៀបរវារៈ ប្រធានបទទី៣ ស្ដីពី​វិ​ស័យ​ក​សិ​កម្មនាថ្ងៃទី០៣ ខែ​មិថុនា សមាជិកព្រឹទ្ធសភា លោក​ម៉ុង ឫទ្ធី បាន​ស្មើ​ឱ្យ​រាជរដ្ឋាភិបាលត្រួតពិនិត្យគុណភាពជីគីមី និងពូជផ្លែឈើ ជាដើម ដែលកំពុងតែត្រូវបាននាំចូលពីប្រទេសជិតខាង។

លោកបានសំណូមពរដូច្នេះថា៖«សុំមេត្តាជួយត្រួតពិនិត្យការនាំចូលជី សំខាន់​គុណភាព។​ កុំឱ្យគេយក​ជី​គ្មាន​គុណ​ភាព​យក​ម​កល​ក់ឱ្យកសិករយើង ធ្វើឱ្យកសិករយើងយកមកដាក់ស្រែចម្ការ ទៅទទួលបានផលតិច ហើយតម្លៃ ផ​លិ​តខ្ពស់​»។

លោកក៏បានជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែង ក្នុងការផលិតពូជផ្លែឈើ ដើម្បីប្រើប្រាស់ខ្លួនឯងផងដែរ ដែលជា​ជាង​ពឹ​ង​ផ្អែ​កលើពូជផ្លែឈើដែលនាំចូលពីក្រៅប្រទេស។

លោក​ម៉ុង ឫទ្ធីបានស្នើថា៖«សុំឱ្យរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់ ផលិតពូជឈើហូបផ្លែ ដែល​ប្រ​ទេស​ជិត​ខាង​គេលក់ឱ្យយើង គឺឈើហូបផ្លែ ដែល​គេ​ឈប់​ប្រើហើយ ​បានគេលក់ឱ្យយើង។ គេមិនចង់​ឱ្យយើងទទួល​បាន​ផល​ច្រើ​នទេ។ គេធ្វើម៉េចឱ្យយើងទទួលបានផលតិច ដើម្បីឱ្យយើងនាំបន្លែផ្លែឈើពីគេមក ហើយ​ជួន​កាល​ប៉ះចំ​មាន​គីមី​អ៊ី​ចឹង​ទៀ​ត យើងក៏ទៅដេកពេទ្យស្រុកគេ ក៏ថាបានដែរ»។

លោកបានលើកឡើងថា ការងារធ្វើកសិកម្មដាំដុះ គឺត្រូវការចាំបាច់សំខាន់គឺពូជ ជី ទឹក និងដី។ ដោយឡែកចំពោះ​ដី​ ដែលមិនមានជីជាតិ គឺត្រូវការកែប្រែដី ដើម្បីអាចដាំដុះទៅបានផលច្រើន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និង រដ្ឋមន្រ្តីក្រសួងកសិកម្ម លោកឌិត ទីណា ចូលរួម កិច្ចប្រជុំ សមាជរដ្ឋសភា និងព្រឹទ្ធសភា លើរបៀបរវារៈ ពីវិស័យកសិកម្ម។ រូបថត ក្រសួងកសិកម្ម

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និង រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា បាន​ចូលរួម កិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ក្រោមអធិបតីភាព ប្រធានព្រឹទ្ធសភា លោកហ៊ុន សែន។

លោក​ម៉ុង ឫទ្ធីក៏បានកោតសរសើរដល់រាជរដ្ឋាភិបាល ដែលបានខិតខំពុះពារគ្រប់ឧបសគ្គតាំងពីបាតដៃទទេរ ដែល​«រក​អង្ករ​ច្រក​ឆ្នាំងគ្មាន» រហូតដល់ផលិតបានអង្ករច្រើន សម្រាប់នាំចេញទៅក្រៅប្រទេស។

ចំណែក ឯតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល លោកទី សុគន្ធវិញ ក៏បានជំរុញ លើកទឹកចិត្តដល់រាជរដ្ឋាភិបាល ក្នុងការធ្វើចលនាឱ្យប្រជាកសិករពង្រីក ការធ្វើកសិកម្មប្រកបដោយសុវត្ថិភាពឱ្យបានទូលំទូលាយនៅទូទាំងប្រទេស។ ក្នុងនោះ រួម​មានការអនុវត្តការ​ធ្វើកសិ​កម្មល្អ (Good Agricultural Practice- GAP) និងកសិកម្មសរីរាង្គជាដើម​។

លោកសុគន្ធបានលើកឡើងថា៖«យើងផ្តោតទៅលើប្រភេទពូជ។ យើងមានឱ​កាសធ្វើបាន​ច្រើនជាង​ប្រ​ទេស​ផ្សេងៗ​ទៀត ដោយសារតែយើងមិនទាន់ប្រើប្រាស់ជីថ្នាំគីមីច្រើនហួសហេតុដូចប្រទេសមួយចំនូននោះទេ»។

លោកប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ បានយល់ស្របថា នាពេលបច្ចុប្បន្ននេះ​កម្ពុជា​លែង​បារ​ម្ភពី​បញ្ហាសន្តិសុខស្បៀងទៀតហើយ។ ប៉ុន្តែរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់លើសុវត្ថិភាពស្បៀង គុណភាពជី និង​ថ្នាំពុ​ល​កសិ​កម្ម ព្រោះថា កត្តាទាំងនេះប៉ះពាល់ទាំងគុណភាពដី ប្រព័ន្ធអេកូឡូហ្ស៊ី និងសុខភាព​របស់ពលរដ្ឋ។ ជីកសិកម្ម​និង​បន្លែ​ផ្លែឈើ ដែល​មាន​សារធាតុពុលខ្ពស់ ​អាច​ប៉ះពាល់ដល់សុខភាពពលរដ្ឋ​ រហូតបង្កឱ្យ​មាន​ជំងឺមហារីកក៏មាន។

លោកបញ្ជាក់ថា៖«ការពារប្រសើរជាងព្យាបាល។ ហេតុនេះប្រសិន​បើរដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ធានា​សុវ​ត្ថិ​ភា​ពម្ហូ​ប​អា​ហារ បន្លែ ផ្លែឈើ ត្រី សាច់ ​ជី និង​ថ្នាំពុ​លកសិកម្ម..​.វា​នឹ​ងធ្វើ​ឱ្យ​គោល​នយោ​បា​យ​គាំពា​រ​សង្គម​និង​លើក​កម្ព​ស់សុ​ខ​មាល​ភាពពលរដ្ឋមានប្រសិទ្ធភាព»៕