
និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញចូលរួមក្នុងវេទិកាមួយ នៅភ្នំពេញកាលពីឆ្នាំ២០២៣។ ក្រសួងមុខងារសាធារណៈ
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងក្រុមគ្រួសារបរិច្ចាគដីទំហំ ២ ហិកតា តម្លៃជាង ១០លានដុល្លារ និងសាងសង់អន្តេវាសិកដ្ឋានសម្រាប់និស្សិតស្ត្រីក្រីក្រដែលមកពីបណ្ដាខេត្តនានាមកបន្តការសិក្សានៅភ្នំពេញ។
ការសម្រេចនេះធ្វើឡើងក្រោយពេលលោកជួបជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី នៅព្រឹកថ្ងៃទី៤ មិថុនានេះ។
លោកបង្ហោះសារនៅលើហ្វេសប៊ុកថា៖ «ព្រឹកមិញ ខ្ញុំបានដឹកនាំការប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី។ ក្រៅពីការផ្តល់ជាអនុសាសន៍ ខ្ញុំបានសម្រេចក្នុងនាមជាមេគ្រួសារ ដើម្បីកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្តមកបន្តការសិក្សានៅរាជធានីភ្នំពេញ»។
លោកបន្តថា៖ «បន្ទាប់ពីការពិភាក្សាជាមួយភរិយា និងកូនស្រី ខ្ញុំយកការសម្រេច យកដី ២ហិកតា ដែលទិញតម្លៃជាង ១០លានដុល្លារ សម្រាប់សាងសង់ស្ថានីយទូរទស្សន៍បាយ័ននៅជ្រោយចង្វារប្រគល់ជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្ទេវាសិកដ្ឋាន»។
អន្តេវាសិកដ្ឋាននេះមាន ១២០បន្ទប់ អាចទទួលនិស្សតស្ត្រីស្នាក់នៅបាន ៥០០នាក់ ដោយក្នុងមួយបន្ទប់អាចស្នាក់នៅ៤នាក់។ បន្ថែមពីលើនេះក៏មានប៉ុស្តិ៍សុខភាពនៅជាន់ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យជម្ងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការផងដែរ។ ក្រោយការសាងសង់នឹងប្រគល់ជូនជាសម្បត្តិរដ្ឋគ្រប់គ្រងដោយក្រសួងកិច្ចការនារី។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា យល់ឃើញថា នេះជាកាយវិការសប្បុរសធម៌របស់ប្រធានព្រឹទ្ធភា និងការគិតគូររបស់លោកលើការលើកកម្ពស់ និងរួមចំណែកបង្កើតលក្ខខណ្ឌសមប្រកបដើម្បីជួយឲ្យនិស្សិតស្រីក្រីក្រមានកន្លែងស្នាក់នៅដើម្បីបន្តការសិក្សា ដើម្បីកសាងអនាគតខ្លួនឯងនិងចូលរួមដល់ការអប់រំនៅកម្ពុជា។
លោកបន្តថា ការជួយនេះក៏នឹងជួយកាត់បន្ថយគម្លាតនៃវសមភាពយែនឌ័ររវាងនិស្សិតស្រីនិងនិស្សិតប្រុស ដែលអាចចូលរួមចំណែកជាវិជ្ជមានទៅរកការអភិវឌ្ឍប្រទេសឲ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
យ៉ាងណាក៏ដោយ លោកសំណូមពរថា៖ «ដើម្បីឲ្យពួកគាត់បានរៀនសូត្រឲ្យបានចប់ចុងចប់ដើមបន្ថែមទៅលើការមានកន្លែងស្នាក់នៅ គួរបន្ថែមអាហារូបករណ៍ឲ្យពួកគាត់ ដើម្បីឲ្យពួកគាត់មានទុន និងធនធានដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ»៕