ភ្នំពេញ៖ ប្រជាពលរដ្ឋ​ប្រហែល ៦០០ គ្រួសារ ដែលមាន​ជីវភាព​ខ្វះខាត រស់នៅក្នុង​តំបន់​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់​ជុំវិញ​បឹង​ទន្លេសាប រួមទាំង​សហគមន៍​ដាច់ស្រយាល ឥឡូវនេះ មាន​បង្គន់​អនាម័យ ធន់​នឹង​អាកាសធាតុ តម្លៃ​សមរម្យ និង​អាច​ប្រើប្រាស់​បាន​ពេញ​មួយឆ្នាំ​។

នេះ​ជា​បង្គន់​អនាម័យ លើកទីមួយ​ ជា​ជំហាន​ដ៏​សំខាន់​មួយ ក្នុងការ​លើកកម្ពស់​សុ​ខ​ភាព​សាធារណៈ សេចក្តីថ្លៃថ្នូរ និង​ការរួមចំណែក​ការពារ​ធនធាន​ទឹកសាប​ដ៏​សំខាន់​របស់​កម្ពុជា​។

យោងតាម iDE Cambodia បាន​ឱ្យ​ដឹងថា​៖ «​សហគមន៍​នៅក្នុង​ខេត្តសៀមរាប កំពង់ឆ្នាំង ពោធិ៍សាត់ និង​កំពង់ធំ ដែល​ភាគច្រើន​ប្រឈមមុខ​នឹង​ទឹកជំនន់​ចន្លោះ​ពី ៤ ទៅ ៦ ខែ​ជា​រៀងរាល់ឆ្នាំ ឥឡូវនេះ​អាច​ទិញ​បង្គន់​អនាម័យ​ដែល​ធន់​នឹង​ទឹកជំនន់ ក្នុងតម្លៃ​សមស្រប​ទៅតាម លទ្ធភាព​របស់​គ្រួសារ​»។

ដំណោះស្រាយ​ទាំងនេះ មិន​ត្រឹមតែ​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​អនាម័យ​ល្អ​ប៉ុណ្ណោះ​ទេ ថែមទាំង​កាត់បន្ថយ​ការ​បន្ទោ​របង់​ពាសវាល​ពាសកាល និង​ទប់ស្កាត់​ការបំពុល​ប្រភពទឹក ដែល​បណ្តាលមកពី​ការ អនុវត្ត​អនាម័យ​មិនមាន​សុវត្ថិភាព​គំរាមកំហែង​ដល់​សុវត្ថិភាព​ទឹក​។

បឹង​ទន្លេសាប គឺជា​បឹង​ទឹកសាប​ដ៏​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍ ហើយ​ជា​ជម្រក​របស់​ប្រជាជន​កម្ពុជា​ជាង​បី​លាន​នាក់​។

ប៉ុន្តែ​អស់​ជាច្រើន​ទសវត្សរ៍​មកនេះ ហេដ្ឋារចនាសម្ព័ន្ធ​អនាម័យ​នៅមានកម្រិត ហើយ​ទឹកជំនន់ បាន​បង្ខំ​ឱ្យ​មនុស្ស រាប់ពាន់នាក់​បន្ទោ​រប​ង់ ពាសវាល​ពាសកាល ដែល​អាច​បំពុល​ប្រភពទឹក​ដ៏​សំខាន់ និង​បង្ក​ហានិភ័យ​ដល់​សុខភាព និង​សុវត្ថិភាព​ផ្ទាល់ខ្លួន​ក៏ដូចជា​សុខភាព​សាធារណៈ​។

នៅក្នុងតំបន់ដែលអង្គការ iDE បានធ្វើការ អត្រាគ្របដណ្តប់ អនាម័យនៅតាមទីជនបទ បានកើនឡើងពី ២៣% ក្នុងឆ្នាំ ២០០៩ រហូតដល់ ទៅជិត ៩០% ក្នុងឆ្នាំ ២០២៤។ រូបថត សហការី

អង្គការ iDE Cambodia បាន​ឱ្យ​ដឹងថា ខ្លួន​បាន​រចនា​ដំណោះស្រាយ​បង្គន់​អនាម័យ​ប្រកបដោយ​នវានុវត្តន៍​មួយ​នោះ​គឺ បង្គន់​ខ្ពស់​សុវត្ថិភាព (Sky Latrine) ដែល​ត្រូវបាន​បង្កើតឡើង​ជាពិសេស​សម្រាប់​បរិបទ​ទឹកជំនន់​។

ដោយ​សាងសង់​នៅក្នុង ផ្ទះ​ដែល​សង់​ខ្ពស់​ផុតពី​ទឹក និង​ធន់​នឹង​ទឹកជំនន់ បង្គន់​ទាំងនេះ​ផ្តល់​ជម្រើស​អនាម័យ​ដែល​អាច​ប្រើប្រាស់​បាន​គ្រប់​រដូវ កាល​។

លោក Tyler Kozole នាយក​កម្មវិធី​ទឹកស្អាត និង​អនាម័យ (WASH) ប្រចាំ iDE កម្ពុជា បាន​ថ្លែង​ថា​៖ «​បង្គន់​ខ្ពស់​សុវត្ថិភាព បាន​ជួយ​ការពារ​សុខភាព​សាធារណៈ ព្រមទាំង​ផ្តល់​ឯកជន​ភាព ផាសុកភាព និង​​សុវត្ថិភាព​ផ្ទាល់ខ្លួន​ដល់​ប្រជាជន ជាពិសេស​សម្រាប់​អ្នក​ដែលមាន​បញ្ហា​ក្នុងការ​ធ្វើដំណើរ ដូចជា​មនុស្ស​ចាស់ ជន​មាន ពិការភាព និង​កុមារ​ជាដើម​»។

លោក​បាន​បន្ដថា​៖ «​ការ​ដែលមាន​បង្គន់​នៅក្នុង​ផ្ទះ ជួយ​ការពារ​ពួកគេ​ពី​ភាពចាំបាច់​ដែល​ត្រូវតែ​ធ្វើដំណើរ ឆ្លង​ចេញទៅ​ក្រៅ​ផ្ទះ ដែល​ត្រូវ​លិច​ទឹក នៅ​រដូវវស្សា​ដើម្បី​បន្ទោ​របង់​»​។

ជាមួយនឹង​ការគាំទ្រ​ពី​រដ្ឋាភិបាល​អូស្ត្រាលី តាមរយៈ​មូលនិធិ Water for Women រួមជាមួយ​ថវិកា​ពី​សហភាព អឺរ៉ុប ព្រះវិហារ​នៃ​ព្រះ​យេស៊ូ​វ​គ្រី​ស្ទនៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​មូលនិធិ Vitol អង្គការ iDE បាន​ពង្រីក វិសាលភាព​របស់ខ្លួន គ្របដណ្តប់​សហគមន៍​ដែល​រស់នៅក្នុង​បរិស្ថាន​ងាយ​រងគ្រោះ​ដោយសារ​អាកាសធាតុ​។

ជាមួយនឹង​យុទ្ធសាស្ត្រ​ផ្អែកលើ​ទីផ្សារ អង្គការ iDE បណ្តុះបណ្តាល​សហគ្រិន​ក្នុង​តំបន់​ឱ្យ​ផលិត និង​ចែកចាយ​បង្គន់ អនាម័យ​ធន់​នឹង​អាកាសធាតុ ព្រមទាំង​លើកកម្ពស់ ការផ្លាស់ប្តូរ​ឥរិយាបថ​របស់​គ្រួសារ​នីមួយៗ តាមរយៈ​ភ្នាក់ងារ​លក់​ចុះ​ផ្សព្វផ្សាយ​តាម​ខ្នង​ផ្ទះ ព្រមទាំង​ពង្រឹង​អភិបាលកិច្ច​មូលដ្ឋាន ដោយ​ការកសាង​សមត្ថភាព​អាជ្ញាធរ មូលដ្ឋាន​ដែល​គេ​ស្គាល់​ថា​ជា «​វីរៈជន​អនាម័យ​» ដើម្បី​ដឹកនាំ និង​ទ្រទ្រង់​ការលើកកម្ពស់​អនាម័យ​។

អស់ជាច្រើនទសវត្សរ៍មកនេះ ហេដ្ឋារចនាសម្ព័ន្ធអនាម័យនៅមានកម្រិត ហើយទឹកជំនន់ បានបង្ខំឱ្យមនុស្ស រាប់ពាន់នាក់បន្ទោរបង់ ពាសវាលពាសកាល ដែលអាចបំពុលប្រភពទឹកដ៏សំខាន់ និងបង្កហានិភ័យដល់សុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួនក៏ដូចជាសុខភាពសាធារណៈ។ រូបថត សហការី

ក្នុងនោះដែរ iDE បាន​បង្កើត និង​អនុវត្ត​យន្តការ​ឧបត្ថម្ភ​ធន​សម្រាប់​គ្រួសារ​ដែល​ខ្វះខាត និង​ជា​គ្រួសារ​ដែល​ងាយ​រងគ្រោះ​បំផុត ដោយសារ​អាកាសធាតុ និង​សេដ្ឋកិច្ចសង្គម អាចមាន​បង្គន់​អនាម័យ​ផ្ទាល់ខ្លួន​។

អ្នកស្រី ឈូ អែម អាយុ ៦៥ ឆ្នាំ រស់នៅ​ឃុំ​កំពង់​ឃ្លាំង ខេត្តសៀមរាប មាន​បញ្ហា​ដោយសារ​ភ្នែក​របស់គាត់​មើល​អ្វី លែងឃើញ​កាលពី​ពីរ​ឆ្នាំមុន​។

គាត់​បាន​មានប្រសាសន៍ថា​៖ «​ចៅ​ខ្ញុំ ឬ​អ្នកណា​ក៏ដោយ​ដែល​នៅផ្ទះ ធ្លាប់​នាំ​ខ្ញុំ​ទៅ ព្រៃ​។ ឥឡូវនេះ មាន​បង្គន់ អនាម័យ វា​មាន​ភាពងាយស្រួល​ជាង​មុន​ច្រើនណាស់​។ ខ្ញុំ​លែង​ចាំបាច់​សុំឱ្យ​អ្នកណា ម្នាក់​នាំ​ខ្ញុំ​ទៅ ឬ​បារម្ភ​ថា​ពួកគេ​នឹង​ធុញទ្រាន់ នឹង​ខ្ញុំ​ទៀតហើយ​»​។

ចាប់តាំងពី​ឆ្នាំ ២០០៩ មក អង្គការ IDE កម្ពុជា បាន​ជួយ​សម្រួលការ​ផ្គត់ផ្គង់​បង្គន់​អនាម័យ​ប្រមាណ​ជាង ៤១២,០០០ គ្រួសារ​នៅតាម​ជនបទ និង​ផ្តល់​ជម្រើស​បង្គន់​អនាម័យ​ជាច្រើន​ប្រភេទ ដែល​ត្រូវបាន​រចនា​ឡើង យ៉ាង​ពិសេស​សមស្រប​ទៅ តាម​ភូមិសាស្ត្រ និង​ស្ថានភាព​សេដ្ឋកិច្ច​របស់​អ្នកប្រើប្រាស់​។

នៅក្នុង​តំបន់​ដែល​អង្គការ iDE បានធ្វើការ អត្រា​គ្របដណ្តប់ អនាម័យ​នៅតាម​ទីជនបទ បាន​កើនឡើង​ពី ២៣% ក្នុង​ឆ្នាំ ២០០៩ រហូតដល់ ទៅជិត ៩០% ក្នុង​ឆ្នាំ ២០២៤​។

ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អង្គការ IDE បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម ដ៏​សំខាន់​មួយទៀត​នោះ​គឺ​៖ ការគ្រប់គ្រង​កាកសំណល់ (Fecal Sludge Management - FSM)​។

នៅពេល​ដែល​លូ​បង្គន់​ពេញ ហើយ​គ្មាន​សេវាកម្ម​បូម​លូ​ដែលមាន​សុវត្ថិភាព និង​តម្លៃ​សមរម្យ​ទេនោះ គ្រួសារ​ជាច្រើន​​ក៏ដូចជា​អ្នកផ្តល់​សេវា​បូម​លូ នឹង​ងាកទៅរក​ការចាក់ចោល​កាកសំណល់​ទៅក្នុង​បរិស្ថាន​ជុំវិញ គ្មាន​សុវត្ថិភាព និង​មិនបាន​កំចាត់​មេរោគ​ជាមុន​។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អង្គការ IDE បាន​ណែនាំ​ដំណោះស្រាយ ការគ្រប់គ្រង​កាកសំណល់​ពីរ​ប្រភេទ​៖ ប្រព័ន្ធ​លូ​ឆ្លាស់​សុវត្ថិភាព (Alternating Dual Pit ADP) និង​សេវាកម្ម រ​លូ​សុវត្ថិភាព​នៅនឹងកន្លែង​។

ចំពោះ ADP គឺជា​ការបង្កើត​រណ្តៅ​លូ​មួយ​បន្ថែមទៀត​ទៅក្នុង​ប្រព័ន្ធ​ដែលមាន​ស្រាប់​។ នៅពេលដែល​រណ្តៅ​មួយ​ពេញ វា​ត្រូវបាន​សម្លាប់​មេរោគ ដោយ​ប្រើ​កំបោរ ហើយ​បិទ​ជិត និង​ផ្អាក​ប្រើប្រាស់​ក្នុង​រយៈពេល​ពី ២ទៅ ៥ឆ្នាំ និង​បង្វែរ​ការបន្ត​ការប្រើប្រាស់​ជាមួយនឹង​លូ​បន្ថែម​ថ្មី​។

ការធ្វើ​បែបនេះ ប្រជាពលរដ្ឋ​​អាច​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន បច្ចុប្បន្ន មានគ្រួសារ​ប្រមាណ ២២,០០០ នៅតាម​ជនបទ​កំពុង​ប្រើប្រាស់ ប្រព័ន្ធ​លូ​ឆ្លាស់​សុវត្ថិភាព​នេះ​។

ចំណែកសេវាកម្ម​ស្តារលូ​សុវត្ថិភាព​នៅនឹងកន្លែង គឺ ការកែលម្អ​ទំលាប់​គ្រប់គ្រង សំណល់​បែប​បុរាណ ដោយ​ការជីក​កប់​សំណល់​នៅក្បែរ​រណ្តៅ​លូ​។

សេវា​កម្មនេះ មាន​រួមបញ្ចូល​គោលការណ៍ ណែនាំ​អំពី​៖ ទីតាំង​កប់​កាកសំណល់​ដែល​មិន​បំពុល​ដល់​ទឹក ក្រោម​ដី សម្លាប់​មេរោគ​ដោយ​ប្រើ​កំបោរ ការប្រើប្រាស់​ឧបករណ៍​ការពារ​ខ្លួន និង​គោលការណ៍​នៃ​ការតំឡើង ដែល​មិន​នាំឱ្យ​មានការ​ប៉ះពាល់​ដល់​ស​មា​ជិ​ក​គ្រួសារ​ឡើយ​។

សេវាកម្ម​ស្តារលូ​សុវត្ថិភាព​នៅនឹងកន្លែង​នេះ បាន​ជួយ​ប្រជាជន ជិត ១៥០ ខ្នង​ផ្ទះ​នៅក្នុង​ខេត្ត សៀមរាប​ឱ្យ​គ្រប់គ្រង​កាកសំណល់​ដោយ​សុវត្ថិភាព​តាមរយៈ​អ្នកផ្តល់​សេវាកម្ម​ដែលជា​ម្ចាស់​អាជីវកម្ម​ផលិត​បង្គន់​ក្នុង ស្រុក​ដែល​បាន​បណ្តុះបណ្តាល​ត្រឹមត្រូវ​។

លោក Kozole បាន​បន្ថែមថា​៖ «​គ្មាន​សុវត្ថិភាព​ទឹក​ទេ ប្រសិនបើ​គ្មាន​ការគ្រប់គ្រង​អនាម័យ​ប្រកបដោយ​សុវត្ថិភាព និង​ធន់​នឹង​អាកាសធាតុ​»​។

លោក​បាន​បន្ថែមថា​៖ «​តាមរយៈ​ការធ្វើការ​រួមគ្នា​ជាមួយ​សហគ្រិន​ក្នុង​តំបន់ សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន យើង​កំពុង​ជួយ​កម្ពុជា​ឱ្យ​អភិវឌ្ឍន៍​ពី​ការទទួលបាន​សេវាកម្ម​អនាម័យ​កម្រិត​"​មូលដ្ឋាន​" ទៅជា ការទទួលបាន​សេវាកម្ម​អនាម័យ​ដែល​ហៅថា "​ការគ្រប់គ្រង​កាកសំណល់​" ព្រមទាំង​ការការពារ​សហគមន៍ ទាំងមូល​»៕