
ក្រុមការងារអង្គការសំអាតទន្លេ សមុទ្រ(River Ocean Cleanup)ប្រមូលសំណល់ប្លាស្ទិក នៅក្នុងទន្លេ នៃរាជធានីភ្នំពេញ នាពេលថ្មីៗនេះ។ រូបថត River Ocean Cleanup
ភ្នំពេញៈ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» គឺជាប្រធានបទ ដែលត្រូវបានជ្រើសរើស ក្នុងការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា នៅថ្ងៃព្រហស្បតិ៍ ស្អែកនេះ ខណៈពេលដែលមានក្តីកង្វល់ពីកំណើន និងផលប៉ះពាល់ពីសំណល់ប្លាស្ទិក ទាំងនៅកម្ពុជា និងពិភពលោក។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យាបានឱ្យដឹងថា ការជ្រើសរើសប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក Beat Plastic Pollution» នេះគឺធ្វើឡើងស្របតាមបរិបទសកល និងស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសកម្ពុជាដែលកំពុងប្រឈមនឹងបញ្ហាការកើនឡើងនៃសំណល់ប្លាស្ទិក ដែលកំពុងតែក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរដោយសារតែការកើនឡើងនៃការប្រើប្រាស់ផលិតផលប្លាស្ទិកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
លោកមានប្រសាសន៍ថា៖«ការបំពុលដោយប្លាស្ទិកមិនត្រឹមតែប៉ះពាល់ដល់សោភ័ណភាពទីក្រុង និងជនបទប៉ុណ្ណោះទេ តែថែមទាំងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី សុខភាពសាធារណៈ និងសេដ្ឋកិច្ចជាតិផងដែរ។ ប្រធានបទនេះ គឺជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងលើនេះ»។ ក្រៅពីនោះ វាក៏ជាការ អំពាវនាវឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយបញ្ហាសំណល់ប្លាស្ទិក និងឆ្ពោះទៅរកការកាត់បន្ថយការបំពុលដោយប្លាស្ទិកឱ្យបានជាអតិបរមា។
ក្រសួងព្រះបរមរាជវាំង គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញសហការគ្នាប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥មិថុនា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះមហាក្សត្រ នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងសង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។
ក្រសួងបរិស្ថានបានឱ្យដឹងថា ទិវានេះរៀបចំឡើង ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំង ប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្សនិស្សិត និងសាធារណជនទាំងអស់ចូលរួមឱ្យបានផុសផុល ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងសំរាមប្លាស្ទិក ដើម្បីរួមគ្នាការពារភពផែនដីឱ្យមានភាពស្អាតបៃតង និងចីរភាព ដែលជាឧត្តមប្រយោជន៍ដល់សង្គម និងមនុស្សជាតិគ្រប់ជំនាន់។

នៅក្នុងទិវានេះ ក៏មានរៀបចំពិព័រណ៍ដាក់តាំងបង្ហាញពីសមិទ្ធផលនិងផលិតផលនានារបស់ក្រសួងស្ថាប័នក្រុមហ៊ុននិងអង្គការដៃគូអភិវឌ្ឍវិស័យបរិស្ថានចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ខែមិថុនានេះ។
នៅត្រឹមឆ្នាំ២០៥០ សំណល់រឹងទីក្រុងក្នុងពិភពលោក ត្រូវបានគេប៉ាន់ប្រមាណថា អាចកើនឡើង ដល់៣,៤ ពាន់លានតោន ដែលបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ី សេដ្ឋកិច្ច និងសុខុមាលភាពរបស់មនុស្ស។ នៅទូទាំងពិភពលោក សំណល់ប្លាស្ទិកជាង៨លានតោន ដែលរួមមានប្រភេទស្នោរផងនោះ បានកំពុងតែបំពុលសមុទ្រ ជារៀងរាល់ឆ្នាំ។ ការបំពុលនេះ បានសម្លាប់សត្វសមុទ្ររាប់លានក្បាលក្នុង១ឆ្នាំៗ។ អង្គការសហប្រជាជាតិបានឱ្យដឹងថា នៅឆ្នាំ២០៥០ ចំនួនប្លាស្ទិក នឹងកើនឡើងច្រើនជាងចំនួនត្រីក្នុងមហាសមុទ្រ។
ដោយឡែកម្ពុជាវិញ សំរាមចំនួន៤លានតោនក្នុងមួយឆ្នាំត្រូវបានបង្កើត ដែលក្នុងនោះ ៦០ភាគរយ ជាសំណល់សរីរាង្គ និង ២០ ភាគរយ ជាសំណល់ប្លាស្ទិក ដែលភាគច្រើនជាប្រភេទប្លាស្ទិកប្រើបានតែមួយដង រួមមាន ប្រអប់ស្នោ ដប និងថង់ប្លាស្ទិក។ ក្រៅពីនោះ ២០ភាគរយ ជាសំណល់ផ្សេងៗ និងការបោះសំរាមចោលមិនត្រឹមត្រូវ។
អង្គការអភរិក្សសមុទ្រកម្ពុជា (MCC)បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ សំណល់ប្លាស្ទិកមានដូចជា ស្បែងជើង ដែកកេះ ដបជ័រ និងប្រភេទស្នោបានបក់បោកមកទើរនៅតាមឆ្នេរ នៃកោះអាចម៍សេះ ក្នុងខេត្តកែប។ សំរាមទាំងអស់នេះភាគច្រើនមកពីលំហូរទឹកសមុទ្រ ដែលនាំយកកំទេចកំទី ពីតំបន់ឆ្នេរឆ្ងាយៗ រួមទាំងសកម្មភាពរបស់មនុស្សផងដែរ ទោះបីជាមានការសំអាតជាប្រចាំក៏ដោយ។

មន្រ្តីមន្ទីរបរិស្ថាន រាជធានីភ្នំពេញ និងអង្គការដៃគូបានប្រមូលសំរាមសំណល់ប្លាស្ទិក ក្នុងខណ្ឌសែនសុខ ដើម្បីចូលរួមអបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា។ រូបថត ក្រសួងបរិស្ថាន
អង្គការបានអំពាវនាវថា៖«វាដល់ពេលហើយដែលយើងត្រូវគិតពីការបំពុលដោយប្លាស្ទិក កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងប្រភេទស្នោរ ចូលរួមសំអាត និងផ្សព្វផ្សាយ រាល់សកម្មភាពទាំងនេះអាចជួយទាំងក្នុងតំបន់ និងសកលលោក»។
ក្រសួងបរិស្ថាន ក៏បានចាប់ផ្តើមធ្វើយុទ្ធនាការសំអាតផ្លូវជាតិ« ផ្លូវជាតិគ្មានសំរាមប្លាស្ទិក»ផងដែរ ចាប់ពី ខែមករា ឆ្នាំ២០២៥នេះមក។ នៅមុននេះ ក្រសួងក៏បានបើកយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន»ផងដែរ។
ក្រសួងបានលើកឡើងថា យុទ្ធនាការកាត់បន្ថយប្លាស្ទិកនៅកម្ពុជានេះ បានជួយកាត់បន្ថយការនាំចូលប្លាស្ទិកបានចំនួនជាង ៨០ភាគរយ ក្នុងឆ្នាំ២០២៤។ លើសពីនោះ វាក៏បានជួយកាត់បន្ថយសំរាម/ប្លាស្ទិក រាយប៉ាយតាមដងផ្លូវបានប្រមាណ៨០ ភាគរយផងដែរ បើធៀបនឹងឆ្នាំ ២០២៣៕